The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មកររោងចក្រ​ ៣៥ នាក់​របួស​ធ្ងន់ ​និង​ស្រាល​ ក្រោយ​រថយន្ត ២ បុក​គ្នា

កម្មកររោងចក្រ​ ៣៥ នាក់​របួស​ធ្ងន់ ​និង​ស្រាល​ ក្រោយ​រថយន្ត ២ បុក​គ្នា

Content image - Phnom Penh Post
កម្មករ​-កម្មការិនី ​​រងរបួស​ធ្ងន់និង​ស្រាល​​ដោយសារ​រថយន្តដឹកសីុម៉ងត៍និង​រថយន្ត​ដឹក​កម្មករ​-កម្មការិនីរោងចក្រ​បុកគ្នា ម្សិលមិញ​។ ហ្វេសប៊ុក

កម្មកររោងចក្រ​ ៣៥ នាក់​របួស​ធ្ងន់ ​និង​ស្រាល​ ក្រោយ​រថយន្ត ២ បុក​គ្នា

កំពង់ស្ពឺ:​ កម្មករ​-​កម្ម​ការិនី​ចំនួន​ ៦ ​នាក់​ បាន​រង​របួស​ធ្ងន់​ និង​​ប្រមាណ​ ២៩ នាក់​រង​របួស​ស្រាល​ក្រោយ​ពី​រថ​យន្ដ​ដឹក​ស៊ីម៉ងត៍ និង​រថយន្ដ​ដឹក​កម្មករ​រោង​ចក្រ​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​កាល​ពី​ម្សិល​មិញ​​នៅ​លើ​ផ្លូវ​ជាតិ​លេខ​ ៤១ ​នៅ​ ភូមិ​តា​ដែង​ចាស់ ឃុំ​ពោធិ៍ម្រាល ស្រុក​បសេដ្ឋ។

លោក​សៀម​ ឃុន​លី​ អធិការរង​នគរ​បាល​ស្រុក​បសេដ្ឋ ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​រថ​យន្ដ​ដឹក​កម្មករ​រោង​ចក្រ​ចំនួន​សរុប​ ៣៥ ​នាក់​​និង​រថយន្ដ​ដឹក​ស៊ីម៉ងត៍បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​ បាន​បុកគ្នា​ប៉ុន្ដែ​មិន​មាន​អ្នក​បាត់បង់​ជីវិត​ទេ។

លោក ​សៀម​ ឃុន​លី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា កម្ម​ការិនី​ចំនួន​ ៦ ​នាក់​បាន​រង​របួស​ធ្ងន់​ ដោយ​បាក់​ដៃ ​និង​បាក់​ជើង ​និង​​ចំនួន ​២៩ ​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​ស្រាល។​

​លោក​បន្ត​ថា​ ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ថា ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ស៊ីម៉ងត៍មួយ​គ្រឿ​ង​ទំនង​ជា​ស្វែង​រក​កន្លែង​ប៉ះ​កង់។​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ស្រាប់​តែ​រថយន្ត​ដឹក​ស៊ីម៉ងត៍បត់​ចូល​កន្លែង​ប៉ះ​កង់​រថ​យ​ន្ត ប៉ុន្ដែ​មិន​បាន​មើល​មុខ​ក្រោយ​ត្រឹមត្រូវ​ទេ​ បាន​បត់​ចូល​តែ​ម្ដង​ បណ្ដាល​ឲ្យ​រថ​យន្ត​ដឹក​កម្មករ​ចាប់​​ ហ្រ្វាំង ​មិន​ទាន់​ ក៏​បាន​បុក​គ្នាយ៉ាង​ពេញ​ទំហឹង។

លោក​ ឃុន​លី​ បញ្ជាក់​ថា៖​ «​ពេល​បុក​គ្នា​ភា្លមៗ​ហ្នឹង​ គឺ​សមត្ថ​កិច្ច​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បាន​ហៅ​រថ​យន្ត​សង្គ្រោះ​ប​ន្ទាន់​មក​ ហើយ​ក៏​ដឹក​ទៅ​ភ្នំពេញ​ខ្លះ ​ដឹក​ទៅ​មន្ទីរពេទ្យ​ស្រុក​បសេ​ដ្ឋ​​ខ្លះ ​និង​ដឹក​ទៅ​មន្ទី​រ​ពេទ្យ​ខេត្ត​កំពង់​ស្ពឺ​​ខ្លះ។​ ឥឡូវ​ គាត់​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​អស់​ហើយ ​អត់​មាន​អ្នករង​គ្រោះ​ដល់​អាយុ​ជីវិត​​អ្វីទេ»​។​

​លោក ​ប៉ាវ​ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​បន្ដ​បន្ទាប់​ និង​ជា​រៀង​រាល់​ថ្ងៃ ​មិន​ត្រឹមតែ​រថ​យន្ត​ដឹក​កម្មករ​ប៉ុណ្ណោះ​ទេ។​ ក្នុង​នោះ ​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើ​ង​ទៅ​លើ​កម្ម​ករមា​ន​ច្រើន​ករ​ណី​ធំៗ ​ជា​ពិសេស​នៅ​ខេត្ត​កំពង់​ស្ពឺ ​និង​ខេត្ត​ស្វាយ​រៀង ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង។​

លោក​ ស៊ី​ណា​ បន្ត​ថា​ ភាគី​ពាក់​ព័ន្ធ​ គួរ​ជំរុញ​រក​វិធី​ទប់​ស្កាត់​បន្ថែម​ទៀត​ ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ជាង​នេះ ​ព្រោះ​បញ្ហា​​ចរាចរណ៍​បាន​និង​កំពុង​គំរាម​កំហែង​ស្មារតី​ និង​បន្ថយ​កម្លាំង​ពល​កម្ម​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ។​

Content image - Phnom Penh Post
រថ​យន្ត​ ២ គ្រឿង​ដែល​បុក​គ្នាលើផ្លូវ​ជាតិ​ ៤១​​។ សហការី

​លោក​ ​ស៊ី​ណា​ ថ្លែង​ថា​៖​ «​ខ្ញុំ​គិត​ថា​ ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​ក្រសួង​ការងារ​ សមា​គម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ​អ្នក​បញ្ជា​ទិញ ​និង​តំណាង​កម្មករ​ទាំង​អស់​ ត្រូ​វ​តែ​ចូល​តុ​ចរ​ចា​ រិះ​រកវិធី​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​នេះ​ ព្រោះ​បញ្ហា​ចរាចរណ៍​នេះ​វា​បាន​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត»។​

​លោក​ ជាវ​ ប៊ុន​រិ​ទ្ធ ​ប្រធាន​ការិយា​ល័យ​គោល​នយោ​បាយ​នៃ​បេឡា​ជាតិ​របប​សន្ដិ​សុខ​សង្គម​ ​(​ប​.​ស​.​ស)​ កាល​ពី​ម្សិល​​មិញ​ មិន​​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ទៅ​លើ​កម្ម​ករ​រោង​ចក្រ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្នុង​ឆ្នាំនេះ​បាន​ទេ។​

លោក​ ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិ​ភាព​ចរា​ចរ​ណ៍​​ផ្លូវ​គោក​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ថា​ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ការថយ​ចុះ​នៅ​ឡើយ​ នេះ​​ជា​ស​ញ្ញា​មួយ​បង្ហាញ​ថា ការ​គោ​រព​ច្បាប់​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង។​

​លោក​ ស ខេង បាន​បញ្ជាក់​ថា​៖​ «​ខ្ញុំ​យក​ឱកាស​នេះ​ អំពាវនាវ​ដល់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់ ទាំង​ក្រុម​ហ៊ុន​ដឹកជញ្ជូន​មនុស្ស ​និង​ទំនិញ​ សូម​មេត្តា​ត្រួត​ពិនិត្យ​អ្នក​បើក​បរ​ មុន​នឹង​យក​ចូល​បម្រើ​ការងារ​ក្នុង​ក្រុម​ហ៊ុន​របស់​ខ្លួន​ ឬ​មុន​យក​ចូល​ត្រូវតែ​ទៅ​រៀន​ច្បាប់ និង​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ​ច្បាស់​លាស់ ហើយ​ត្រូវតែ​ពិនិត្យ​ឈាម​រក​សារធាតុ​ញៀន​ បើ​មាន​សារធាតុ​ញៀន ​សូម​មេត្តា​កុំ​យក​ចូល​ឲ្យ​ធ្វើការ​ជា​មួយ​ក្រុម​ហ៊ុន​ជា​អ្នក​បើក​បរ​ ព្រោះ​យើង​ដឹង​ថា​ បើ​សេព​គ្រឿង​ញៀន​ គឺ​វា​នឹង​ទៅ​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ប្រសាទ​យើង​ ហើយ​ឲ្យ​ទៅ​បញ្ជា​ឡាន​ត្រង់​ផ្លូវ​តាម​ច្បាប់​ដែរ​ ឬ​ទេ?»។​

​តា​ម​របាយ​ការណ៍​រប​ស់​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ ​(​ប​.ស​.ស​)​ នៃ​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​បាន​​ ប​ង្ហាញថា កម្មករ​និ​យោ​ជិ​ត​ ២ ពាន់​នាក់​ ក្នុង​ឆ្នាំ​ ២០១៨​ បាន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទូទាំង​ប្រទេស ​ក្នុង​នោះ​កម្មករ​ស្លាប់​ ៤០ ​នាក់​ របួស​ធ្ងន់​ជាង​ ៣០០ នាក់​ ហើយ​ចំនួននេះ​​បាន​ថយចុះ។

រីឯ​ការ​ដួល​សន្លប់​នៅតាម​រោងចក្រ​កើត​ឡើង​ជិត​ ២ ពាន់​នាក់​ ​កើន​ឡើង​ជាង​ ៤៦% ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៧៕​

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។