The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​តៃ​យ៉ាង​ចូល​ធ្វើ​ការ​វិញ​តាម​បញ្ជា​តុលាការ




កម្មករ​តៃ​យ៉ាង​ចូល​ធ្វើ​ការ​វិញ​តាម​បញ្ជា​តុលាការ

កម្មករ​តៃ​យ៉ាង​ចូល​ធ្វើ​ការ​វិញ​តាម​បញ្ជា​តុលាការ

121010_08
កម្មកររោងចក្រតៃយ៉ាងធ្វើការតវ៉ា ហែក្បួនតាមផ្លូវជាតិលេខ ៤ កាលពីពេលកន្លងមក ម៉ៃ វីរៈ

កណ្តាលៈ កម្មករ​រោង​ចក្រ Tae Young (Cambodia) Co., Ltd នៅ​ស្រុក​អង្គស្នួល បាន​នាំ​គ្នា​ចូល​ធ្វើ​ការ​វិញ​ហើយ កាល​ពី​ម្សិល​មិញ ទៅ​តាម​ការ​សម្រេច​របស់​តុលា​ការ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​កូដ​កម្មជាង​មួយ​សប្តាហ៍​មក។

ដីកា​រក្សា​ការពារ របស់​តុលា​ការ​ខេត្ត​កណ្តាល បាន​បញ្ជា​ឲ្យ​កម្មករ​ដែល​កំពុង​តែ​តវ៉ា​នៅ​រោង​ចក្រ Tae Young ឲ្យ​បញ្ឈប់​ការ​តវ៉ា​ជា​បន្ទាន់ ហើយ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ក្នុង​រយៈ​ពេល​៤៨ ម៉ោង គិត​ចាប់ពី​ថ្ងៃ​ចេញ​ដីកា​នេះ។

លោក អ៊ុន ប៊ុនគា តំណាង​កម្មករ ​ដែល​ត្រូវ​បាន​រោង​ចក្រ​បញ្ឈប់​ពីការ​ងារ ជា​ច្រើន​ខែ​មក​ហើយ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា កម្មករ​បាន​យល់​ព្រម​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​តាម​ការ​សម្រេច​របស់​តុលា​ការ លើក​លែង​តែ​មន្ត្រី​សហ​ជីព និង​តំណាង​កម្មករ​១៦​នាក់ ដែល​ត្រូវ​បាន​រោង​ចក្រ​បញ្ឈប់។ លោក​បញ្ជាក់​ថា៖​«ដីកា​នេះ​បាន​បញ្ជា ឲ្យ​តំណាង​កម្មករ និង​មន្រ្តី​សហជីព​សេរី ឬ​សហជីព​ផ្សេង​ទៀត បញ្ឈប់​ការ​ញុះញង់ ឬ​ដឹក​នាំ​កម្មករ​នៅ​រោង​ចក្រ Tae Young ធ្វើ​កូដ​កម្ម​ខុស​ច្បាប់​ទៀត»។ ជាមួយ​គ្នា​នេះ ខាង​រោង​ចក្រ បាន​ព្រមាន​កាត់​ឈ្មោះ​កម្មករ​ចេញ​ពី​រោង​ចក្រ ប្រសិន​បើ​កម្មករ​ណា​មិន​ព្រម​ចូល​ធ្វើ​ការ​តាម​ការ​សម្រេច​របស់​តុលាការ។

លោកបន្ត​ថា៖​«ខ្ញុំនិង​មន្រ្តី​សហជីព​ផ្សេង​ទៀត បាន​ប្រាប់​កម្មករ​ឲ្យ ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ព្រោះ​ថ្ងៃ​ស្អែក​(ថ្ងៃ​ពុធ) ពួកគេ​នឹង​បើក​ប្រាក់​ខែ ប្រសិន​បើ​ពួក​គេ​មិន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទេ រោងចក្រ​គិត​ថា កម្មករ​បោះ​បង់​ការ​ងារ ដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែ​យើង​នឹង​ធ្វើ​កូដកម្ម​ម្តង​ទៀត​បន្ទាប់​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​រួច»។

កម្មករ​រោង​ចក្រ Tae Young បាន​ធ្វើ​កូដ​កម្ម​ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​តុលា ​ដើម្បី​ទាម​ទារ​ឲ្យ​រោង​ចក្រ​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​តំណាង កម្មករ​១៦​នាក់ និង​ទាម​ទារ​ឲ្យ​រោង​ចក្រ ទទួល​យក​តំណាង​ទាំង​នេះ ចូល​មក​ធ្វើ​ការ​វិញ ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា ៦៦ ដុល្លារ ១៥ ដុល្លារ សម្រាប់​ការ​ធ្វើ​ដំណើរ និង​១៥ ដុល្លារ សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ក្នុង​មួយ​ខែ។

លោក ព្រាប ឡេន ប្រធាន​រដ្ឋបាល​រោងចក្រ Tae Young បាន​និយាយ​កាលពី​ថ្ងៃ​ម្សិល​មិញ​ថា កម្មករ​ដែល​ធ្វើ​កូដកម្ម​នៅ​ខាង​ក្រៅ​រោង​ចក្រ បាន​ត្រឡប់​មក​ធ្វើ​ការ​វិញ​ហើយ លើក​លែង​តែ​កម្មករ និង​មន្រ្តី​សហជីព​១៦ នាក់ មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ត្រឡប់​មក​ធ្វើ​ការ​វិញ​ទេ។

លោកបញ្ជាក់​ថា កម្មករ​បាន​គំរាម​បន្ត​ធ្វើ​ការ​តវ៉ា​ទៀត បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ។ លោក​បន្ថែម​ថា កម្មករ​មិន​យល់​អំពី​ដីកា​រក្សា​ការពារ​របស់​តុលាការ ដែល​បាន​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ក្នុង​រយៈ​ពេល​៤៨ ម៉ោង​នោះ​ទេ ព្រោះ​ពួកគេ​គិត​ថា ពួកគេ​អាច​បន្ត​កូដកម្ម​ម្តង​ទៀត បន្ទាប់​ពី​ធ្វើ​ការ​បាន ៤៨ ម៉ោង​ហើយ។

លោកបន្ត ថា៖ «ប្រសិន​បើពួក​គេ​ធ្វើ​កូដកម្ម​ម្តង​ទៀត យើង​នឹង​អញ្ជើញ​មន្រ្តី​តុលាការ មក​អាន និង​ពន្យល់​ពី​ការ​បង្គាប់​នេះ ដល់​ពួកគេ ហើយ​ប្រសិន​បើ​ពួក​គេ នៅ​តែ​ធ្វើ យើង​នឹង​ចាត់់​វិធាន​ការ​មួយ​ផ្សេង​ទៀត»។

លោកបាន​បញ្ជាក់​ទៀត​ថា៖​«ក្រុម​ហ៊ុន បើក​ប្រាក់​ខែ​ឲ្យ​តែ​កម្មករ​ណា​ដែល​ធ្វើ​ការ មិន​បើក​ឲ្យ​នរណា​ដែល​មិន​បាន​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ទេ»។

យ៉ាងណា​ក្តី លោក ព្រាប ឡេន បានឲ្យ​ដឹង​ថា រោង​ចក្រ កំពុង​តែ​ពិភាក្សា អំពី​កម្មករ និង​មន្រ្តី​សហជីព​ទាំង​១៦ នាក់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ងារ ថា​តើ ពួកគេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ធ្វើ​ការ​វិញ ឬយ៉ាង​ណា ព្រោះ​ពួក​គេ​បង្កើត​បញ្ហា​ដល់​រោង​ចក្រ​នៅ​ពេល​ដែល​ពួក​គេធ្វើ​ការ»៕ NR

អត្ថបទគួរចាប់អារម្មណ៍