
ភ្នំពេញៈ កម្មករ រោងចក្រ SL ប្រមាណ ១០ នាក់បានរងរបួស ដោយសារតែសន្តិសុខ និងអង្គរក្សរបស់ថៅកែរោងចក្របានគប់ដុំថ្ម និងបាញ់ចម្ពាមកៅស៊ូ មកលើពួកគេខណៈដែលកម្មករប្រមាណ ៣០០ នាក់ បានធ្វើការតវ៉ាដោយបិទកំណាត់ផ្លូវនៅខាងមុខរោងចក្រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អ្នកនាង សៀន សុផល តំណាងកម្មករបានឲ្យដឹងកាលពីម្សិលមិញថា កម្មករប្រមាណ ៣០០ នាក់ បានបិទកំណាត់ផ្លូវ ៣៧១ ខាងមុខរោងចក្រដើម្បីទាមទារលក្ខខណ្ឌមួយចំនួនពីរោងចក្រ ដោយសារតែការតវ៉ាជិត ៣ ខែមកហើយ តែនៅតែគ្មានដំណោះស្រាយ។ អ្នកនាងបានថ្លែងថា៖ «សន្តិសុខ និងអង្គរក្សរបស់ក្រុមហ៊ុន បានគប់ដុំថ្មកម្ទេចអំបែងដបស្រាបៀរ អង្គរ និងបាញ់ចម្ពាមកៅស៊ូ សំដៅមកលើកម្មករធ្វើឲ្យកម្មកររងរបួសស្រាលប្រមាណ ១០ នាក់។ អ្នករងរបួសត្រូវបានទៅព្យាបាលនៅគ្លីនិកឯកជននិងអ្នកខ្លះបានត្រឡប់ទៅផ្ទះ»។
កម្មករ យិន វណ្ណា អាយុ ២២ ឆ្នាំដែលរងរបួសចំទ្រូង ជើង និងក្បាលបាននិយាយថា រូបគេនិងកម្មករផ្សេងទៀតកំពុងនៅខាងមុខរោងចក្រ ស្រាប់តែមានកម្ទេចអំបែង និងដុំថ្មបានហោះចេញពីរោងចក្រ។ លោក វណ្ណា បានថ្លែងថា៖ «លោកមិនទៅណាទេ ទោះបីជាលោករងរបួសក៏ដោយ គឺនៅតវ៉ារហូតទាល់តែបានសម្រេច»។
ប៉ុន្តែ លោក លឹម ចាន់ដារ៉ា ជំនួយការប្រធានក្រុមហ៊ុន SL បានបដិសេធការចោទប្រកាន់ពី សំណាក់ក្រុមកម្មករ។ លោកបានថ្លែងថា៖ «អ្វីដែលកម្មករបានចោទប្រកាន់ថា សន្តិសុខរបស់រោងចក្រយើងបានប្រើហិង្សាទៅលើពួកគេនោះ គឺមិនពិតទេ តែពួកកម្មករទាំងនោះទៅវិញទេដែលបានគប់ដុំថ្ម និងអំបែងដបមកក្នុងរោងចក្រ ធ្វើឲ្យសន្តិសុខរបស់ខ្ញុំរងរបួស ២ នាក់ដែលពួកគាត់សុទ្ធតែជាជនពិការទៀតផង»។ លោក ចាន់ដារ៉ា បានអះអាងថា កម្មករតែងតែបង្កបញ្ហាមកលើរោងចក្រស្ទើរតែរាល់ថ្ងៃ។
ដោយសារតែការតវ៉ានៅខាងមុខរោងចក្រ ជិត ៣ ខែមកហើយ មិនទទួលបានដំណោះស្រាយកម្មកររោងចក្រ SL រាប់រយនាក់ កាលពីថ្ងៃចន្ទ បាននាំគ្នាមកតវ៉ា នៅខាងមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យដើម្បីសូមឲ្យលោកនាយករដ្ឋមន្ត្រី ជួយធ្វើអន្តរាគមន៍ ប៉ុន្តែក្នុងការតវ៉ានោះ មានការប៉ះទង្គិចគ្នាមួយប្រាវ ជាមួយកងកម្លាំងសមត្ថកិច្ចដែលបានធ្វើឲ្យកម្មករប្រមាណជាង ១០ នាក់ រងរបួសស្រាលផងដែរ៕