
ស្វាយរៀងៈ កម្មកររាប់ពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស Manhattan និងតំបន់សេដ្ឋកិច្ចពិសេសតៃសេង ប្រមាណជា១០រោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង បានដើរចេញពីកន្លែងការងាររបស់ខ្លួន ខណៈកម្មករមួយចំនួនបាននាំគ្នាឡើងមកធ្វើការតវ៉ានៅខាងមុខ សាលាខេត្តស្វាយរៀង កាលពីព្រឹកម្សិលមិញ ដើម្បីទាមទារឲ្យបង្កើនប្រាក់ឈ្នួលអប្បបរមា និងលក្ខខណ្ឌការងារឲ្យប្រសើរ។
លោក ម៉ាន់ សេងហាក់ អគ្គលេខាធិការនៃសហជីពសេរីកម្មករ បានថ្លែងកាលពីម្សិលមិញថា រោងចក្រចំនួន ១០ នៅតំបន់សេដ្ឋកិច្ចពិសេស Manhattan និងតំបន់សេដ្ឋកិច្ចពិសេសតៃសេង គ្មានកម្មករធ្វើការទេ ព្រោះពួកគេបានចាកចេញពីកន្លែងការងារ ដែលភាគច្រើនបានវិលត្រលប់ទៅផ្ទះវិញ។ លោកបានបន្តថា៖ «ពួកគេបានទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា និងលក្ខខណ្ឌការងារដទៃទៀត ព្រោះនិយោជកបានរំលោភសិទិ្ធរបស់ពួកគេ»។
លោកបានបន្ថែមថា កម្មករបានផ្ញើលិខិតទៅសហជីពសេរីកម្មករ ដើម្បីធ្វើអន្តរាគមន៍ឲ្យពួកគេ ហើយមន្រ្តីរបស់លោកបានចុះទៅជួយពួកគេភ្លាមៗ។
លោក ផាវ ស៊ីណា ប្រធានសហជីពសមូហភាពចលនាកម្មករ បានថ្លែងកាលពីម្សិលមិញថា កម្មករជាង ៦០០ នាក់ពីរោងចក្រ Long Bright បានដើរដង្ហែទៅសាលាខេត្ត ដើម្បីស្នើសុំជំនួយពីមន្រ្តីចំពោះការទាមទាររបស់ពួកគេ។ លោកបានបញ្ជាក់ថា៖ «កិច្ចប្រជុំជាមួយនឹងមន្រ្តីសាលាខេត្ត ពុំទទួលបានដំណោះស្រាយនៅឡើយទេ ក៏ប៉ុន្តែមន្រ្តីបានបង្កើតក្រុមការងារចុះទៅពិនិត្យរោងចក្រល្ងាច នេះ(ថ្ងៃពុធ)»។
លោក ផាវ ស៊ីណា បានបន្ថែមថា សហជីព ក្រុមហ៊ុន និងសាលាខេត្ត នឹងជួបប្រជុំគ្នាថ្ងៃនេះ ដើម្បីពិភាក្សាអំពីការទាមទាររបស់កម្មករ ដើម្បីបញ្ចប់កូដកម្ម។ លោកបានថ្លែងថា៖ «ថ្ងៃនេះ យើងសង្ឃឹមថា អ្វីគ្រប់យ៉ាងនឹងដោះស្រាយរួច ហើយកូដកម្មនឹងបញ្ចប់បន្ទាប់ពីប្រជុំចប់»។
លោក វ៉ា សារុំ ប្រធានមន្ទីរការងារខេត្តស្វាយរៀង បានថ្លែងកាលពីម្សិលមិញថា កម្មករទាំងអស់បានចេញពីរោងចក្រទាំងអស់ដោយសម្រេចផ្អាកការងារ របស់ខ្លួន រហូតទាល់តែការទាមទាររបស់ពួកគេត្រូវបានដោះស្រាយ។ លោកបានបន្តថា៖ «យើងបានព្រមព្រៀងជាមួយនឹងនិយោជក ផ្អាកការងារទាំងអស់រហូតទាល់តែយើងរកដំណោះស្រាយបាន។ ពួកគេនឹងវិលត្រឡប់មកធ្វើការវិញនៅថ្ងៃចន្ទ»។ លោកបានបន្ថែមថា កិច្ចប្រជុំជាមួយនឹងនិយោជកកំពុងដំណើរការ។
លោកបានបន្តថា លោកនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចប់ការតវ៉ាទាំងអស់ នៅក្នុងខេត្តស្វាយរៀង។
ទន្ទឹមនឹងនេះ កម្មកររាប់ពាន់នាក់នៅរោងចក្រកាត់ដេរ Yung Wah Industrial បានរាំងស្ទះផ្លូវ២១បេ ជាថ្ងៃទី២ហើយ ដើម្បីធ្វើកូដកម្មទាមទារឲ្យនិយោជកបង់ប្រាក់ខែឲ្យពួកគេ។
លោក អ៊ុំ វិសាល មន្រ្តីដោះស្រាយវិវាទការងារ នៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករសម្លៀកបំពាក់កម្ពុជា (ហៅកាត់ថា ស៊ីខៅឌូ) បានថ្លែងកាលពីម្សិលមិញថា គណៈកម្មាធិការថ្មីបានបង្កើតឡើង ហើយពួកគេនឹងចុះទៅក្នុងរោងចក្រ ដើម្បីពិនិត្យគ្រឿងបរិក្ខា។ លោកបានបន្ថែមថា៖ «គ្រឿងបរិក្ខាក្នុងរោងចក្រនឹងយកទៅលក់ដើម្បីយកប្រាក់មកបើក ឲ្យកម្មករ»។
នេះគឺជាការផ្ទុះការតវ៉ាទ្រង់ទ្រាយធំលើកទីពីរ ហើយបន្ទាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កម្មករកម្មការិនីប្រមាណជា ៦ពាន់នាក់ បាននាំគ្នាធ្វើកូដកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាធេន ដើម្បីទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន ត្រូវអតីតអភិបាលក្រុងបាវិត លោកឈូក បណ្ឌិត បាញ់កម្មការិនីបីនាក់បានរងរបួសនៅក្នុងហ្វូងកម្មករ ហើយរហូតមកដល់ពេលនេះអតីតអភិបាលក្រុងរូបនោះនៅពុំទាន់បានទទួល ទោសនៅឡើយទេ ដោយតុលាការខេត្តស្វាយរៀងសម្រេចលើកចោទប្រកាន់ពីបទបង្ក របួសស្នាមដោយអចេតនា។ ប៉ុន្តែត្រូវបានអគ្គព្រះរាជអាជ្ញាប្តឹងទាស់នឹងការសម្រេចរបស់ តុលាការខេត្តស្វាយរៀង ដែលរកមិនឃើញពិរុទ្ធភាពរបស់អតីតអភិបាលក្រុងរូបនេះ។
លោកអភិបាលក្រុងរូបនោះ តម្រូវឲ្យឡើងមកឆ្លើយនៅអង្គសវនាការសាលាឧទ្ធរណ៍ថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខ៕ TK