ព្រះសីហនុៈ កម្មករសំណង់​ជិត​ ១០០ ​នាក់ ​ព្រម​ទទួលយក​ប្រាក់​ ១០០ ដុល្លារ​ ជា​បណ្តោះអាសន្ន ដើម្បី​បាន​ប្រាក់​ត្រឡប់​ទៅ​ស្រុកកំណើត បន្ទាប់ពី​ពួកគេ​តវ៉ា​នៅពេល​ការដ្ឋាន​សំណង់​ឈ្មោះ ថាយ សឿ ​ដែល​មាន​ថៅកែ​ជនជាតិ​ចិន ស្ថិតនៅ​ភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ផ្អាក​ការងារ​ពួកគេ ហើយ​បាន​បណ្តេញ​ពួកគេ​ចេញ​មិន​ឲ្យ​ស្នាក់​នៅក្នុង​ការដ្ឋាន​ដោយ​មិនទាន់​បើកប្រាក់​ឈ្នួល​ឲ្យ​។

កាលពី​រសៀល​ថ្ងៃទី​ ២៧ ខែ មីនា​ ឆ្នាំ​ ២០២០ មាន​កម្មករ​ជិត ១០០ ​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅក្នុង​ការដ្ឋាន​សំណង់​អគារ​កម្ពស់​ ១២ ​ជាន់ បន្ទាប់ពី​ថៅកែ​ជនជាតិ​ចិន​បាន​ផ្តាច់​ទឹក​ផ្តាច់ភ្លើង​នៅ​កន្លែង​ដែល​ពួកគាត់​ស្នាក់នៅ​បណ្តោះអាសន្ន​ហើយ​បង្ខំ​ឲ្យ​ពួកគាត់​ចាកចេញ​ដោយ​មិន​បើក​ប្រាក់ខែ​ឲ្យ​ពួកគាត់​។

អ្នកស្រី​ នឿ សុខគាំ កម្មករសំណង់​ដែល​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ចន្ទ​ថា អ្នកស្រី​បាន​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​នេះ​ជាង ១ ​ឆ្នាំ​មកហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ខាង​ក្រុមហ៊ុន​បាន​ជំរុញ​ឲ្យ​កម្មករ​ទាំងអស់​ថែម​ម៉ោង និង​ពន្លឿន​ការងារ​ឲ្យ​ឆាប់​ចប់​ដោយ​អះអាង​ថា ពេល​ចប់​ការងារ​នឹង​បើកប្រាក់​ឈ្នួល​សរុប​ជូន​កម្មករ​។ ប៉ុន្តែ​នៅពេល​មានការ​ផ្ទុះ​ជំងឺ​កូវីដ​ខាង​ថៅកែ​ចិន​បានប្រកាស​ឲ្យ​កម្មករ​ទាំងអស់ ឈប់​សម្រាក​ទៅផ្ទះ​ដោយ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ដែល​នៅ​សេសសល់​រយៈពេល​ជាង ២ ​ខែ​នោះ​ឲ្យ​ទេ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​យើង​ធ្វើការ​ទៅ​ឲ្យ​មេការ​ម៉ៅ​បន្តៗ​ដែលមាន​ការទទួល​បន្តៗ​គ្នា​ទៅតាម​ការងារ​ហើយ​ក្រុមហ៊ុន ចេះ​តែ​ឲ្យ​យើង​ធ្វើទៅៗ ចាំ​ចប់​ហើយ ចាំ​បើក​ទាំងអស់​។ ពេល​យើង​រៀប​ការ៉ូ​ទាំងយប់​ទាំង​ថ្ងៃ​ហើយ គេ​ថា អត់​មាន គេ​ផ្អាក​ការដ្ឋាន​ហ្នឹង​។ ប្រាក់​ឈ្នួល​ដែល​ពួកខ្ញុំ​ (​មេការ​) ​ត្រូវ​ទទួល​បាន​ក្នុង​ម្នាក់ៗ​ខ្លះ​ក៏ ២ ​ពាន់​ជាង​ក៏​ ៣ ​ពាន់​ជាង​»​។

អ្នកស្រី ពិសិដ្ឋ ធារ៉ា មេការ​សំណង់​ដែល​ទទួល​សាងសង់​ផ្នែក​រៀប​ឥដ្ឋការ៉ូ​ក្នុង​ការដ្ឋាន​នេះ និង​មាន​កម្មករ​មួយចំនួន​ថ្លែងថា បន្ទាប់ពី​កម្មករ​បាន​ផ្ទុះ​ការតវ៉ា ភាគី​ខាង​ក្រុមហ៊ុន​បាន​សម្រេច​ផ្តល់ជូន​កម្មករ​ក្នុង​ម្នាក់ៗ ១០០ ដុល្លារ ដើម្បី​ជា​សោហ៊ុយ ត្រឡប់​ទៅ​ផ្ទះ​សិន ហើយ​នៅ​ថ្ងៃទី​ ៣០ ខែ​មេសា​ខាងមុខ ក្រុមហ៊ុន​នឹង​ទូទាត់​សង​កម្មករ​បន្ថែមទៀត​។

អ្នកស្រី​សម្តែង​ក្តីបារម្ភ​ស្របពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា នៅ​ចំពោះមុខ គេ​ទូទាត់​ជូន​តែ​កម្មករ​ប៉ុណ្ណោះ ហើយ​ចំពោះ​មេការ​ដែល​ទទួល​ម៉ៅការ​បន្ត​នោះ​គឺ​មិនទាន់​មាន​ដំណោះស្រាយ​ទេ​។

អ្នកស្រី​បន្ថែមថា​៖ «​ខ្ញុំ​មាន​មេការ​ចិន​មួយទៀត​ទទួល​ពី​ក្រុមហ៊ុន​ផ្ទាល់ បន្ទាប់ពី​ខាង​ក្រុមហ៊ុន​បាន​ឲ្យ​ម្តង​ ៦ ០០០ ដុល្លារ​ យក​ទៅ​ចែកគ្នា​ម្នាក់​បន្តិចៗ ហើយ​គេ​ថា​យក​ប៉ុណ្ណឹង​ទៅ​ដោះស្រាយ​ម្ហូប​សិនទៅ ចាំ​ថ្ងៃ​ចន្ទ ចាំ​ដោះស្រាយ​ទៀត ដល់​ថ្ងៃ​ចន្ទ គេ​ឲ្យ​តែ​ ៣ ​ពាន់​ដុល្លារ​ទៀត​ទេ ហើយ​ចែក​កម្មករ​តែ​ម្នាក់ ១០០ ដុល្លារៗ​អស់រលីង​»​។

បើ​តាម​អ្នកស្រី ធារ៉ា ​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​នេះ​មិនទាន់​បើក​ជូន​ពួកគាត់ ដែល​មាន​អ្នកម៉ៅការ​ជាច្រើន​ក្រុម​ផ្សេងៗ​គ្នា និង​ក្រុមកម្មករ​ទាំងអស់​មាន​ចំនួន​សរុប​ប្រមាណ​ជាង​ ៣ ​ម៉ឺន​ដុល្លារ​ដែល​អ្នកស្រី​រំពឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ជួយ​អន្តរាគមន៍​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់ ហើយ​ក្នុង​ករណី​ដែល​ដល់​ថ្ងៃ​កំណត់​មិន​មាន​ដំណោះស្រាយ​នោះ កម្មករ​នឹង​បន្ត​ការតវ៉ា​បន្តទៀត​។

តំណាង​ក្រុមហ៊ុន ថាយ សឿ ដែលមាន​ថៅកែ​ជា​ជនជាតិ​ចិន​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង ដើម្បី​សួរនាំ​ពី​ករណីនេះ​បានទេ​។ ប៉ុន្តែ​ទោះយ៉ាងណា​បើ​តាម​អ្នកស្រី ចាម សុខគា ដែល​ទទួល​បាន​គម្រោង​ពី​ក្រុមហ៊ុន​ ថាយ សឿ នេះ​ផ្ទាល់​បញ្ជាក់​ថា លុយ​ដែល​ក្រុមហ៊ុន​មិនទាន់​បើក​ជូន​អ្នកស្រី ដើម្បី​បន្ត​ផ្តល់ជូន​អ្នកម៉ៅការ​ពី​អ្នកស្រី​បន្តទៀត​នោះ​មាន​ដល់​ទៅ​ជាង ៥ ​ម៉ឺន​ដុល្លារ​។

អ្នកស្រី​បន្តថា អ្នកស្រី​ក៏​រង់ចាំ​លុយ​ពី​ក្រុមហ៊ុន​នេះ​ទម្លាក់​មក​ឲ្យ​ដូចគ្នា ប៉ុន្តែ​ក្រុមហ៊ុន​បាន​ព្យាយាម​គេចវេះ និង​មិនព្រម​បើក​ឲ្យ​រហូត​។ អ្នកស្រី សុខគា បញ្ជាក់ថា លុយ​មិន​ព្រម​បើក​ថែម​ទាំង​ដេញ​កម្មករ​អ្នកស្រី​មិន​ឲ្យ​ស្នាក់​នៅក្នុង​ការដ្ឋាន​ទៀត​។ «​ឲ្យ​កម្មករ​ទាំងអស់ រើ​ចេញពី​ក្នុង​ការដ្ឋាន​ហ្នឹង​ទាំងអស់​ខ្លាច​ឆ្លង​ជំងឺ​កូវីដ ប៉ុន្តែ​អត់​បើកប្រាក់ អត់​ឲ្យ​លុយ​គេ គេ​ម៉េច​រើចេញ​បាន គេ​ធ្វើ​ការប្រើ​កម្លាំង​ពលកម្ម​របស់គេ អត់​មាន​លុយ​កម្មករ​ម៉េច​ព្រម​។ ខ្ញុំ​អាណិត​កម្មករ​ខ្ញុំ​ណាស់​ពួកគាត់​ស្រួល​និយាយ​គ្នា​ណាស់​។ កម្មករ​មក​ធ្វើការ គាត់​មាន​ប្រពន្ធ​មាន​កូន​ដល់ពេល​ដេញ​គាត់​ទៅផ្ទះ​អត់​មាន​លុយ​ទៅផ្ទះ​ម៉េច​ហើយ​ទៅ​មានអី​ហូប​»​។

លោក យ៉ូវ ខេមរា ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា មន្ត្រី​មន្ទីរ​ការងារ​នឹង​បន្ត​សម្របសម្រួល​ករណី​នេះ​បន្តទៀត​ខណៈ​ដែល​ក្រុមហ៊ុន​បាន​យល់ព្រម​ផ្តល់​សំណង​ខ្លះ​ជូន​កម្មករ និង​បន្ត​ដោះស្រាយ​ក្នុងពេល​ខាងមុខ​ទៀត​។ «​នេះ​ជា​រូបភាព​ការបន្ត​ការម៉ៅការ​ទេ ដោយសារ​តែ​ក្បត់​ទំនុកចិត្ត​សម្រាប់​អ្នកម៉ៅការ​បន្ត​ទៅ​អ្នកម៉ៅការ​ធំ​អ៊ីចឹង​ណា​។ ដល់ពេល​គាត់​មិនដឹង​ប្តឹង​អ្នកណា គាត់​មកប្តឹង​មន្ទីរ មន្ទីរ​ក៏​ជួយ​គាត់​ទៅ​។ យើង​ចាំមើល​សម្របសម្រួល​បន្ត​ទៀត​»៕