ភ្នំពេញៈ បន្ទាប់ពីការប្រមូលផ្តុំ នៅមុខរោងចក្រ SL កាលពីថ្ងៃចន្ទ អ្នកនាង ជឹម សោមអ៊ីម បានលើកម្រាមដៃឡើងចំនួន ៧ ជាសញ្ញាបង្ហាញអំពីចំនួនទឹកប្រាក់ដែលអ្នកនាងទទួលបាន។
អ្នកនាង សោម អ៊ីម មកពីខេត្ត កំពង់ចាម និងជាកម្មការិនីរោងចក្រ SL ម្នាក់ ដែលបានធ្វើកូដកម្មបានថ្លែងថា៖ «ប្រាំពីរដុល្លារ មិនគ្រប់គ្រាន់ សម្រាប់ធ្វើដំណើរទៅស្រុកកំណើតរបស់ខ្ញុំទេ»។ អ្នកនាងបានស្រែកខ្លាំងៗថា៖ «ខ្ញុំខឹងខ្លាំងណាស់ចំពោះរោងចក្រ»។ ដោយទន្ទឹងរង់ចាំការឈប់សម្រាកសម្រាប់បុណ្យភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃចន្ទប្រជាជនក្នុងរាជធានីភ្នំពេញបានចំណាយរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះធ្វើផែនការដើរលេងនិងទិញរបស់របរសម្រាប់ពិធីបុណ្យ ភ្ជុំបិណ្ឌ។
ប៉ុន្តែ ចំពោះកម្មករជាច្រើននៅក្នុងឧស្សាហកម្មកាត់ដេរ ពួកគេបានចំណាយពេលវេលាជាច្រើនដើម្បីស្វែងរកវិធីទទួលបានប្រាក់សម្រាប់ការធ្វើដំណើរទៅលេងស្រុកកំណើត។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា បញ្ហាប្រឈមរបស់កម្មករជាច្រើនគឺស្រដៀងៗគ្នា។ រោងចក្រភាគច្រើនបំផុតបើកប្រាក់ខែនៅថ្ងៃ ទី១០ ប៉ុន្តែ ភ្ជុំបិណ្ឌឆ្នាំនេះ គឺត្រូវប្រារព្ធធ្វើឡើងនៅមុនថ្ងៃបើកប្រាក់ខែរបស់ពួកគេ។
លោក មឿន តុលា ថ្លែងថា៖ «ជាញឹកញាប់ យើងបានឮអំពីរឿងនោះ»។ «ប្រាក់ឈ្នួលរបស់កម្មករក៏តិចតួចពេក ពួកគេសន្សំប្រាក់មិនសល់...ប៉ុន្តែពួកគេត្រូវការប្រាក់ សម្រាប់ធ្វើដំណើរនិងសម្រាប់ទិញរបស់របរផ្ញើឪពុកម្តាយ និងកូនចៅរបស់ខ្លួន»។
លោកថ្លែងបន្តថា រោងចក្រភាគច្រើនយល់ព្រមបើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឬចំណែកខ្លះនៃប្រាក់ឈ្នួលមុនថ្ងៃភ្ជុំបិណ្ឌ។ ប៉ុន្តែចំពោះរោងចក្រមួយចំនួន អ្នកគ្រប់គ្រងរោងចក្រមិនបំពេញតាមសំណើរបស់កម្មករសម្រាប់ ការបើកប្រាក់ឈ្នួលមុននេះទេ នាំឲ្យកម្មករធ្វើកូដកម្ម ដើម្បីទទួលបានប្រាក់សម្រាប់ភ្ជុំបិណ្ឌឬអ្នកខ្លះទៀតសុខចិត្តមិនទៅស្រុកកំណើត។
យ៉ាងហោចណាស់រោងចក្រចំនួនពីរបានជាប់គាំងដោយសារតែវិវាទ ទាក់ទងនឹងបញ្ហាភ្ជុំបិណ្ឌគឺរោងចក្រ Sae Han International និងរោងចក្រ Chin Chin garment ដែលកម្មករបាននាំគ្នាធ្វើកូដកម្ម។
កម្មកររោងចក្រ Chin Chin ប្រហែល ១៥០ នាក់បាននាំគ្នាបិទផ្លូវជាតិលេខ ៤ មួយរយៈខ្លីនៅមុខរោងចក្ររបស់ខ្លួនដែលស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅពេលដែលម្ចាស់រោងចក្រនេះបាននិយាយថា គេនឹងបើកប្រាក់ខែឲ្យកម្មករចំនួនពាក់កណ្តាលមុនភ្ជុំបិណ្ឌ ជាជាងបើកប្រាក់ខែទាំងអស់។ លោក វ៉ា សារ៉ង ចៅសង្កាត់ រងនៃសង្កាត់ ចោមចៅ ក្នុងខណ្ឌ ពោធិ៍សែនជ័យ ដែលរោងចក្រនេះមានទីតាំងស្ថិតនៅថ្លែងថា៖ «កម្មករត្រូវការប្រាក់ធ្វើដំណើរទៅស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ»។
បន្ទាប់ពីការចរចារយៈពេលបួនម៉ោងលោក សារ៉ង បានថ្លែងថា អ្នកគ្រប់គ្រងរោងចក្រសុខចិត្តបើកប្រាក់ខែទាំងអស់មុនភ្ជុំបិណ្ឌ។
កម្មករនៅរោងចក្រផ្សេងៗទៀតក៏ព្យាយាមសុំរោងចក្របើកប្រាក់ឈ្នួលមុនឲ្យបានច្រើនដែរ។
អ្នកនាង ផេង ម៉េងហុង អាយុ ២៣ ឆ្នាំបានថ្លែងថា សម្រាប់ការធ្វើដំណើរទៅស្រុកកំណើតទៅលេងបុណ្យភ្ជុំបិណ្ឌនេះ អ្នកនាងទំនងជាមិនមានទិញរបស់របរច្រើនដូចសព្វដងទេ។ អ្នកនាង ម៉េងហុង និងកម្មកររួមការងារដទៃៗទៀតបានស្នើសុំឲ្យអ្នកគ្រប់គ្រងរោងចក្រ Terratex Knitting & Garment Int'l បើកប្រាក់ខែ ៧០ ដុល្លារមុនភ្ជុំបិណ្ឌ ប៉ុន្តែរោងចក្រយល់ព្រមបើកតែ ៥០ ដុល្លារ។ អ្នកនាង ម៉េងហុង បានថ្លែងកាលពីសប្តាហ៍មុនថា៖ «ចំនួនទឹកប្រាក់នេះតិចតួចណាស់ ប៉ុន្តែខ្ញុំមិនមានជម្រើស»។
និយោជកមួយចំនួនបានឆ្លៀតកេងចំណេញចំពោះតម្រូវការប្រាក់បន្ទាន់របស់កម្មករដោយយល់ព្រមបើកប្រាក់មុន ជាថ្នូរនឹងការផ្លាស់ប្តូរកិច្ចសន្យាការងាររយៈពេលវែងរបស់ពួកគេទៅជាកិច្ចសន្យាការងាររយៈពេលខ្លី។
កម្មករដទៃខ្លះទៀតបានខ្ចីប្រាក់ក្នុងអត្រាការប្រាក់ខ្ពស់ដែលអាចធ្វើឲ្យពួកគេស្ថិតក្នុងស្ថានភាពលំបាកបន្ទាប់ពីភ្ជុំបិណ្ឌរួច។
ចំពោះរោងចក្រ SL វិញ ដែលកម្មករប្រហែល ៦០០០ នាក់បានធ្វើកូដកម្មកកកុញចុះឡើង អស់រយៈពេលជាងមួយខែ អ្នកគ្រប់គ្រងរោងចក្រកាលពីសប្តាហ៍មុន បានប្រាប់ថា ខ្លួននឹងបើកប្រាក់ខែដល់កម្មករដែលធ្វើកូដកម្មពីថ្ងៃ ទី១ និង ២០ កញ្ញា ពាក់កណ្តាលមុនថ្ងៃ ភ្ជុំបិណ្ឌ ខណៈដែលអ្នកនៅធ្វើការមិនធ្វើកូដកម្មនឹងទទួលបានប្រាក់ខែពេញ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេង ៥០ ភាគរយ។
លោក ឈិន សៅ អ្នកគ្រប់គ្រងរដ្ឋបាលនៅរោងចក្រ SL បានថ្លែងថា កម្មករត្រូវបានបើកប្រាក់ឲ្យចំនួន ១៥ ដុល្លារ។
លោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ដែលតំណាងឲ្យកម្មករភាគច្រើនបំផុតនៅរោងចក្រ SL បានថ្លែងថា សហជីពបានទាមទារប្រាក់ចំនួន ៦០ ដុល្លារ ក្នុងកម្មករម្នាក់ពីមុនភ្ជុំបិណ្ឌ ប៉ុន្តែលោកមិនបានដឹងទេថាតើរោងចក្របានបើកឲ្យកម្មករហើយឬនៅ?
បើតាមអ្នកនាង សោមអ៊ីម បានឲ្យដឹងថា កម្មករម្នាក់ឈ្មោះ សឿន វី អាយុ ២៤ ឆ្នាំ និងកម្មករមួយចំនួនទៀតនៅរោងចក្រ SL ដែលឈរនៅមុខរោងចក្រកាលពីថ្ងៃចន្ទ និងដែលជាកម្មករចូលរួមធ្វើកូដកម្មនាពេលកន្លងមកបានទទួលប្រាក់ត្រឹមតែ ៧ ដុល្លារប៉ុណ្ណោះ។
នៅពេលសួរអំពីគម្រោង ភ្ជុំបិណ្ឌ លោក សឿន វី បានដាក់មុខចុះ ហើយនិយាយថា៖ «ខ្ញុំជំពាក់ថ្លៃជួលផ្ទះពីរខែហើយ និងបានខ្ចីប្រាក់ពីឪពុកម្តាយរួចហើយដែរ។ ខ្ញុំមិនមានប្រាក់ទៅស្រុកទេ»៕ PS