ភ្នំពេញ: កម្មករសំណង់ជាង ៣០០ នាក់បានប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភាកាលពីម្សិលមិញដាក់ញត្តិជូនតំណាងរាស្ត្ររបស់ខ្លួនទាមទារឲ្យមានវិធានការលើរដ្ឋាភិបាលរៀបចំគោលនយោបាយដែលអាចនឹងធានាបានសុវតិ្ថភាព និងសេរីភាពជូនកម្មករសំណង់ដែលបច្ចុប្បន្នត្រូវបានសង្កេតឃើញថាងាយរងគ្រោះ និងមិនមានលក្ខខណ្ឌការងារសមស្របបើប្រៀបទៅវិស័យដទៃមួយចំនួនដូចជារោងចក្រកាត់ដេរ។
ការប្រមូលផ្ដុំគ្នានេះបានធ្វើឡើងមួយថ្ងៃមុនថ្ងៃដែលរដ្ឋាភិបាលប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ខួបលើកទី ១៣១ ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ការលើកកម្ពស់សិទ្ធិសេរីភាព និងលក្ខខណ្ឌការងារកម្មករសំណង់»។
កម្មករសំណង់ទាំងនោះបានស្នើ ៥ ចំណុចដើម្បីដោះស្រាយបញ្ហាប្រឈមដែលកម្មករសំណង់ជួបប្រទះនៅក្នុងពេលបំពេញការងារនាពេលបច្ចុប្បន្ន។
ពួកគេទាមទារឲ្យរាជរដ្ឋាភិបាលចេញប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករសំណង់ សុខភាព និងសុវត្ថិភាព ដាក់បញ្ជូល និងពន្លឿនការអនុវត្តរបបសន្តិសុខសង្គម (បសស) ឲ្យបានឆាប់ និងឲ្យមានប្រសិទ្ធភាព និងការគ្រប់គ្រង និងអធិការកិច្ចលើក្រុមហ៊ុនម៉ៅការបន្ត និងធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ស្តីពីសហជីព។
លោក សុខ គីន ប្រធានស្តីទីសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាហៅកាត់ថា (BWTUC) បានឲ្យដឹងថាការងាររបស់កម្មករសំណង់នៅតែជួបបញ្ហាប្រឈមទាំងប្រាក់ឈ្នួល សុវត្ថិភាពការងារ និងសុខភាពជាដើម។
លោកថ្លែងថា៖ «បើនិយាយប្រាក់ឈ្នួលវិញគឺលើមាត់អ្នកម៉ៅការទេ គេឲ្យប៉ុន្មានយកប៉ុណ្ណឹងយើងដឹងហើយថាការងារមួយនេះប្រឈមខ្លាំង និងគ្រោះថ្នាក់ខ្លាំង»។

លោក គីន ថ្លែងថា៖ «បើនិយាយពីស្រ្តីវិញរឹតតែប្រឈមខ្លាំងគឺប្រាក់ឈ្នួលក៏តិចបើប្រៀបធៀបនឹងបុរសហើយជួនកាលធ្វើការទាំងមានផ្ទៃពោះនៅកន្លែងការងារសំណង់ដែលប្រឈមទៅនឹងគ្រោះថ្នាក់ខ្លាំងណាស់»។
លោកស្រី យ៉ាង សោភ័ណ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានអំពាវនាវដល់កម្មករសំណង់ដែលបានចូលរួមក្នុងការដាក់ញត្តិ ត្រូវតែក្រោកឈរឡើងដើម្បីទាមទារនូវអ្វីដែលពួកគេមានបញ្ហាប្រឈមដើម្បីរកដំណោះស្រាយឲ្យបានដូចគ្នាកម្មករក្នុងវិស័យកាត់ដេរដែលពួកគេខិតខំតវ៉ាទាមទាររហូតដល់មានការយកចិត្តទុកដាក់ក្នុងការចរចាប្រាក់ឈ្នួល។
លោកស្រី សោភ័ណ ថ្លែងថា៖ «បើយើងមិនទាមទារគេមិនដឹងថាយើងប្រឈមអីទេ អ៊ីចឹងបងប្អូនកម្មករក្រោកឈរឡើងដូចបងប្អូនក្នុងវិស័យកាត់ដេរដែលពួកគាត់បានតវ៉ាទាមទាររហូតដល់មានការចរចាប្រាក់ឈ្នួលរួមទាំងលក្ខខណ្ឌការងារឲ្យប្រសើរឡើងផងដែរ»។
កម្មការិនីសំណង់ម្នាក់ឈ្មោះ សង់ យម អាយុ ៤០ ឆ្នាំបាននិយាយថាអ្នកស្រីបានធ្វើការងារជាកម្មករសំណង់ជាង ១០ ឆ្នាំមកហើយៗការងារនេះប្រឈមគ្រោះថ្នាក់ខ្លាំងតែបានប្រាក់ឈ្នួល ២ ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានឲ្យដឹងដែរថាបញ្ហាប្រឈមរបស់កម្មករធ្វើការហួស ៨ ម៉ោងក៏មានក្នុងមួយថ្ងៃហើយគ្មានថ្ងៃសម្រាកទេបើនិយាយប្រាក់ឈ្នួលវិញគ្មានមូលដ្ឋានណាគិតឲ្យជាក់លាក់នោះទេដូច្នេះពួកគេត្រូវទទួលបានសិទិ្ធស្របច្បាប់ដូចកម្មករឯទៀត។
កម្មករក្នុងសំណង់នៅទូទាំងប្រទេសត្រូវបានគេប៉ាន់ស្មានថាមានជិត ២០ ម៉ឺននាក់ក្នុងនោះ ៣០ ភាគរយជាស្រ្តី៕