
សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីមានការចាក់សម្លាប់កម្មករសំណង់ម្នាក់។ រូបថត សហការី
កំពតៈ នគរបាលខេត្តកំពតបានបញ្ជូនកម្មករសំណង់ម្នាក់ក្នុងចំណោម ៧ នាក់ ទៅកាន់សាលាដំបូងខេត្តកំពតកាលពីម្សិលមិញពាក់ព័ន្ធនឹងករណីប្រើកាំបិតចាក់សម្លាប់កម្មករសំណង់ដូចគ្នានៅក្នុងជម្លោះផឹកស៊ីមួយនៅឧទ្យានជាតិព្រះមុនីវង្សបូកគោនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូកាលពីថ្ងៃទី ១៨ ខែមករា។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតបានថ្លែងកាលពីម្សិលមិញថា កម្លាំងសមត្ថកិច្ចខេត្តកំពតបានឃាត់ខ្លួនកម្មករម្នាក់ឈ្មោះ សៀង សារ៉ែន អាយុ ៣១ ឆ្នាំ ដែលបានប្រើកាំបិតចាក់សម្លាប់ កម្មករម្នាក់ទៀតកាលថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ វេលា ម៉ោងប្រហែល ១០ យប់ បន្ទាប់ពីជនសង្ស័យបានទាស់សម្តីជាមួយជនរងគ្រោះនៅឃុំបឹងទូក ស្រុកទឹកឈូ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា៖ «ករណីហ្នឹងគាត់ឈ្លោះគ្នា ហើយចាក់សម្លាប់។ គាត់បានផឹកស៊ីស្រវឹង ដៀមដាមឲ្យគ្នា ហើយក៏ឈ្លោះគ្នា ហើយចាក់សម្លាប់ទៅ។ យើងបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណីហិង្សាបណ្តាលឲ្យស្លាប់»។
លោកស្នងការបានឲ្យដឹងថា ក្រុមជនសង្ស័យ ១ ក្រុម បានផឹកស៊ីឈ្លោះប្រកែកគ្នារហូតធ្វើសកម្មភាពចាក់លើជនរងគ្រោះឈ្មោះ ធី សុធា ភេទប្រុសអាយុ ៣១ ឆ្នាំរស់នៅភូមិនាងគង្ហីង សង្កាត់សំបួមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាមដែលមកធ្វើជាកម្មករនៅទីនេះ បណ្តាលរងរបួសធ្ងន់ចំនួន ២ កន្លែង ហើយជនរងគ្រោះបានស្លាប់តាមផ្លូវពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុនៅម៉ោង ១១ យប់ថ្ងៃទី ១៨ ខែមករា កម្លាំងសមត្ថកិច្ចបានឃាត់ក្រុមជនសង្ស័យចំនួន ៧ នាក់ ហើយសាកសួរពួកគេដែលក្នុងនោះមានអ្នកដែលបានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតមែន។ លោកបន្ថែមថា៖ «យើងឃាត់ខ្លួនបាន ៧ នាក់ ក៏ប៉ុន្តែយើងសួរនាំ និងស្រាវជ្រាវទៅ យើងឃើញមានការពាក់ព័ន្ធតែម្នាក់ទេ ហើយជនសង្ស័យបានថ្លែងថាមានតែខ្លួនម្នាក់ទេ ដែលជាអ្នកចាក់សម្លាប់មិនមានពាក់ព័ន្ធជាមួយអ្នកដទៃនោះទេ»។
លោក ងួន ម៉ាច នាយប៉ុស្តិ៍ឃុំបឹងទូកថ្លែងថា ជនរងគ្រោះឈ្មោះ ធី សុធា ភេទប្រុសអាយុ ៣១ ឆ្នាំ រស់នៅភូមិ នាងគង្ហីង សង្កាត់សំបួមាស ក្រុងកំពង់ចាម បានស្លាប់តាមផ្លូវពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីជនសង្ស័យ ឈ្មោះ សៀង សារ៉ែន បានចាក់លើជនរងគ្រោះនៅពេលអ្នកទាំង ២ បានផឹកស៊ីឈ្លោះប្រកែកគ្នា។ លោកបញ្ជាក់ថា៖ «នេះគឺជាករណីទី ១ ហើយដែលបានកើតឡើងនៅក្នុងឃុំរបស់យើងពីមុនមកយើងមិនដែលមានករណីបែបនេះកើតមានឡើយ»៕