សៀមរាបៈ កម្មករ​ក្រុមហ៊ុន​វីហ្គ្រីន ខូ​ល​អិលធីឌី​ប្រមាណ​ជាង​ ២០០ ​នាក់​ដែល​ធ្វើការ​សម្អាត​តំបន់​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប​បាន​យល់ព្រម​បញ្ឈប់​ការតវ៉ា និង​បាន​ចូលធ្វើការ​ធម្មតា​វិញ​កាលពី​ព្រឹក​ម្សិលមិញ ក្រោយពី​ថៅកែ​ក្រុមហ៊ុន​បាន​យល់ព្រម​ដំឡើង ១៥ ដុល្លារ​លើ​ប្រាក់ខែ​គោល​របស់​ពួកគេ​ និង​បាន​ដោះស្រាយ​តាម​ការទាមទារ​មួយ​ចំនួន​ទៀត​របស់​កម្មករ​។

កាលពី​ថ្ងៃទី​ ៤ ខែ​មករា ឆ្នាំ​ ២០១៩ កម្មករ​ក្រុមហ៊ុន​ វីហ្គ្រីន ខូលអិលធីឌី ដែល​ធ្វើការ​សម្អាត​នៅ​តាម​តំបន់​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​សៀមរាប​ជាង​ ២០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ដើម្បី​អំពាវនាវ​ទៅ​ប្រមុខ​រដ្ឋាភិបាល និង​ថៅកែ​ក្រុមហ៊ុន​ឲ្យ​ជួយ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​ពួកគេ​ទទួល​បាន​ពី ៨០ ​ដុល្លារ​ឲ្យ​ដល់ ១៧០ ដុល្លារ​ក្នុង​​ ១ ​ខែ​។

ក្រៅពី​ការទាមទារ​ដំឡើង​ប្រាក់ខែ​ពួកគេ​ក៏​ទាមទារ​លក្ខខណ្ឌ​ការងារ​ជាង ១០ ចំណុច​ដូចជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ និង​ការ​បាន​ឈប់សម្រាក​នៅ​ថ្ងៃ​បុណ្យជាតិ​ជាដើម​។

លោក គា ទួត តំណាង​កម្មករ​ដែល​បម្រើការ​ក្នុង​ក្រុមហ៊ុន​ វីហ្គ្រីន ខូលអិលធីឌី​ជិត ១០ ​ឆ្នាំ​មក​ហើយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​ ៥ ខែ​មករា​ថៅកែ​ក្រុមហ៊ុន​ព្រម​ចរចា​ជាមួយ​តំណាង​កម្មករ ដោយ​ក្នុង​នោះ​ភាគី​ក្រុមហ៊ុន​យល់​ព្រម​ដំឡើង​ប្រាក់ខែ ១៥ ​ដុល្លារ​ពី​លើ​ប្រាក់ខែ​គោល​ដែល​កម្មករ​ទទួល​បាន​។

លោក​បន្ត​ថា ​ក្រៅពី​យល់ព្រម​ដំឡើង​ប្រាក់ខែ​នេះ​ខាង​ក្រុមហ៊ុន​ក៏​យល់ព្រម​តាម​សំណើ​របស់​កម្មករ​លើ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

តំណាង​កម្មករ​រូប​នេះ​បញ្ជាក់​ថា​រហូត​មក​ដល់​ថ្ងៃទី ៦ មករា​ម្សិលមិញ​កម្មករ​ទាំងអស់​បាន​ព្រមព្រៀង​គ្នា​ទទួល​យក​ដំណោះស្រាយ​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ និង​បាន​ចូលធ្វើការ​ជាធម្មតា​វិញ​ហើយ​។

លោក​និយាយ​ថា៖ «​កម្មករ​គាត់​យល់ព្រម​ទាំងអស់​គ្នា​ហើយ​ជាង ២០០ ​នាក់​ដែល​ខាង​ក្រុមហ៊ុន​គាត់​ឡើង​ឲ្យ​មិន​មាន​អ្នក​ជំទាស់​ទេ ហើយ​ល្ងាច​ហ្នឹង​ (​ថ្ងៃ​អាទិត្យ​) ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​ខាង​ក្រុមហ៊ុន គាត់​បាន​សន្យា​ឡើង​ឆ្នាំ​ ២០១៩ ​នេះ ១៥ ​ដុល្លារ ហើយ​ឆ្នាំ​បន្តបន្ទាប់​ឡើង ២០ ​ដុល្លារ និង​អ្នក​ដែល​ប្រាក់ខែ​ទាប​ឆ្នាំ​ក្រោយ​ហ្នឹង​ឡើង​ឱ្យ​បាន ១២០ ដុល្លារ​គ្រប់​គ្នា​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ វីហ្គ្រីន ខូលអិលធីឌី លោក ហៀង ណារិន បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ ចំណែក​លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​សុំ​មិន​ធ្វើ​អធិប្បាយ​អ្វី​ទាំងអស់​ជុំវិញ​ករណី​នេះ​ដោយ​បង្វែរ​សំណួរ​ទៅ​ខាង​ក្រុមហ៊ុន​។

ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​លោក ម៉ម រិទ្ធី ដែល​តាមដាន​ករណី​នេះ​បាន​និយាយ​ថា បើ​មាន​ការចរចា​ហើយ​មាន​ការ​សម្រេច​របស់​កម្មករ​ក្នុង​ការទទួល​យក​លក្ខខណ្ឌ​តាម​ការព្រមព្រៀង​នោះ​គឺជា​សិទ្ធិ​របស់​ពួកគាត់​។ តែ​លោក​អះអាង​ថា​បច្ចុប្បន្ន​ប្រាក់ខែ​ដែល​ទាប​បែប​នេះ​មិន​អាច​ធ្វើឱ្យ​ជីវភាព​របស់​កម្មករ​មាន​ភាព​ល្អប្រសើរ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​មិន​គួរ​ឲ្យ​កើតមាន​បុគ្គលិក​ទទួល​បាន​ប្រាក់ខែ​ប៉ុណ្ណឹង​ទេ​ឃើញ​ថា​នេះ​នៅក្នុង​ខេត្ត​សៀមរាប​ទៀត​ដែល​ជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់​ពី​វិស័យ​ទេសចរណ៍​ដែល​ចំណូល​ចូល​បាន​រាប់សែន​លាន​ដុល្លារ ដូច្នេះ​ថា្នក់​ដឹកនាំ​ប្រទេស​គួរ​យកចិត្ត​ទុកដាក់ និង​មិន​ត្រូវ​សម្រេច​ឲ្យ​ប្រាក់ខែ​ពួកគាត់​ប៉ុណ្ណឹង​ទេ​»​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ថា​ករណី​នេះ​ក្រសួង​បាន​ចុះ​ទៅ​សម្របសម្រួល​ និង​បាន​ដាក់​កំហិត​ឲ្យ​អនុវត្ត​តាម​ការស្នើសុំ​របស់​តំណាង​កម្មករ ហើយ​ក្រសួង​នឹង​បន្ត​សម្របសម្រួល​រឿង​នេះ​បន្ត​ទៀត​។

លោក​បញ្ជាក់​ថា​៖ «​ករណី​ក្រុមហ៊ុន​ វីហ្គ្រីន នេះ​គឺជា​ការអនុវត្ត​នូវ​នីតិវិធី​វិវាទ​ការងារ​រួម​ដែល​មាន​ដីកា​រក្សា​ការពារ​ដើម្បី​ឲ្យ​កម្មករនិយោជិត​ដែល​ធ្វើ​កូដកម្ម​ខុស​នីតិវិធី​ចូល​ធ្វើការ​វិញ​ក្នុង​រយៈពេល ៤៨ ​ម៉ោង​។ ជាទូទៅ​ក្រុមហ៊ុន​អាច​ទទួល​យក​វិញ​រាល់​បុគ្គលិក​ទាំងអស់​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ មិន​រារាំង​បិទ​ផ្លូវ​ចេញចូល​រោងចក្រ មិន​គំរាមកំហែង​កម្មករ​ដែល​ចង់​ចូល​ធ្វើការ​»​។

បើ​តាម​តំណាង​កម្មករ ក្រុមហ៊ុន វីហ្គ្រីន ខូលអិលធីឌី គឺជា​ក្រុមហ៊ុន​ទទួល​បាន​គម្រោង​ពី​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ការសម្អាត​នៅ​តាម​តំបន់​ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​សៀមរាប​ដែល​ក្រុមហ៊ុន​នេះ​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​ ២០១៣ ដែល​មាន​កម្មករ​បម្រើការ​ចំនួន ៥៥១ នាក់​ហើយ​ភាគច្រើន​ជា​ស្ត្រី​។ ក្នុង​នោះ​កម្មករ​ទាំង​ជាង ៥០០ ​នាក់​នោះ​គឺ​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី ៨០ ដុល្លារ​ទៅដល់ ១៤០ ​ដុល្លារ​តាម​អតីតភាព​ការងារ​របស់​ពួកគាត់​៕