The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​ជាង ១០០ នាក់​នៅ​ក្នុង​រោងចក្រ​ពីរ​ដួល​សន្លប់




កម្មករ​ជាង ១០០ នាក់​នៅ​ក្នុង​រោងចក្រ​ពីរ​ដួល​សន្លប់

កម្មករ​ជាង ១០០ នាក់​នៅ​ក្នុង​រោងចក្រ​ពីរ​ដួល​សន្លប់

20140228_06
កម្មកររោងចក្រកាត់ដេរដួលសន្លប់កន្លងមក ហុង មិនា

ភ្នំពេញៈ កម្មករ​ជាង ១០០ នាក់​ក្នុង​រោងចក្រ​ពីរ​នៅ​ខេត្ត កំពង់ស្ពឺ និង​ខេត្ត កណ្តាល បាន​ដួល​សន្លប់​កាល​ពី​ព្រឹក​ម្សិលមិញ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

លោក សឿន គា ប្រធាន​សហជីព​សេរី​កម្មករ​នៅ​រោងចក្រ SHIMANO បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា មាន​កម្មករ ២៦ នាក់​បាន​ដួល​សន្លប់ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​ការ។

លោក​បន្ថែម​ថា៖ «ពួកគេ​ពុល​កាវ​បិទ​ស្បែក​ជើង ហើយ​ជា​លើក ទី១ ដែល​មាន​កម្មករ​ដួល​សន្លប់​ដោយ​សារ​តែ​ពិបាក​ដក​ដង្ហើម ហើយ​កម្មករ​ដទៃ​ទៀត​ចាប់​ផ្តើម​សន្លប់​តាម»។

លោក​បន្ត​ថា មន្រ្តី​រោងចក្រ​បាន​ជួយ​បញ្ជូន​ពួកគេ​ទៅ​មន្ទីរពេទ្យ​បង្អែក​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ លោក សឿន គា និយាយ​ថា៖ «កម្មករ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​កម្មករ​ដួល​សន្លប់​ម្តង​ទៀត»។

លោក ចាន់ សុផល អ្នក​គ្រប់​គ្រង​រដ្ឋបាល​រោងចក្រ SHIMANO មិន​អាច​ទាក់​ទង​សួរ​នាំ​បាន​ទេ កាល​ពី​ម្សិលមិញ។

ទន្ទឹម​នឹង​នេះ មាន​កម្មករ​ប្រមាណ ១២០ នាក់​ទៀត​នៅ​រោងចក្រ Crystal Martin (Cambodia) Limited ក្នុង​ស្រុក ខ្សាច់​កណ្តាល ខេត្ត កណ្តាល ក៏​បាន​ដួល​សន្លប់​ដូច​គ្នា​ដែរ​កាល​ពី​ព្រឹក​ម្សិល និង​មាន​ការ​អះអាង​ថា បណ្តាល​ពី​ការ​ពុល​ក្លិន​អាស៊ីត​ចេញ​ពី​អាគុយ​ដែល​បាន​រក្សា​ទុក​នៅ​កន្លែង​ការងារ។

លោក សៀន ភារម្យ មន្រ្តី​ក្រុមហ៊ុន Crystal Martin (Cambodia) Limited បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ហើយ​ឥឡូវ​នេះ ពួក​គេ​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ។

លោក​បាន​បន្ថែម​ថា៖ «ពួក​គេ​ភាគ​ច្រើន​ដួល​សន្លប់​ដោយ​សារ​តែ​ភ័យ​ខ្លាច ពេល​បាន​ឃើញ​កម្មករ​ម្នាក់​ដួល ពួក​គេ​ចាប់​ផ្តើម​ដួល​តាម»។

លោក សៀន ភារម្យ បាន​បន្ថែម​ថា សុខភាព​ពួក​គេ​បាន​ប្រសើរ​វិញ​ហើយ ហើយ​បាន​ចេញ​ទៅ​ផ្ទះ​អស់​ហើយ​ដែរ។​លោក​ថា ពួកគេ​ត្រូវ​វិល​ត្រឡប់​មក​ធ្វើ​ការ​នៅ​ថ្ងៃ​សុក្រ​នេះ​វិញ។

តាម​របាយ​ការណ៍​របស់​មូលនិធិ​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង ការងារ ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​បាន​កត់​ត្រា​ករណី​សន្លប់​ចំនួន ៨២៣ ករណី​កាល​ពី​ឆ្នាំ​មុន​គឺ​ធ្លាក់​ចុះ​ពី​តួលេខ ១ ៦៨៦ ករណី ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១២។ តាម​កំណត់​ត្រា​របស់​រដ្ឋាភិបាល​ពី​ឆ្នាំ ២០១១ មាន​ករណី​សន្លប់​កម្មករ​ដល់ ១៩៧៣ នាក់៕ TK

អត្ថបទគួរចាប់អារម្មណ៍