ឧត្ដរមានជ័យៈ​ កម្មករ​ឡ​ឥដ្ឋ​ម្នាក់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​បាន​សុំ​ឲ្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ជួយ​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ​ដើម្បី​ជួយ​ស្វែងរក​យុត្តិធម៌ ករណី​មេ​បញ្ជាការ និង​មេបញ្ជាការ​រង​នៃ​កង​ពលតូច​លេខ ​៤ និង​ពលទាហាន ​៣ ​នាក់​​ទៀត ​ប្រើ​ហិង្សា​លើ​រូប​គាត់​បណ្ដាល​ឲ្យ​របួស​ធ្ងន់។ ​

លោក វ៉ាន់ ឆៃលី អាយុ ​២៧ ឆ្នាំ ជា​កម្មករ​បម្រើ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​ នៅ​ភូមិ​អូរឫស្សី សង្កាត់​-ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គាត់​​ត្រូវ​បាន​លោក​ឧត្ដមសេនីយ៍ទោ សន ស៊ា ​និង​លោក​ឧត្ដមសេនីយ៍ត្រី ចាន់ នី ដែល​ជា​មេ​បញ្ជាការ និង​ជា​មេ​បញ្ជាការ​រង​នៃ​កងពល​តូច​លេខ ៤ និង​ពល​ទាហាន ៣ នាក់​​ទៀត ប្រើ​ហិង្សា​លើ​រាង​កាយ ​និង​ចាប់​បង្ខាំង​គាត់​ទុក​ក្នុង​បន្ទាយ​យោធា​ដោយ​ខុស​ច្បាប់​អស់​ពេល​ជិត ​៥ ​ម៉ោង បន្ទាប់​ពី​គាត់​បដិសេធ​ដឹក​ឥដ្ឋ​ទៅ​ដាក់​ទីតាំង ​២ កន្លែង​ផ្សេង ផ្ទុយ​ពី​លិខិត​ទិញ​-លក់ រវាង​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ និង​ម្ចាស់​ដេប៉ូ​ដែល​គាត់​ទទួល​បាន។​

លោក ឆៃលី បាន​ថ្លែង​ថា កាល​ពី​​ថ្ងៃទី ​៣១​ ខែ កក្កដា ឆ្នាំ​នេះ ​គាត់​និង​មិត្ត​រួម​ការងារ ​៤ នាក់​ទៀត ​បាន​ដឹក​ឥដ្ឋ ​១៥ ០០០ ​ដុំ យក​ទៅ​ឲ្យ​អតិថិជន​ម្នាក់​តាម​ការ​បញ្ជា​ទិញ​របស់​ម្ចាស់​​ដេប៉ូ​លក់​គ្រឿង​សំណង់​ម្នាក់​ឈ្មោះ ដាំ​ វីរ៉ាសិទ្ធិ។

ក្នុង​ការ​បញ្ជា​ទិញ​នោះ ​ម្ចាស់​ដេប៉ូ​បាន​ឲ្យ​ពួក​គាត់​ទម្លាក់​ឥដ្ឋ​នៅ​ចំណុច​ចង្ក្រាន​យក្ស ក្នុង​ឃុំ​បឹងបេង ស្រុក​បន្ទាយ​អម្ពិល​ ដែល​ជា​ទីតាំង​ប្រមូល​​​ទិញ-លក់​ដំឡូង​មី​។ លុះ​ពួក​គាត់​ដឹក​ដល់​ទីតាំង​កំណត់​នោះ ​ក៏​បាន​ជួប​លោក​ឧត្ដមសេនីយ៍ទោ សន ស៊ា​ ​​ដែល​ជា​អ្នក​បញ្ជា​ទិញ​ឥដ្ឋ​ទាំង​នោះ​បន្ត​ពី​ម្ចាស់​ដេប៉ូ​ខាង​លើ​។ ​ពេល​នោះ លោក ស៊ា បាន​ឲ្យ​ពួក​គាត់​ទម្លាក់​ឥដ្ឋ​នៅ​ទីតាំង​ដែល​បាន​ព្រមព្រៀង​​គ្នា​ពី​មុន​មក​ចំនួន ៧ ០០០ ​ដុំ នៅ​សល់ ៨ ០០០ ​ដុំ យក​ទៅ​​ដាក់​ក្នុង​បន្ទាយ​ចំនួន ​៥ ០០០ ​ដុំ ​និង ​៣ ០០០ ដុំ​ទៀត ​យក​ទៅ​កន្លែង​ផ្សេង​ដោយ​ឲ្យ​កូន​ទាហាន​ម្នាក់​ចាំ​នាំ​ផ្លូវ​។

លោក ​ឆៃលី ​ថា៖ ​«ប្រាប់​ហើយ​គាត់ [សន ស៊ា] ​ក៏​ឡើង​រថយន្ត​បើក​ចេញ​ទៅ​បាត់»​។

លោក​បាន​បន្ត​ថា ដោយសារ​មាន​ការ​ប្រាប់​ឲ្យ​ដឹក​ឥដ្ឋ​យក​ទៅ​ទម្លាក់​ខុស​ទីតាំង​ដែល​បាន​កំណត់​គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ​ ពី​រឿង​នោះ ប៉ុន្តែ​ម្ចាស់​សិប្បកម្ម​បាន​ប្រាប់​ឲ្យ​គាត់​​ទម្លាក់​ឥដ្ឋ​ទាំង​អស់​នៅ​លើ​ទីតាំង​​​ដែល​​បាន​ព្រមព្រៀង​គ្នា​ពី​មុន​វិញ។ ពេល​នោះ​មាន​ពល​ទាហាន​ម្នាក់​បាន​ស្ដាប់​ឮ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​លោក ​ស៊ា ​ហើយ​លោក ស៊ា ក៏​បាន​សុំ​ជួប​និយាយ​ផ្ទាល់​ជាមួយ​គាត់​។​

យ៉ាងណា​ក្ដី លោក​ ឆៃលី មិន​បាន​ប្រាប់​លម្អិត​អំពី​កិច្ចសន្ទនា​រវាង​គាត់​ និង​លោក ស៊ា នោះ​ទេ​ ដោយ​គ្រាន់​តែ​ថា​ លោក ​ស៊ា ឲ្យ​ពួក​គាត់​​ដឹក​ឥដ្ឋ​ទាំង​នោះ​ទៅ​ទម្លាក់​នៅ​​ទីតាំង​ដែល​គាត់​បាន​ប្រាប់​ពី​ព្រឹក​រួច​មក​ហើយ​នោះ ​និង​បាន​ប្រាប់​បន្ថែម​ថា​ ដឹក​មក​កុំ «ឆ្កួត» ​តាម​មេ​ពួក​ឯង​អី​​។ ​

លោក ឆៃលី បាន​បញ្ជាក់​ថា​៖ «ពេល​នោះ ខ្ញុំ​បាន​សួរ​គាត់ [លោក ស៊ា​] ​ក្នុង​ន័យ​និយាយ​លេង​ថា​ ពូ​ឯង​ស័ក្តិ​​​ប៉ុន្មាន​ បាន​​ហ៊ាន​ថា​ថៅកែ​ស្រី​ខ្ញុំ​ថា​ឆ្កួត។ ​មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​លោក ​ចាន់ នី ​ជិះ​ឡាន​មក​ដល់​ជាមួយ​កូន​ទាហាន ​៣ នាក់​ទៀត ហើយ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ឡើង​ឡាន​បើក​ទៅ​បន្ទាយ​របស់​គាត់​ ប៉ុន្តែ​ខ្ញុំ​បដិសេធ»​។

លោក​ថា៖​ «ពេល​នោះ​ខ្ញុំ​ក៏​ត្រូវ​លោក ចាន់ នី ចាប់​ក្របួច​ក​អាវ ហើយ​ទះ​កំផ្លៀង ១ ដៃ ​និង​បាន​បញ្ជា​ឲ្យ​កូន​ទាហាន​ចាប់​សែង​ខ្ញុំ​ដាក់​ឡាន​ដឹក​ទៅ​បន្ទាយ​តែ​ម្ដង​។ ខ្ញុំ​ត្រូវ​បាន​លោក សន ស៊ា ​បង្ខំ​ឲ្យ​លុត​ជង្គង់​លើ​ដុំ​ក្រួស ​និង​បាន​ឲ្យ​កូន​ទាហាន​របស់​គាត់ ​៣ ​នាក់​ ទាត់​ធាក់​ខ្ញុំ​យ៉ាង​កំរោល​ ហើយ​គាត់​ផ្ទាល់​​បាន​យក​ដំបង​ឈើ​មូល​មក​វាយ​ខ្ញុំ​យ៉ាង​ចាស់​ដៃ ចំ​ស្មា​ខាង​ឆ្វេង​ ចំនួន ​៣ ​ដំបង​ បណ្ដាល​​​ឲ្យ​បាក់​ដំបង​នោះ​។ ​បន្ទាប់​មក​គាត់​បាន​យក​កំណាត់​ដំបង​បាក់​នោះ​មក​វាយ​ក្បាល​ខ្ញុំ​ទៀត​បណ្ដាល​​រង​របួស​ធ្ងន់ធ្ងរ​ និង​បាន​បង្អត់​អាហារ​ថ្ងៃ​ត្រង់​ខ្ញុំ​ថែម​ទៀត»​។​

លោក​ ​ឆៃលី ​បាន​បន្ត​ថា បន្ទាប់​មក លោក ​ស៊ា បាន​បញ្ជា​ឲ្យ​កូន​ទាហាន​ធ្វើ​តេស្ដ​ទឹក​នោម​រក​សារធាតុ​ញៀន​ ប៉ុន្តែ​គាត់​នោម​មិន​ចេញ​​។

លោក​ថា​៖ «​ខ្ញុំ​មិន​បារម្ភ​អំពី​ការ​ធ្វើ​តេស្ដ​ទឹក​នោម​រក​សារធាតុ​ញៀន​អី​នោះ​ទេ​ ព្រោះ​ខ្ញុំ​មិន​ដែល​ប្រើ​គ្រឿង​ញៀន​ឡើយ ​ប៉ុន្តែ​ពួក​គាត់​វាយ​ធ្វើ​ទារុណកម្ម​ខ្ញុំ​ហើយ​ថែម​ទាំង​បង្អត់​អាហារ​ខ្ញុំ​ទៀត សូម្បី​តែ​ទឹក​ក៏​មិន​ឲ្យ​ផឹក​ផង រហូត​ដល់​រសៀល ​ដែល​ម្ដាយ​របស់​​ខ្ញុំ​ និង​ថៅកែ​ស្រី​ខ្ញុំ​ព្រម​ទាំង​អាជ្ញាធរ​ដែនដី​ទៅ​ដល់​ទើប​គេ​ដោះលែង​ខ្ញុំ»។ កាល​ពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ទាក់ទង​ទៅ​លោក​ឧត្តមសេនីយ៍​ទោ ​សន ​ស៊ា ដើម្បី​សុំ​ពន្យល់​ ប៉ុន្តែ​លោក​ប្រាប់​ថា ខ្ញុំ​កំពុង​ជាប់​រវល់ ​ហើយ​ក៏​បិទ​ទូរ​ស័ព្ទ​​។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ​ លោក ស៊ា ត្រូវ​បាន​សារព័ត៌មាន​ស្លាបប៉ាកកា​អព្យាក្រឹត​ដក​ស្រង់​សម្ដី​ថា៖ «​កូន​ទាហាន​ខ្ញុំ​បាន​ទះ​កំផ្លៀង ​១ ​ដៃ និង​ខោក​ក្បាល​ជន​រងគ្រោះ​នោះ​មែន ព្រោះ​គាត់​និយាយ​ស្ដី​ និង​ប្រើ​អាកប្បកិរិយា​ច្រឡើស​បើស ​[ឈ្លើយ​] ដាក់​​មន្ត្រី​យើង​ខ្ញុំ​ខ្លាំង​ពេក ប៉ុន្តែ​គ្មាន​ការ​ធ្វើ​ទារុណកម្ម​ដូច​ការ​ចោទ​នោះ​ទេ​»។​

លោក ស្រី ​ណារ៉េន​ អ្នក​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​ខេត្ត​ឧត្តរមានជ័យ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ​លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជន​រងគ្រោះ​រួច​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​​ និង​កំពុង​រៀបចំ​​ចងក្រង​ឯកសារ ​និង​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​។

លោក​​ថ្លែង​ថា​៖ «ក្រោយ​ពី​ទទួល​រង​ការ​វាយ​ធ្វើ​ទារុណកម្ម កម្មករ​រូប​នោះ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប។ ជា​លទ្ធផល​គ្រូ​ពេទ្យ​ជំនាញ​ថា មុខ​របួស​នោះ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្រោម​ខួរ​ក្បាល​គាត់»​។

លោក​បាន​បន្ថែម​ថា ​ប៉ុន្មាន​ថ្ងៃ​នេះ ភាគី​ជន​បង្ក​បាន​ព្យាយាម​ស្វែងរក​ការ​សម្របសម្រួល​ផ្ដល់​សំណង​ដល់​ជន​រងគ្រោះ ដើម្បី​រំលត់​បណ្ដឹង​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​ភាគី​ជន​រងគ្រោះ​ទាមទារ​សំណង​ចំនួន ១០ ​០០០ ដុល្លារ​​៕ ​