The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​ជិត​២០០​នាក់​សន្លប់​ក្នុង​រោងចក្រ​៦

កម្មករ​ជិត​២០០​នាក់​សន្លប់​ក្នុង​រោងចក្រ​៦

កម្មករ​ជិត​២០០​នាក់​សន្លប់​ក្នុង​រោងចក្រ​៦

Content image - Phnom Penh Post

ភ្នំពេញៈ កម្មករ កម្មការិនី​ជិត​២០០​នាក់​នៅ​រោងចក្រ​កាត់ដេរ​ចំនួន​៦ ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី ២ ក្នុង​សង្កាត់ ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​សន្លប់​បន្ត​គ្នា​និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​គ្លីនិក​ចំនួន​៣ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ។

កម្មការិនី​រោងចក្រ​កាត់ដេរ​ផាភីលៀន នូ ស្រី​ពេជ្រ អាយុ​២៨​ឆ្នាំ ដែល​សម្រាក ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​បាន​ឲ្យ​ដឹង​ថា ពេល​នាង​កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ ម៉ោង​ជាង​១​រសៀល​ក៏​ធុំ​ក្លិន​ឆួល​ក្រពុល​ខ្លាំង​ចូល​មក ប៉ុន្តែ មិន​ដឹង​ថា​ជា​ក្លិន​អ្វី​ជះ​មក​ពី​ណា​ទេ រួច​ហើយ​ក៏មាន​មិត្តភក្តិ​នៅ​ជិត​នាង​ដួល​សន្លប់​បន្ត​គ្នា​តែ​ម្តង។ នាង​បន្ត​ថា៖ «ពេល​ឃើញ​អ្នក​រួម​ការងារ​ដួល​សន្លប់ ទាំង​ខ្ញុំ​និង​កម្មករ​ជាច្រើន​ទៀត​ក៏​ជ្រួល​ឡើង​គិត​សម្រុក​ចេញ តែ​ត្រូវ​ខាង​រោងចក្រ​ឃាត់ ប៉ុន្តែ​ដោយ​កម្មករ​ចេះ​តែ​ដួល​បន្ត​បន្ទាប់​គ្នា ខាង​រោងចក្រ ក៏​ព្រម​ឲ្យ​ចេញ​ក្រៅ ខ្លះ​មក​ដល់​ខាង​ក្រៅ​ក៏​ដួល​បន្ត​ទៀត​ដែរ» ។

ស្រី​ពេជ្រ និយាយ​ថា ៖ «ខ្ញុំ​ធុំក្លិន​ក្រពុល​ក៏​ណែន​ទ្រូង ក្អួត​ចង្អោរ រួច​ងងឹត​មុខ​ដួល​តែ​ម្តង តែ​មិន​ដឹង​ថា ជា​ក្លិន​អ្វី​ឲ្យ​ពិតប្រាកដ​ទេ»។

121115_01
កម្មការិនីដែលបានសន្លប់ទាំងនេះ កាលពីម្សិលមិញ ទទួលបានការសង្គ្រោះនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកម្មករប្រហែល២០០នាក់ បានសន្លប់កាលពីម្សិលមិញ

កម្មការិនី ឡាយ ចន្ថា វ័យ៣១​ឆ្នាំ នៃ​រោងចក្រ​ញូវធិច ដែល​មិន​រងគ្រោះ​នឹង​គេ ហើយ​បាន​ជួយ​នាំ​អ្នក​សន្លប់​ចេញពី​រោងចក្រ​ផង​បាន​អះអាង​ថា ក្លិន​ក្រពុល​ដែល​ជះ​ចូល​ក្នុង​រោងចក្រ អាច​មក​ពី​ខាង​ក្រៅ​តាម​កង្ហារ​បឺត​ខ្យល់​ដែល​មាន​បំពាក់​នៅ​តាម​ជញ្ជាំង។ នៅ​ប្រមាណ​១០​នាទី ការ​ធុំ​ក្លិន​ភាយ​មក​នោះ​ក៏​ធ្វើ​ឲ្យ​កម្មករ​មួយ​ចំនួន​ដួល​សន្លប់​បន្ត​គ្នា​តែ​ម្តង។

ចន្ថា និយាយ​ថា៖«ខ្ញុំ​បាន​ប្រញាប់​ជួយ​សង្គ្រោះ​នាំ​ពួក​គេ​ចេញ​ក្រៅ​រោងចក្រ​នៅ​ពេល​ខ្ញុំ​ឃើញ​ពួក​គេ​ដួល​សន្លប់ ហើយ​មាន​ក្អួត​ចង្អោរ ផង»។

ចន្ថា អះអាង​ថា នាង​មិន​ដឹង​ថា​ការ​ដួល​សន្លប់​នោះ​មក​ពីអ្វី​ឲ្យ​ប្រាកដ​ទេ​ប៉ុន្តែ​ត្រូវ​គេ​ប្រាប់​ថា មកពី​ក្លិន​ប្រេង​ម៉ាស៊ីន​ដែល​គេ​ច្រាល​ចេញ​ពី​អេស្កាវ៉ាទ័រ ដែល​ឈូស​ឆាយ​ដី​សាងសង់​រោងចក្រ​ក្បែរ​នោះ»។

លោក ខឹម ចំណាន មន្ត្រី​សហជីព​សេរី​កម្មករ​កម្ពុជា​ដែល​បាន​ចុះ​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា យ៉ាង​តិច​មាន​កម្មករ​ប្រមាណ​ជា​២០០​នាក់ បាន​ក្អួត​ចង្អោរ​ទន់​ដៃ​ជើង និង​ដួល​សន្លប់ នៅ​ក្នុង​៦​រោងចក្រ​នោះ មាន​រោងចក្រ​ញូវធិច, ផាភីលៀន​និង​រោងចក្រ​កាត់​ដេរ មហាហ្គាមេន ទី១ ទី២ និង​ទី៣ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ។

លោក​ឲ្យ​ដឹង​ថា៖ «មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​នៃ​ការ​ពុល​នោះទេ ប៉ុន្តែ​ក្រុម​កម្មករ​ប្រាប់​ថា ពួក​គេ​ពុល​ក្លិន​ឈួល ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ»។

គ្រូ​ពេទ្យ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ម្នាក់​ដែល​កំពុង​សង្គ្រោះ​កម្មការិនី​៥​នាក់​បាន​ប្រាប់​ថា កម្មករ​ដែល​រងគ្រោះ​ទាំង៥​នាក់​នេះ ពួក​គេ​មាន​អាការ​ចុក​ណែន​ទ្រូង ក្អួត​ចង្អោរ រហូត​ខ្លះ​ត្រូវ​បញ្ជូល​ខ្យល់​អុកស៊ីសែន​ជា​ជំនួយ​ដើម្បី​សង្គ្រោះ។ លោក​បន្ត​ថា៖«ពួក​គេ​ដួល​សន្លប់​មក​ពី​ធុំ​ក្លិន​ឈួល​ពេល​ឃើញ​គ្នា​គាត់​ដួល​សន្លប់ ភ័យ​ក៏​ដួល​បន្តៗ​គ្នា ប៉ុន្តែ​អាការ​មិន​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទេ»។លោក អ៊ុលលី នាយប៉ុស្តិ៍​នគរបាល​ក្រាំង​ពង្រ​បាន​ប្រាប់​ថា ក្លិន​ដែល​នាំ​ឲ្យ​កម្មករ​ដួល​សន្លប់​ប្រមាណ​ជិត​២០០​នាក់​នោះ សមត្ថកិច្ច​សង្ស័យ​ថា មក​ពី​ក្លិន​ប្រេង​គ្រឿង​ចក្រ​កាយ​ដី​ដែល​កំពុង​សាងសង់​រោងចក្រ​នៅ​ក្បែរ​នោះ ហើយ​គ្រឿង​ចក្រ​នោះ​ខូច​ត្រូវ​គេ​ច្រាល​ប្រេង​ម៉ាស៊ីន​ចេញ ហើយ​ចំហាយ​វា​បាន​ភាយ​ចូល​ក្នុង​រោងចក្រ។

លោក​បន្ត​ថា៖ «រោងចក្រ​ទាំង៦​នៅ​ក្នុង​សួន​ឧទ្យាន​វឌ្ឍនៈ បាន​រង​ការ​ពុល ទាំងអស់ ពួក​គេ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​យោធា ង.៧០ មន្ទីរពេទ្យ រុស្ស៊ី និង​ទៅ​គ្លីនិក​ឯកជន​ចោមចៅ​ខ្លះ ប៉ុន្តែ​ក៏​មាន​គ្រួសារ​យក​ទៅ​ពេទ្យ​ខ្លះ​ដែរ ព្រោះ​ឡាន​ពេទ្យ​ដឹក​មិន​ទាន់»។

ចំពោះ​រោងចក្រ​កាត់​ដេរ​ដែល​មាន​កម្មករ កម្មការិនី​ពុល​ទាំង៦​រោងចក្រ​នោះ​ពី​ម្សិលមិញ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ថៅកែ​រោងចក្រ​បាន​ទេ ខណៈដែល​ទូរស័ព្ទ​ចូល​ហើយ​តែ​គ្មាន​អ្នក​ទទួល។ លោក ស មូរ៉ា ប្រធាន​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​បាន​ប្រាប់​ថា ករណី​បែប​នេះ​បាន​កើត​មាន​ជា​ញឹកញាប់​មក​ហើយ ដោយ​សារ​តែ​សំណង់​រោងចក្រ​ខ្លះ​សង់​ខុស​លក្ខណៈ​បច្ចេកទេស គ្មាន​ខ្យល់​ចេញ​ចូល ឯ​រចនាសម្ព័ន្ធ​ក្នុង​រោងចក្រ​ក៏​រៀបចំ​មិន​បាន​ល្អ ដែល​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្មករ​បច្ចុប្បន្ន។

មន្ត្រី​ក្រសួង​ការងារ​ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ការ​សន្លប់​របស់​កម្មករ​រោងចក្រ​មិន​អាច​ទាក់ទង​បាន​ទេ កាល​ពី​ម្សិលមិញ៕

អត្ថបទគួរចាប់អារម្មណ៍