ភ្នំពេញៈ កម្មករប្រមាណជាង ៩០ រោងចក្របានងើបធ្វើការតវ៉ាព្រមៗគ្នាកាលពីព្រឹកម្សិលមិញ មួយថ្ងៃបន្ទាប់ពីក្រសួង ការងារ និងមជ្ឈដ្ឋានពាក់ព័ន្ធមួយចំនួនបានសម្រេចដំឡើងប្រាក់ឈ្នួលដល់ពួកគេត្រឹម ១៥ ដុល្លារ ក្នុងមួយខែ។ នេះបើតាមអ្នកនាង អ៊ុំ ឌីណា មន្ត្រីសហជីពសេរីកម្មករ។
នៅពេលដែលកម្មករបានងើបតវ៉ា លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីព្រឹកម្សិលមិញ បានទៅចូលរួមតវ៉ាជាមួយកម្មកររាប់ពាន់នាក់ នៅទីរួមខេត្ត ស្វាយរៀង និងនៅក្រុង បាវិត ខណៈដែលលោក កឹម សុខា អនុប្រធានបានទៅចូលរួមតវ៉ាជាមួយកម្មកររាប់ពាន់នាក់នៅក្រុង កំពង់ចាម។ មេបក្សប្រឆាំងទាំងពីររូបបានវិលត្រឡប់មកដឹកនាំក្បួនបាតុកម្ម នៅភ្នំពេញវិញ នាពេលរសៀល។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានឲ្យដឹងកាលពីម្សិលមិញថា តាមព័ត៌មានដែលលោកបានទទួល កម្មករនៅរោងចក្រជាង ៨០ តាមបណ្តាខេត្ត និងរាជធានី បានពុះកញ្រ្ជោលផ្អាកការងារ និងផ្ទុះការតវ៉ាជាបណ្តើរៗហើយ តាំងពីថ្ងៃអង្គារមក។ លោកនិយាយថា៖ «កម្មករនៅរោងចក្រជាង ៨០ កំពុងធ្វើការតវ៉ាដូចជានៅ ភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀងនិងខេត្ត កណ្តាល»។
លោក ប៉ាវ ស៊ីណា បន្តទៀតថា ប្រសិនបើខាងរោងចក្រ និងស្ថាប័នពាក់ព័ន្ធមិនមានការចរចាជាថ្មីម្តងទៀតស្តីពីការដំឡើងប្រាក់ឈ្នួល ឲ្យដល់ ១៦០ ដុល្លារទេ នោះ កំហឹងកម្មករ នឹងកាន់តែផ្ទុះខ្លាំងឡើង។
លោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ បានឲ្យដឹងកាលពីម្សិលមិញថា លោកនឹងដាក់លិខិតទៅតាមបណ្តារោងចក្រនិងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនដំណឹងស្តីពីការតវ៉ារបស់កម្មករនៅថ្ងៃព្រហស្បតិ៍នេះ។
ចំណែក លោក យ៉េន សុខឃាង ប្រធានសហជីពសេរីកម្មករ ប្រចាំតំបន់ឧស្សាហកម្ម ម៉េនហាធេន នៅខេត្ត កំពង់ចាម បានឲ្យដឹងថា កម្មកររាប់ពាន់នាក់ បាននាំគ្នាបិទផ្លូវ តាំងពីក្បាលស្ពាន គីស៊ូណា ប្រមាណជាង ៣ ម៉ោង រួចបានធ្វើការហែព័ទ្ធជុំវិញផ្សារ កំពង់ចាម ចំនួន ៣ជុំ ជាមួយនឹងប្រជាពលរដ្ឋជាច្រើនពាន់នាក់រួមនឹងលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិផងដែរ។ នៅចំពោះមុខកម្មករ លោក កឹម សុខា បានអំពាវនាវសូមឲ្យកម្មករធ្វើការតវ៉ាដោយសន្តិវិធីកុំប្រើអំពើហិង្សា។
ខណៈដែលកម្មករនៅតាមរោងចក្រជាច្រើន បានងើបតវ៉ាព្រមៗគ្នា ក្រសួង ការងារ បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអង្គការសហជីព ដែលបំផុសឲ្យកម្មករធ្វើការតវ៉ា ដែលប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ដែលការសម្រេចដំឡើងប្រាក់ឈ្នួល ១៥ ដុល្លារបន្ថែមនេះ ក៏មានតំណាងសហជីពចូលរួមផងដែរ។ យោងតាមសេក្តីជូនដំណឹង របស់ក្រសួង ការងារ ចេញកាលពីម្សិលមិញបានឲ្យដឹងថា ក្រោយពីគណៈកម្មការប្រឹក្សាការងារ បានចេញសេចក្តីសម្រេច ស្តីពីការដំឡើងប្រាក់ឈ្នួលអប្បបរមាមានសហជីពមួយចំនួនក្នុងនោះ មានទាំងសហជីព ដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារផងដែរ បានញុះញង់ប្រឆាំងជំទាស់ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពការងារ និងជីវភាពរបស់កម្មករ នៅតាមរោងចក្រមួយចំនួន និងបានបំភ្លៃទៅជាបញ្ហានយោបាយ។
សេចក្តីជូនដំណឹងបានលើកឡើងថា៖ «អង្គការសហជីពណា ដែលប្រឆាំងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាការងារ គឺប្រឆាំងទៅនឹងច្បាប់ ប្រឆាំងទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងទៅនឹងខ្លួនឯង ដែលបានចូលរួមក្នុងការពិភាក្សានិងអនុម័ត»។
ទោះជាយ៉ាងណា លោក ជា មុន្នី ជាប្រធានសហជីពសេរីកម្មករ និងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានសើចចំអកទៅនឹងលិខិតនោះ។
លោក ជា មុន្នី បាននិយាយជាមួយនឹងសំឡេងសើចចំអកខ្លាំងៗថា៖ «អ្នកដែលខុសច្បាប់នោះគឺក្រសួងនោះឯងដែលធ្វើការអនុម័តប្រាក់ឈ្នួលនេះ ដោយមិនដឹងពីស្ថានភាពពិតរបស់កម្មករ។ គាត់គួរតែចូលគុកទៅ អ្នកដែលសម្រេចប្រាក់ឈ្នួលនេះ»។ លោកបានបញ្ជាក់ថា សហជីពកើតឡើងពីការគាំទ្ររបស់កម្មករ ដូចនេះ សហជីពត្រូវការពារផលប្រយោជន៍កម្មករ។
លោក ជា មុន្នី ថ្លែងថា៖ «កម្មករស៊ីមិនគ្រាន់ទេ ប្រាក់ខែ ៩៥ ដុល្លារហើយពួកគេបង្ហាញឆន្ទៈរបស់គេ តែក្រសួងបែរជាមកគំរាមចាត់វិធានការ។ ដូចនេះយើងមានតែការសើចចំអកទេ។ អ្នកដែលត្រូវទទួលទោសតាមច្បាប់គឺក្រសួង ការងារទេ»។

ដូចគ្នានេះដែរ លោក រ៉ុង ឈុន ដែលបានហែក្បួនជាមួយកម្មករ ពីផ្លូវជាតិលេខពីរ ក្នុងខណ្ឌ មានជ័យ មកកាន់ទីលានប្រជាធិបតេយ្យកាលពីម្សិលមិញបាននិយាយថា ការបញ្ជារបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ មិនមានឥទ្ធិពលអ្វីមកលើកម្មករទេ។
លោកថ្លែងថា៖ «លោក អ៊ិត សំហេង គួរតែយកពេលវេលាទាំងអស់នេះ ទៅគិតគូរពិចារណា រកវិធីដំឡើងបៀវត្សរ៍ឲ្យកម្មករទៅវាប្រសើរជាង ហើយកុំមកចោទពួកយើងថា យើងធ្វើនេះ ទាក់ទងនឹងរឿងនយោបាយអី ប្រសិនបើគាត់មិនទាន់ដំឡើងប្រាក់ខែឲ្យកម្មករទៅតាមអ្វីដែលពួកគេចង់បាន»។ លោក ឈុន គូសបញ្ជាក់ថា លោកមិនបានទៅបំផុសកម្មករឲ្យធ្វើការតវ៉ានោះទេ គឺកម្មករស្ម័គ្រចិត្តធ្វើដោយខ្លួនឯង។
ស្របពេលដែលកម្មករភាគច្រើន កំពុងតែជ្រួលច្របល់ និងកំពុងតែធ្វើការតវ៉ាមិនពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួល ១៥ ដុល្លារ សហជីពមួយចំនួន ដែលមាននិន្នាការងាកទៅខាងរដ្ឋាភិបាល បានអំពាវនាវឲ្យកម្មករបញ្ឈប់នូវការតវ៉ា។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានអះអាងថា កម្មករភាគច្រើនមិនចង់ធ្វើការតវ៉ាទេ ប៉ុន្តែដោយសារតែមានក្រុមអ្នកនយោបាយនិងសហជីពដែលមាននិន្នាការនយោបាយមួយចំនួនតូចធ្វើការបំផុសបំផុលឲ្យមានការយល់ច្រឡំថា ការដំឡើងប្រាក់ឈ្នួលនេះ មានចំនួនតិចតួចពេក ខណៈដែលពួកគេចង់ដំឡើងឲ្យបាន ១៦០ ដុល្លារតែម្តង។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា នៅលើពិភពលោកនេះ គ្មានប្រទេសណាដែលអាចធ្វើឲ្យប្រាក់ឈ្នួលឡើងបាន ១០០ % ក្នុងរយៈពេលតែម្តងនោះទេ។ គោលដៅរបស់យើង គឺធ្វើឲ្យបាន ១០០% ក៏ប៉ុន្តែយើងធ្វើជាជំហានៗ។ នេះជាការងារបច្ចេកទេស»។
លោក សោម អូន ដែលពេញចិត្តនិងការដំឡើងប្រាក់ឈ្នួលនេះ បានគូសបញ្ជាក់ថា៖ «ការដំឡើងនេះ សមរម្យ ហើយយើងអាចរក្សាបាននូវសន្តិសុខការងាររបស់បងប្អូនកម្មករ និងរក្សាបាននូវវិស័យវិនិយោគនៅក្នុងប្រទេសយើងផងដែរ។ ប៉ុន្តែប្រសិនបើសហជីពមួយចំនួនតូចយកបញ្ហានយោបាយមកឡូកឡំជាមួយ នឹងករណីរបស់កម្មករនោះ គឺជារឿងមួយដែលខ្ញុំមានការព្រួយបារម្ភនិងសោកស្តាយ»។
ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា បានវិលត្រឡប់មកពីខេត្តវិញ ហើយបានដឹកនាំការហែក្បួនបាតុកម្មក្នុងរាជធានីភ្នំពេញនៅពេលរសៀល។ លោក កឹម សុខា បានថ្លែងនៅក្នុងអំឡុងការហែក្បួននៅវត្ត កៀនឃ្លាំង ក្នុងខណ្ឌ ឫស្សីកែវ ថា កម្មករបានទាមទារប្រាក់ឈ្នួលតិចតួច ប៉ុន្តែលោក ហ៊ុន សែន មិនអាចដំឡើងឲ្យកម្មករបាន។ លោក កឹម សុខា បានគូសបញ្ជាក់ថា៖ «ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើឲ្យ ហ៊ុន សែន ចុះចេញបាន យើងនឹងដំឡើង ១៦០ ដុល្លារ សម្រាប់កម្មករ។ តែប្រសិនបើយើងមិនអាចធ្វើបាន យើងនឹងចុះចេញពីតំណែង»។
នៅពេលថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា បានលើកឡើងថា វិទ្យុមួយបានសម្ភាសជាមួយមន្ត្រីគណបក្សប្រជាជន ថាពួកគេចង់ចរចាជាមួយគណបក្សសង្គ្រោះជាតិ។ «តើយើងចរចាដើម្បីអ្វី?»។ លោកបញ្ជាក់ថា៖ «ប្រសិនបើយើងចរចាដើម្បីប្រាក់ខែកម្មករយើងនឹងចរចា។ ប្រសិនបើយើងចរចាសម្រាប់ប្រាក់ខែមន្រ្តីរាជការយើងនឹងចរចា។ ប្រសិនបើចរចាឲ្យគណបក្សសង្គ្រោះជាតិដឹកនាំប្រទេសយើងនឹងចរចា។ ប្រសិនបើចរចាឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត យើងនឹងចរចា។ ប្រសិនបើចរចាឲ្យមានការបោះឆ្នោតឡើងវិញយើងនឹងចរចា»។
ចំណែកលោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រថា នាយករដ្ឋមន្ត្រីណាក៏ដោយ ដែលឡើងបន្ទាប់ពីលោក ហ៊ុន សែន ត្រូវតែដំឡើងប្រាក់ខែ ១ លានរៀល សម្រាប់មន្រ្តីរាជការ និង ១៦០ ដុល្លារ សម្រាប់កម្មករ។ លោកគូសបញ្ជាក់ថា៖ «ខ្ញុំសូមប្រកាសជាថ្មីនៅមុខកម្មករថ្ងៃទី ២៥ [ពុធ] ថា រដ្ឋាភិបាលថ្មីរបស់គណបក្សសង្គ្រោះជាតិ នឹងរៀបចំរដ្ឋាភិបាលឡើងវិញ ត្រូវតែដំឡើង ១៦០ ដុល្លារសម្រាប់កម្មករ»។
មេបក្សប្រឆាំងរូបនេះ បានអំពាវនាវសូមឲ្យកម្មករ ប្រជាពលរដ្ឋ រៀបចំខ្លួនមកយ៉ាងតិចឲ្យបាន ១ លាននាក់ក្នុងរាជធានីភ្នំពេញសម្រាប់បាតុកម្មនៅថ្ងៃអាទិត្យ។ «សូមប្រជាពលរដ្ឋ មកពីគ្រប់ច្រកល្ហក ភ្លូកទឹកភ្លូកដី។ រលកយក្ស មិនអាចទប់បានទេ»។
អ្នកនាង ហួត លីគាង ជាកម្មករម្នាក់ បានឡើងថ្លែងនៅលើវេទិការបស់គណបក្សសង្គ្រោះជាតិថា៖ «បើលោក ហ៊ុន សែន ឲ្យយើង ៩០ ដុល្លារ យើងសុំទុកឲ្យលោក ហ៊ុន សែន ចាយវិញ ថាតើលោក ហ៊ុន សែន អាចចាយគ្រប់ឬអត់? ប្រសិនបើលោក ហ៊ុន សែន ចាយគ្រប់ក្នុងមួយខែនោះយើងក៏ចាយគ្រប់ដែរ»។
កម្មការិនី ម្នាក់ទៀត ឈ្មោះ ឆេង ហ៊ាង បាននិយាយបន្ទរថា នៅក្នុងស្ថានភាព ដែលទំនិញគ្រប់ប្រភេទហក់ឡើងថ្លៃដូចពេលបច្ចុប្បន្ន ប្រាក់ឈ្នួល ៩៥ ដុល្លារ មិនអាចចាយវាយគ្រប់ទេ៕ PS