ព្រះសីហនុៈ កម្មករសំណង់​ជា​ជនជាតិខ្មែរ និង​ចិន​ជាង ៣០ ​នាក់ ​តំណាង​ឲ្យ​កម្មករ​ជាង​ ១០០ ​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​កាលពី​ថ្ងៃទី​ ៦ ខែ​មេសា ដើម្បី​ឲ្យ​ម្ចាស់​អគារ​ជា​ជនជាតិ​ចិន​កម្ពស់​ ២២ ​ជាន់​ស្ថិត​ក្នុង​ភូមិ​ ១ សង្កាត់​លេខ​ ៣ ក្រុង​​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​បើកប្រាក់​ខែ​ឲ្យ​ពួកគាត់​រយៈពេល ៤ ​ខែ​ដែល​មិនទាន់​បើក​ជាង​ ១០ ​ម៉ឺន​ដុល្លារ ខណៈ​ម្ចាស់​អគារ​សន្យា​ទូទាត់​នៅ​ថ្ងៃទី​ ១២ មេសា​ខាងមុខ​។

អ្នកស្រី គា ស្រីគុំ តំណាង​ឲ្យ​កម្មករ​ទាំងអស់ និង​ជា​អ្នក​បកប្រែ​ភាសា​ចិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ ខែ​​មេសា ថា​កម្មករ​ជា​ជនជាតិ​ខ្មែរ និង​ចិន ដែល​មកពី​ផ្នែក ពិតាន ការ៉ូ និង​លាបថ្នាំ​អគារ​បាន​ធ្វើការ​នៅ​អគារ​នេះ​តាំងពី​ខែ ១២ ឆ្នាំ​ ២០១៩ រហូតដល់​ពាក់កណ្តាល​ខែមីនា​។

អ្នកស្រី​បន្តថា អំឡុងពេល​ធ្វើការ​នោះ​ថៅកែ​ជា​ជនជាតិ​ចិន​មិន​បាន​បើកប្រាក់​ឲ្យ​ទាំងអស់​នោះ​ទេ ដោយ​សន្យា​ថា​នឹង​បើក​ឲ្យ​នៅពេល​បញ្ចប់​ការងារ​ដោយ​គ្រាន់តែ​បើក​ឲ្យ​កម្មករ​នូវ​ប្រាក់​សម្រាប់​ម្ហូប​ប៉ុណ្ណោះ​។

អ្នកស្រី​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​យូរណាស់​ហើយ​ដែល​គាត់​មិន​បើក​លុយ​ពួកខ្ញុំ គឺ​បើក​តែ​ម៉ាហូបៗ​រហូត​ដល់​កម្មករ​មួយចំនួន​ទៅ​ផ្ទះ​អស់​ខ្លះ ហើយ​នៅ​មេការ​កម្មករ និង​កម្មករ​មួយ​ចំនួន​ដែល​នៅចាំ​បើក​លុយ ហើយ​ថៅកែ​នៅតែ​សន្យាថា ឲ្យ​រង់ចាំៗ​រហូត​ផ្ទុះ​ការតវ៉ា​នេះ​»​។

លោក មាជ ណារី ជា​កម្មករសំណង់​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ននេះ​លោក​គ្មាន​លុយ​ទិញ​បាយ​ហូប​នោះទេ ព្រោះ​ម្ចាស់​អគារ​នេះ​មិន​ព្រម​បើក​លុយ​ឲ្យ​ខ្លួន​ដែល​ខំធ្វើការ​ជា​យូរ​ខែ​មកហើយ​។ លោក​បន្តថា នៅពេល​ដែល​មិនបាន​ទទួល​បាន​ប្រាក់ខែ សូម្បីតែ​គ្រួសារ​ស្ថិត​នៅ​ស្រុកកំណើត​ក៏​គ្មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ដែរ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​ធ្វើការ​នេះ​យូរហើយ ប្រហែល​ជា ៦ ទៅ ៧ ​ខែ​ហើយ​។ ខ្ញុំ​គ្មាន​អី​ទេ មាន​តែ​សំណូមពរ​ឲ្យ​ជួយផ្តល់​ដំណោះស្រាយ​ឲ្យ​មេជាង​ខ្ញុំ ហើយ​មេ​ខ្ញុំ ក៏​គាត់​មាន​លុយ​ផ្តល់​ឲ្យ​ខ្ញុំ​បន្តទៀត​។ រាល់​ថ្ងៃនេះ​ខ្ញុំ​នៅ​ផ្ទះ​ជួល​នេះ​ក៏​គ្មាន​លុយ​បង់​ផ្ទះ​ទៀត ដល់​ខែ​គេ​ហើយ ព្រោះ​សន្យា​មួយ​អាទិត្យ​មុន​នោះ​ថា​ដោះស្រាយ​ឲ្យ​ដល់​ពេល​ឥឡូវនេះ គ្មាន​បើក​សោះ​»​។

ថៅកែ​ជា​ជនជាតិ​ចិន​ដែល​ត្រូវបាន​កម្មករ​ចោទប្រកាន់​ថា មិនបាន​បើក​ប្រាក់ខែ​ឲ្យ​ពួកគាត់​មិន​អាច​រក​ប្រភព​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​នោះទេ​កាលពី​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​ ២០២០​។

លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៦ ខែមេសា ថា​ក្រោយ​ការតវ៉ា មន្ត្រី​នៃ​មន្ទីរ​ការងារ បាន​ចុះទៅ​អន្តរាគមន៍​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ក្នុង​នោះ​ម្ចាស់​សំណង់​កម្ពស់ ២២ ជាន់​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​នោះ​បាន​សន្យា​នឹង​ផ្តល់​ប្រាក់ខែ​ដល់​កម្មករ​របស់ខ្លួន​ជាង ១០០ នាក់​នោះ​នៅ​ថ្ងៃទី​ ១២ មេសា​ខាងមុខ​។

លោក​បន្ថែមថា នៅ​ថ្ងៃ​អង្គារ​នេះ​កម្មករ​ទាំងអស់​ក៏​នឹង​មក​ដាក់ពាក្យ​បណ្តឹង​នៅ​មន្ទីរ​ការងារ​បន្ថែមទៀត ដើម្បី​ឲ្យ​មន្ទីរ​ប្រមូល​តួលេខ​ត្រឹមត្រូវ និង​បន្ត​តាមដាន ដែល​លោក​លើកឡើង​ថា ក្នុងករណី​ដែល​ថៅកែ​អគារ​នេះ មិន​គោរព​តាម​ការសន្យា​ក្នុង​ការដោះស្រាយ​ដល់​កម្មករ​នោះ មន្ទីរ​ការងារ​ខេត្ត​នឹង​បន្ត​នីតិវិធី​ទៅតាម​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​យើង​បាន​កត់​កំណត់ហេតុ​អស់​ហើយ​នឹង​បន្ត​តាមដាន​ទៀត​នូវ​ការសន្យា​របស់​ថៅកែ​អគារ​ដែល​ថា​នឹង​ដោះស្រាយ​ដល់​កម្មករ​នៅ​ថ្ងៃទី​ ១២​។ ដោយសារតែ​ការដ្ឋាន​សំណង់​នេះ​មិន​ទាន់​ធ្វើ​ហើយ ១០០ ភាគរយ​ទេ ដូច្នេះ​មិនទាន់​មាន​ឈ្មោះ​នោះទេ ហើយ​ក៏​មិនដឹងថា គម្រោង​ធ្វើ​អី​ដែរ​»​។

លោក ខេមរា បាន​ឲ្យ​ដឹងថា​សំណង់​អគារ​នេះ​ត្រូវបាន​ថៅកែ​ជា​ជនជាតិ​ចិន​បាន​ជួល​ពី​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ដី​ដើម្បី​សាងសង់​អគារ​នេះ ប៉ុន្តែ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​អគារ​នេះ​មន្ទីរ​ការងារ​ខេត្ត​កំពុង​បន្ត​ការតាមដាន​។

អ្នកស្រី គា ស្រីគុំ រំពឹង​ថា​ដល់​ថ្ងៃ​កំណត់​នឹង​ទទួលបាន​ដំណោះស្រាយ ហើយ​ក្នុង​ករណី​ម្ចាស់​សំណង់​នេះ​នៅតែ​មិន​បើកប្រាក់​ខែ​ជូន​ពួកគាត់​ទៀត​កម្មករ​ទាំងអស់​នឹង​បន្ត​ប្រមូលផ្តុំ​គ្នា​ជាថ្មី​ទៀត​រួមទាំង​បន្ត​ស្វែងរក​កិច្ចអន្តរាគមន៍​ពី​មន្ទីរ​ការងារ​បន្ថែម​ទៀត​ផងដែរ​៕