ភ្នំពេញៈ កម្មករ​រោងចក្រ​យីងហីហ្គាមេនខូអិលធីឌី ជាង​ ១ ​ពាន់នាក់ នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ពី​ម្សិលមិញ បាន​ផ្ទុះ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់​អតីតភាព​ការងារ ខណៈ​កម្មករ​រោងចក្រ​កាត់ដេរ​តៃអ៊ីហ្ស៊ី​ជិត​ ៥ ​ពាន់​នាក់ នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ផ្ទុះ​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​ ៥ កាលពី​ថ្ងៃទី​ ១២ មករា បាន​បញ្ឈប់​ការតវ៉ា ក្រោយ​រោងចក្រ​យល់ព្រម​ទូទាត់​ផ្នែក​ខ្លះ​តាម​ការទាមទារ​។

ការប្រមូលផ្តុំ​តវ៉ា​ពី​ម្សិលមិញ​របស់​កម្មករ​កម្មការិនី​ជាង​ ១ ០០០ នាក់ ​នៃ​រោងចក្រ​យីងហី​ (​ខេមបូឌា) ហ្គាមេនខូអិលធីឌី​នេះ បន្ទាប់ពី​រោងចក្រ​បានគេច​វេះ​ក្នុង​ការផ្តល់ប្រាក់​បំណាច់​អតីតភាព​ការងារ​របស់​កម្មករ ដែល​បាន​សន្យាថា នឹង​បើក​ផ្តល់ជូន​កម្មករ​នៅ​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ការអះអាង​របស់​អ្នកស្រី​ប្រុញ ចន្ទី កម្មការិនី​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ការតវ៉ា​។

អ្នកស្រី​បញ្ជាក់ថា​៖ «​យើង​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ឆ្នាំ ២០១៩ និង​ឆ្នាំ​ ២០២០ ដែល​កាល​មុន​រោងចក្រ​បាន​សន្យា​ផ្តល់ជូន​កម្មករ​នៅ​ឆ្នាំ​ ២០២១ ​នេះ ដោយ​លើក​មូលហេតុ​ថា រង​ផលប៉ះពាល់​ពី​វិបត្តិ​កូវីដ​ ១៩​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២១ ​នេះ​បែរ​ជា​រោងចក្រ​ប្រកាស​ពន្យារពេល ដោយ​មិនមាន​ពេល​កំណត់​ក្នុង​ការបើកប្រាក់​ទាំង​នេះ​ជូន​កម្មករ​ទៅវិញ​»​។

ដោយឡែក​ការតវ៉ា​ទាមទារ​លក្ខខណ្ឌ​ និង​អត្ថប្រយោជន៍​រហូត​ដល់​បិទ​ផ្លូវជាតិ​លេខ​ ៥ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​ ១២ មករា បាន​បញ្ឈប់​សកម្មភាព ហើយ​ក្រោយពី​រោងចក្រ​យល់ព្រម​ទូទាត់​ផ្នែក​ខ្លះ​នៃ​លក្ខខណ្ឌ​។

លោក​ ប៉ុន ឡៃ មេឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ មករា​ ថា កម្មករ​ជិត ​៥ ០០០ ​នាក់​ បាន​ផ្ទុះ​ការតវ៉ា​ដោយ​ប្រមូលផ្តុំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​ ៥ នៅ​ចំណុច​រោងចក្រ​កាត់ដេរ​តៃអ៊ីហ្ស៊ី ស្ថិត​ក្នុងភូមិ​ទន្សាយគល់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក​បញ្ជាក់ថា​៖ «​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ គាត់​បាន​ផ្ទុះ​ធ្វើ​កូដកម្ម ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ ២ ​ចំណុច​គឺ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​ជួស​ការឈប់​សម្រាក​ប្រចាំឆ្នាំ​។ ខ្ញុំ​មិនដឹង​ដែរ​ថា ហេតុអ្វី​បាន​គាត់​តវ៉ា​ទាមទារ​ប្រាក់​ទាំងនេះ ប៉ុន្តែ​យ៉ាងណា​ពួកគាត់​ក៏​បាន​បញ្ឈប់​តវ៉ា ក្រោយ​មាន​ការចុះ​សម្របសម្រួល​ពី​អភិបាលខេត្ត​ពោធិ៍សាត់ លោក​ ម៉ៅ ធនិន​»​។

លោក​ កុល ប៊ុនធឿន ប្រធាន​ស្តីទី​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តពោធិ៍សាត់​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៣ មករា​ថា ការទាមទារ​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ គឺ​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​យោងតាម​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ​ជា​បន្តបន្ទាប់ គឺ​ប្រាក់​នេះ​ត្រូវ​បាន​សម្រេច​ផ្អាក​។

ចំណែក​ការទាមទារ​ប្រាក់​ជួស​ការឈប់​សម្រាក​ប្រចាំឆ្នាំ​វិញ លោក​បញ្ជាក់​ថា ជាទូទៅ​ច្បាប់​មិន​តម្រូវ​ឱ្យ​រោងចក្រ​ទូទាត់​ជា​លុយ​នូវ​ការឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដែល​កម្មករ​នៅសល់​នោះ​ទេ គឺ​រោងចក្រ​ត្រូវ​រក្សា​ថ្ងៃ​ឈប់សម្រាក ដែល​កម្មករ​នៅសល់​ក្នុង​ ១ ​ឆ្នាំ មាន​ ១៨ ​ថ្ងៃ​នេះ​បន្តទៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ប៉ុន្តែ​លោក​ថា​ដោយសារតែ​ទម្លាប់​របស់​រោងចក្រ​ខ្លះ​មិនបាន​កំណត់​ពេលវេលា ឬ​រៀបចំ​ពេលវេលា​ជាក់លាក់​ឱ្យ​កម្មករ​បាន​ឈប់សម្រាក​ប្រចាំឆ្នាំ ទើប​រោងចក្រ​ទាំងនោះ​សម្រេច​ទូទាត់​ជា​លុយ​ជូន​កម្មករ​។

លោក​ថា​៖ «​គោលការណ៍​របស់​ក្រសួង​គឺ​មិន​តម្រូវឱ្យ​ទូទាត់​ជា​លុយកាក​ទេ ដោយ​គោលការណ៍​ក្រសួង​តម្រូវ​ឱ្យ​រោងចក្រ​ហ្នឹងឯង រៀបចំ​ថ្ងៃ​ឈប់សម្រាក​ជូន​បងប្អូន កម្មករ បាន​ន័យ​ថា ១ ​ខែ មាន​ថ្ងៃ​ឈប់សម្រាក​ ១ ​ថ្ងៃ​កន្លះ​។ ប៉ុន្តែ​ដោយសារតែ​ខាង​រោងចក្រ​នេះ​មិន​បាន​រៀបចំ ដោយ​គាត់​យក​ពេលវេលា​ហ្នឹង​ឱ្យ​កម្មករ​ធ្វើការ​បំពេញ​ផលិតភាព​របស់ខ្លួន​។ អ៊ីចឹង​ទម្លាប់​របស់​រោងចក្រ​នេះ គាត់​ធ្លាប់​ទូទាត់​ឱ្យ​កម្មករ​ដល់​ពេល​គាត់​អត់​ទូទាត់​ឱ្យ​កម្មករ ក៏​ផ្ទុះ​ការតវ៉ា​ទាមទារ​»​។

បើតាម​លោក​ កុល ប៊ុនធឿន ដោយសារ​តែ​ក្រុមហ៊ុន​យល់​ព្រម​ទូទាត់​ការទាមទារ​របស់​កម្មករ​នូវ​ប្រាក់​ជួស​ការឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​កម្មករ​សល់​ប្រចាំឆ្នាំ ដូច្នេះ​នៅ​ថ្ងៃ​ទៅ​ទី​ ១៥ មករា រោងចក្រ​កាត់ដេរ​ តៃអ៊ីហ្ស៊ី នឹង​ទូទាត់​ប្រាក់​ទាំងនេះ​ជូន​កម្មករ​ទាំងអស់ ហើយ​កម្មករ​ក៏​ឯកភាព​ក្នុង​ការទទួល​យក​ដោយ​បញ្ឈប់​ការតវ៉ា​។

លោក​ ប៉ាវ ​ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា​ករណី​កម្មករ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ គឺ​មិន​ខុសច្បាប់​នោះទេ ព្រោះ​កម្មករ​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព ទើប​ពួកគាត់​ទាមទារ​ឱ្យ​ខាង​រោងចក្រ​ពិចារណា​ផ្តល់​ប្រាក់​ទាំងនេះ​ដល់​ខ្លួន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​រោងចក្រ​ដែលមាន​លទ្ធភាព បើក​ផ្តល់ប្រាក់​រំឭក​អតីតភាព ឬ​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ សូម​អនុវត្ត​នូវ​ការបើក​ទៅ​ដើម្បី​ទប់ស្កាត់​ការទាមទារ​តវ៉ា​ផ្សេងៗ ព្រោះ​ការទាមទារ​នេះ​គឺជា​អត្ថប្រយោជន៍ ដែល​គង់តែ​ផ្តល់ជូន​គាត់​»​។

លោក ​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា រឿង​កម្មករ​រោងចក្រ យីងហីហ្គាមេនខូអិលធីឌី នៅ​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ គឺ​ក្រសួង​កំពុង​សម្របសម្រួល​ និង​ដោះស្រាយ​បន្ត​៕