
ភ្នំពេញៈ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ដែលបានធ្វើការតវ៉ារយៈពេល ៣ ថ្ងៃកន្លងមកនេះបានយល់ព្រមចូលធ្វើការជាធម្មតាវិញហើយ កាលពីរសៀលថ្ងៃពុធម្សិលមិញបើទោះបីជាពួកគេ មិនទាន់ទទួលបានការដំឡើងប្រាក់ខែ ទៅតាមអ្វីដែលពួកគេបានទាមទារក៏ដោយ។
លោក ប្រាក់ សុខា តំណាងកម្មករក្រុមហ៊ុន ស៊ីនទ្រី បាននិយាយកាលពីថ្ងៃម្សិលមិញថា កម្មករព្រមបញ្ឈប់ការតវ៉ាហើយ ដោយពួកគេទទួលយកនូវអ្វីដែលក្រុមហ៊ុនបានផ្តល់ឲ្យបើទោះបីជាការផ្តល់ឲ្យនោះមិនបាន ១០០ ភាគរយក៏ដោយ។
លោក ថ្លែងថា៖ «អ្វីដែលកម្មករទទួលបាននេះប្រហែលជា ៣០ ភាគរយនៃការទាមទារ ប៉ុន្តែដោយសារតែសាលាក្រុងនៅបន្តធ្វើការបើកផ្លូវសម្រាប់កម្មករធ្វើការចរចាទៀត អ៊ីចឹងហើយ ទើបបានជាកម្មករផ្អាកការតវ៉ាសិន»។
បើតាម លោក សុខា កម្មករទទួលបានការដំឡើងប្រាក់ខែ ចន្លោះពី ២០ ទៅ ២៥ ដុល្លារទៅតាមផ្នែក និងជំនាញរបស់ពួកគេ ហើយប្រាក់ឈ្នួលនេះនឹងមានប្រសិទ្ធភាពចាប់តាំងពីខែ កុម្ភៈ នេះតទៅ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ដែលបានចុះទៅជួយអន្តរាគមន៍នៅយានដ្ឋានជួសជុលរថយន្តរបស់ក្រុមហ៊ុន ស៊ីនទ្រី ក្នុងខណ្ឌ ដង្កោ កាលពីម្សិលមិញបាននិយាយថា សាលារាជធានី ត្រូវការឡានជាចាំបាច់ សម្រាប់ធ្វើការប្រមូលគំនរសំរាមក្នុងរាជធានីបើទោះបីជាកម្មករមិនទាន់យល់ព្រមចូលធ្វើការក៏ដោយ។
លោកថ្លែងថា៖ «ខ្ញុំជាតំណាងអភិបាលរាជធានីភ្នំពេញ មកខ្ចីឡានដើម្បីយកទៅប្រមូលសំរាម ដូចបងប្អូនដឹងហើយថា សំរាម ១ថ្ងៃ មានប្រមាណ ១៥០០ តោន ក្នុងរាជធានី។ ដូចនេះប្រសិនបើយើងទុកសំរាមដូចនេះទៀត ភ្នំពេញ យើងនឹងក្លាយជារាជធានីសំរាម ដែលបញ្ហានេះ សាលារាជធានីមិនអាចទទួលយកបានជាដាច់ខាត»។
លោក ឃួង ស្រេង បានថ្លែងថា សូមឲ្យកម្មករមេត្តាយោគយល់ ពីបញ្ហានេះ ហើយការតវ៉ារបស់កម្មករ គឺសាលារាជធានីមានការគាំទ្រឲ្យធ្វើការចរចាជាមួយក្រុមហ៊ុនបន្តទៀត។
លោកបន្ថែមថា៖ «ប៉ុន្តែអ្វីដែលសាលារាជធានីភ្នំពេញមិនអាចទទួលយកបាននោះ គឺការ ទុកចោលសំរាមកណ្តាលទីក្រុង។ ដូចនេះសុំឲ្យបងប្អូនទាំងអស់ចូលរួមធ្វើការងារនេះឡើងវិញ»។
លោក ឃួង ស្រេង បានព្យាយាមពន្យល់ទៅកាន់កម្មកររបស់ក្រុមហ៊ុន ស៊ីនទ្រី ពីផលប៉ះពាល់នៃគំនរសំរាមក្នុងទីក្រុង ពីផលប្រយោជន៍ដែលកម្មករទទួលបានពីការទាមទាររបស់ពួកគេ និងបានធ្វើការចរចាជាមួយនឹងតំណាងកម្មករ និងក្រុមហ៊ុនអស់ជាច្រើនម៉ោងទើបនៅម៉ោងប្រមាណ ៣ រសៀលថ្ងៃម្សិលមិញ កម្មករ និងក្រុមហ៊ុនបានព្រមព្រៀងគ្នានិងសម្រេចចូលធ្វើការវិញ។
លោក ងួន ស៊ីផេង តំណាងក្រុមហ៊ុន ស៊ីនទ្រី បានថ្លែងថា បន្ទាប់ពីកម្មករ បានយល់ព្រមទទួលយកនូវដំណោះស្រាយ នៃការទាមទាររបស់ពួកគេនោះ មានឡានដឹកសំរាមប្រមាណជាជិត ៦០ ឡាន បានចេញពីយានដ្ឋាន ទៅធ្វើការតាមតំបន់គោលដៅមួយចំនួន។
លោកមានប្រសាសន៍ថា៖ «យើងក៏សុំទោសបងប្អូនប្រជាពលរដ្ឋផងដែរ ដោយសារតែកម្មករមួយចំនួនមានការនឿយហត់ ហើយសុំសម្រាកមួយរសៀលទៀត តែពួកគេនឹងចេញធ្វើការវិញនៅថ្ងៃព្រហស្បតិ៍នេះ»។
លោក ងួន ស៊ីផេង មិនទាន់ដឹងថា តើក្រុមហ៊ុននឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃទេ ក្នុងការប្រមូលសំរាមនេះ ដោយសារតែសំរាមមានការថែមជារៀងរាល់ថ្ងៃ ប៉ុន្តែអ្វីដែលខាងក្រុមហ៊ុនត្រូវដោះស្រាយឲ្យអស់នោះ គឺសំរាមនៅក្នុងខណ្ឌចំនួន ៤ ដូចជា ខណ្ឌ ដូនពេញ ខណ្ឌ ៧ មករា ខណ្ឌ ទួលគោក និងខណ្ឌ ចំការមន។
លោកបានបញ្ជាក់ថា៖ «យើងត្រូវប្រមូលសំរាមនៅក្នុងខណ្ឌទាំង ៤ នេះមុនគេ ដោយសារវាជាកន្លែងប្រជុំជន បណ្តុំទេសចរ និងកន្លែងអាជីវកម្ម តែខណ្ឌផ្សេង និងជាយក្រុង ក៏យើងធ្វើដែរ តែវាមិនមែនជាអាទិភាព»។
លោក ងួន ស៊ីផេង បាននិយាយថា ក្រុមហ៊ុនបានព្យាយាមប្រមូលសំរាមឲ្យអស់ក្នុងរយៈពេលដ៏ខ្លី ឬអាចក្នុងថ្ងៃអាទិត្យ ឬថ្ងៃចន្ទក្រោយ។
សុខ សាន្ត អាយុ ២០ឆ្នាំ ដែលជាកម្មករប្រមូលសំរាមបាននិយាយថា គាត់សុខចិត្តទទួលយកដំណោះស្រាយនេះសិន តែលោកនឹងបន្តធ្វើការទាមទារទៀតនៅពេលក្រោយ៕