
កម្មកររោងចក្រ Y&W ក្នុងខណ្ឌដង្កោចេញពីធ្វើការ។ ហុង មិនា
កណ្ដាលៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងមន្ត្រីនៃសាលាខណ្ឌដង្កោបានបញ្ជាក់កាលពីម្សិលមិញថា កម្មកររោងចក្រចំនួន ៧១៦ នាក់នៅក្នុងអគារ ១ នៃរោងចក្រ វ៉ាយ&ដាប់បែលយូហ្គាមែន (Y&W Garment) មានលទ្ធផលអវិជ្ជមានកូវីដ ១៩ ក្រោយពីការធ្វើតេស្តកាលពីថ្ងៃទី ២ ខែមីនា បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ ១៩ លើកម្មករម្នាក់ក្នុងអគារនោះ។ រោងចក្រនេះស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលមានកម្មករបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងស្ត្រីកម្មករម្នាក់ដែលមានវិជ្ជមានកូវីដ១៩។
យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឱ្យដឹងថា៖ «កម្មករចំនួន ៧១៦ នាក់ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រីអាយុ ៤៨ ឆ្នាំ ដែលជាកម្មករបម្រើការងាររោងចក្រវ៉ាយ&ដាប់បែលយូហ្គាមែនដែលគាត់មានវិជ្ជមានកូវីដ ១៩ គឺមានលទ្ធផលអវិជ្ជមានទាំងអស់»។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មការិនីដែលមានលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ម្នាក់កាលពីថ្ងៃទី ១ ខែមីនា ធ្វើការនៅក្នុងអគារ D8 ដែលបានឆ្លងពីកូនរបស់គាត់ដែលបានប៉ះពាល់ជាមួយចិន ដូចនេះហើយបានជាការយកសំណាកនេះគឺតម្រូវសម្រាប់តែកម្មករដែលធ្វើការក្នុងអគារមួយនេះប៉ុណ្ណោះ ហើយក៏ខាងរដ្ឋបាលរោងចក្របានសម្រេចផ្អាកការងារក្នុងអគារ D8 នេះផងដែរ ប៉ុន្តែសម្រាប់អគារផ្សេងក្នុងរោងចក្រនេះគឺនៅតែបន្តការងារធម្មតាដដែល។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា លទ្ធផលជាបឋមដែលលោកស្រីទទួលបានពីមន្ត្រីពេទ្យគឺការធ្វើតេស្តកម្មករទាំងអស់នេះគឺ អវិជ្ជមាន ហើយមិនមានអ្នកបន្តធ្វើតេស្តទៀតទេ។
ចំណែកលោក កេង ថា នាយករដ្ឋបាលខណ្ឌដង្កោបានប្រាប់ឱ្យដឹងផងដែរថា កម្មករសរុបនៅក្នុងរោងចក្រវ៉ាយ&ដាប់បែលយូហ្គា មែននេះមានជាង ៥ ០០០ នាក់ ប៉ុន្តែចំពោះកម្មករដែលបានធ្វើតេស្តជាង ៧០០ នាក់ កាលពីថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២១ គឺដោយសារមានកម្មការិនីម្នាក់មានតេស្តវិជ្ជមានកូវីដ ១៩ ទើបពួកគាត់តម្រូវឱ្យមានការធ្វើតេស្តចំពោះកម្មករដែលធ្វើការក្នុងអគារជាមួយនឹងស្ត្រីអ្នកជំងឺនេះ។
លោក កេង ថា មិនអាចផ្តល់ព័ត៌មានយ៉ាងណាអំពីវិធានការផ្អាករោងចក្រទាំងស្រុងឬយ៉ាងណានោះទេ គឺមានតែខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះដែលអាចសម្រេចថា ផ្អាក ឬយ៉ាងណា។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងបានទេនៅថ្ងៃម្សិលមិញនេះ ស្របពេលដែលលោក ជួន វុឌ្ឍី ប្រធានមន្ទីរការងាររាជធានីភ្នំពេញបដិសេធមិនធ្វើអត្ថាអធិប្បាយលើរឿងនេះឡើយ។
លោក កេង ថា បានប្រាប់ទៀតថា សម្រាប់ការធ្វើតេស្តចំពោះកម្មករ-កម្មការិនីនៅអគារផ្សេងក្នុងរោងចក្រនេះយ៉ាងណាទៀតនោះ គឺខាងជំនាញមន្ត្រីសុខាភិបាលនឹងពិនិត្យមើលបន្តទៀត ដោយសារជំហានដំបូងនេះគឺអាជ្ញាធរយកសំណាកចំពោះអ្នកដែលមានការពាក់ព័ន្ធតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «កម្មការិនីដែលរកឃើញមានតេស្តវិជ្ជមានកូវីដ ១៩ គឺគាត់ឆ្លងពីកូនប្រុសរបស់គាត់ដែលធ្វើការជាមួយជនជាតិចិនដែលមានតេស្តវិជ្ជមានកូវីដ ១៩»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញដោយបានច្រានចោលពាក្យចចាមអារ៉ាមផ្សព្វផ្សាយថា មានកម្មកររោងចក្រក្នុងស្រុកអង្គស្នួលមានឆ្លងកូវីដ ១៩ នោះ គឺជារឿងមិនពិត ហើយលោកបានអះអាងថា មិនមានករណីវិជ្ជមានកូវីដ ១៩ កើតមានក្នុងរោងចក្រណាមួយក្នុងខេត្តនេះទេ ហើយខាងអាជ្ញាធរស្រុកក៏មិនមានរបាយការណ៍ពីករណីនេះដែរ។
លោកបានប្រាប់ថា៖ «យើងតែងតែតាមដានករណីនេះជានិច្ច ប៉ុន្តែមិនមានរបាយការណ៍ណាមួយថាមានករណីវិជ្ជមានកើតមាននៅរោងចក្រក្នុងស្រុកអង្គស្នួល និងកន្លែងផ្សេងទៀតក្នុងខេត្តយើងទេ ប៉ុន្តែនៅថ្ងៃស្អែកនេះ ខាងក្រុមការងារសុខាភិបាលនឹងចុះយកសំណាកពីអ្នកវិនិយោគជនជាតិចិនប្រមាណជា ១ ០០០ នាក់ ដែលធ្វើការនៅតាមបណ្តារោងចក្រក្នុងស្រុកអង្គស្នួលដើម្បីធ្វើតេស្តរកវីរុសកូវីដ ១៩»។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការយកសំណាកនេះគឺក្នុងគោលបំណងដើម្បីឱ្យកម្មករ-កម្មការិនីមានទំនុកចិត្ត និងមិនមានការបារម្ភ ភ័យព្រួយពីការឆ្លងជំងឺនេះ ដោយសារតែក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈជាព្រឹត្តិការណ៍ដែលពាក់ព័ន្ធជនជាតិចិន។ មួយវិញទៀត ការយកសំណាកនេះក៏ជាការស្នើសុំពីអ្នកវិនិយោគជនជាតិចិននៅតាមបណ្តារោងចក្រនេះដែរ ហើយកន្លងមកខាងអាជ្ញាធរក៏បានយកសំណាកជាបន្តបន្ទាប់ស្ទើរតែទូទាំងខេត្តហើយ ហើយលទ្ធផលមកដល់ពេលនេះ គឺលទ្ធផលល្អ។
លោកបានមានប្រសាសន៍ថា៖ «សម្រាប់ខេត្តកណ្តាលនេះ យើងបានយកសំណាក និងបានធ្វើតេស្តបានប្រមាណជា ៣ ០០០ សំណាក ពិនិត្យមើលរួចហើយដែលពួកគាត់ជាអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលដែលយើងមានការសង្ស័យ ហើយក៏មិនទាន់មានករណីវិជ្ជមានដែរ»។
អភិបាលខេត្តរូបនេះបានបន្ថែមថា អាជ្ញាធរខេត្តនៅតែបន្តធ្វើការតាមដាន ផ្សព្វផ្សាយ និងការពារមិនឱ្យមានការរីករាលដាលនៃជំងឺកូវីដ ១៩ នេះចូលក្នុងសហគមន៍ក្នុងខេត្តកណ្តាលឡើយ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញនេះបានឱ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនឆ្លងក្នុងព្រឹត្តិការណ៍នេះកើនដល់ ៣៧៤ នាក់ ខណៈមានអ្នកជាសះស្បើយ ៤ នាក់នៅថ្ងៃម្សិលមិញនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង ៣៤ នាក់ មានជនជាតិខ្មែរ ១៥ នាក់ វៀតណាម ២ នាក់ និងក្រៅពីនេះជាជនជាតិចិន។
គិតត្រឹមថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២១ នេះ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៨៧៨ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨២ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៩៦ នាក់៕