តាកែវៈ កម្មករ-កម្មការិនី​នៅ​រោងចក្រ វូណាមី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរោង ឃុំ​សូភី ស្រុក​បាទី​កាលពី​ម្សិលមិញ​បាន​បន្ត​ដួលសន្លប់​ចំនួន ៥៣ នាក់​បន្ថែមទៀត បន្ទាប់ពី​ដួល​សន្លប់​ចំនួន​ ៤៤ ​នាក់​ កាលពី​រសៀល​ថ្ងៃ​អង្គារ ដោយសារ​បរិយាកាស​នៅក្នុង​រោងចក្រ​មាន​សភាព​ក្ដៅ និង​ហប់​ខ្យល់​។ នេះ​បើតាម​លោក ម៉ឹង វីរីយ៉ា ប្រធាន​មន្ទីរ​ការងារ​ខេត្តតាកែវ​។

លោក​ វីរីយ៉ា បន្តថា​៖ «​ក្រោយពី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ក្នុង​រោងចក្រ​នេះ ក្រុម​គណៈកម្មការ​យើង​បាន​សម្រេច​ឲ្យ​ខាង​ភាគី​រោងចក្រ ធ្វើការ​កែសម្រួល​លក្ខណៈ​បច្ចេកទេស​មួយចំនួន​នៅក្នុង​រោងចក្រ​ដោយ​រៀបចំ​ប្រព័ន្ធ​កង្ហារ​បឺត​ខ្យល់​ចេញចូល​បន្ថែម និង​រៀបចំ​រើ​ទូ​ដាក់​សម្ភារ​ចេញ​ពី​ទីតាំង​ការងារ​របស់​កម្មករ ដើម្បី​ឲ្យ​លម្ហ​បរិយាកាស​នៅ​កន្លែង​កម្មករ​បំពេញ​ការងារ​មាន​លក្ខណៈ​ទូលាយ និង​កាត់បន្ថយ​ភាពស្អុះស្អាប់​»​។ «​ជាមួយ​គ្នា​នេះ​យើង​បាន​តម្រូវ​ឲ្យ​រោងចក្រ អនុញ្ញាត​ឲ្យ​កម្មករ​ដែល​បាន​ដួល​សន្លប់​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​នេះ ដែល​មាន​ចំនួន​សរុប​ ៩៧ ​នាក់​បាន​ឈប់សម្រាក​បំប៉ន​សុខភាព​រយៈពេល​ ៣ ​ថ្ងៃ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​»​។

បើ​តាម​លោក វីរីយ៉ា ករណី​ដួលសន្លប់​នេះ​ដំបូង​ផ្ដើម​មកពី​កម្មការិនី​ ២ ​នាក់ ​ដែលមាន​ផ្ទៃ​ពោះ​មាន​អាការ​ថប់ដង្ហើម ទន់ដៃ​ទន់ជើង ហើយ​ត្រូវបាន​ក្រុមការងារ​ជួយ​គ្រាហ៍​ទៅ​គ្លីនិក​ក្នុង​រោងចក្រ ដើម្បី​ពិនិត្យ​ព្យាបាល ប៉ុន្តែ​ដោយសារ​ស្ថានភាព​នៃ​អាការ​ស្ត្រី​ទាំង​ ២ ​មាន​សភាព​ធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ​ប្រចាំ​រោងចក្រ​បាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​។

យ៉ាងណាក្តី​លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ថ្លែងថា ជាទូទៅ​ការដួល​សន្លប់​របស់​កម្មករ​គឺ​ដោយសារ​កត្តា​សុខភាព​ពីព្រោះ​ក្រុមកម្មករ​បរិភោគ​អាហារ​ខ្វះ​ជីវជាតិ និង​គ្មាន​អនាម័យ និង​បូករួម​ទាំង​បរិយាកាស​មិនល្អ​នៅក្នុង​រោងចក្រ​។ «​សម្រាប់​ខ្ញុំ​គឺ​ស្នើសុំ​ដល់​ស្ថាប័ន​ជំនាញ ដូចជា​ក្រសួង​បរិស្ថាន ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​ការងារ​ជាដើម ធ្វើការ​ត្រួតពិនិត្យ​រោងចក្រ​ទាំងអស់​ឱ្យបាន​ដិតដល់ ហើយ​ប្រសិន​បើ​រកឃើញ​មាន​រោងចក្រ​មិនបាន​គោរព​ទៅ​តាម​បទដ្ឋាន​ច្បាប់​តម្រូវ​ទេ គឺ​ត្រូវតែ​មាន​វិធានការ​»៕