The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​នឹង​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​នៅ​ឆ្នាំ ២០១៥

កម្មករ​នឹង​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​នៅ​ឆ្នាំ ២០១៥

កម្មករ​នឹង​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​នៅ​ឆ្នាំ ២០១៥

20140307_03
កម្មករនៅពេលធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែកាលពីចុងខែធ្នូ ឆ្នាំ២០១៣ ហុង មិនា

ភ្នំពេញៈ ចាប់​ពី​ឆ្នាំ ២០១៥ ខាង​មុខ​តទៅ កម្មករ និយោជិត នឹង​ទទួល​បាន​នូវ​ប្រាក់​សោធន​និវត្តន៍​ដូច​មន្រ្តី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែរ​ដែល​នេះ​វា​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ជា​យូរ​មក​ហើយ របស់​អ្នក​ដែល​ធ្វើ​ការ​ខាង​វិស័យ​ឯកជន។ នេះ​បើ​តាម​ក្រុម​មន្ត្រី​បាន​ថ្លែង​ពី​ម្សិលមិញ។

លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៣ និង​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០១៤ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា រាជ​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​រៀបចំ​ឲ្យ​មាន​របប​ប្រាក់​សោធននិវត្តន៍​នេះ​ទៅ​ដល់​កម្មករ និយោជិត ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញតិ្ត​នៃ​ច្បាប់​ការងារ​ហើយ​ដែល​ត្រូវ​តែ​ចាប់​ផ្តើម​រៀបចំ​យន្តការ​ចាប់​ពី​ឆ្នាំ ២០១៤ នេះ​ទៅ​ផង​ដែរ។

លោក​បន្ត​ថា៖ «ការ​រៀបចំ​ឲ្យ​មាន​របប​ប្រាក់​សោធន​និវត្តន៍​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ វា​មាន​លក្ខណៈ​ស្មុគស្មាញ និង​ជា​ការងារ​បច្ចេកទេស។​ខ្ញុំ​សង្កេត​ឃើញ​ថា កម្មករ និយោជិត​ភាគ​ច្រើន​មាន​អាយុ​ប្រមាណ​ជា ៣០ ឬ ៤០ ឆ្នាំ​ចុះ​ក្រោម ដែល​ត្រូវ​គិត​គូរ​រៀបចំ​អនាគត​ពី​ពេល​នេះ​ទៅ»។

លោក អ៊ិត សំហេង បន្ថែម​ថា នៅ​ពេល​ដែល​របប​ប្រាក់​សោធននិវត្តន៍​នេះ​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៥ ទៅ​តាម​ប្រព័ន្ធ​សោធននិវត្តន៍ យ៉ាង​ហោច​ណាស់​កម្មករ​នឹង​ចូល​នៅ​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្នុង​រយៈ​ពេល ២០ឆ្នាំ ដែល​នៅ​ក្នុង​ពេល ២០ ឆ្នាំ​ក្រោយ​ទើប​ពួក​គេ​អាច​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​បាន គឺ​នៅ​ឆ្នាំ ២០៣៥ កម្មករ​ដែល​ចូល​និវត្តន៍​នឹង​អាច​រស់​បាន​ដោយ​ងាយ​ស្រួល។

លោក អ៊ុក សមវិទ្យា នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស) បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​នឹង​រៀបចំ​ឲ្យ​កម្មករ និយោជិត ក្នុង​វិស័យ​ឯកជន​មាន​ប្រាក់​សោធន​និវត្តន៍ ដែល​វា​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​កម្មករ និយោជិត នៅ​ពេល​ដែល​ពួក​គេ​ចូល​និវត្តន៍ ដោយ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​នេះ​ដូច​នឹង​មន្រ្តី​រាជការ​ដែរ។

ប៉ុន្តែ លោក សមវិទ្យា បញ្ជាក់​ថា៖«ពួក​គេ​អាច​ទទួល​បាន​ប្រាក់​នេះ លុះត្រា​តែ​ពួក​គេ​បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ក្នុង​រយៈ​ពេល ២០ឆ្នាំ ហើយ​បាន​រួម​ចំណែក​បង់​វិភាគទាន​ជាមួយ បសស របស់​យើង​យ៉ាង​តិច ៦០ខែ ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ​តែ​យើង​មិន​ទាន់​ដឹង​ថា តើ​ពួក​គាត់​ត្រូវ​បង់​ប៉ុន្មាន​នោះ​ទេ ដោយ​សារ​យើង​កំពុង​រៀបចំ»។

លោក​បន្ត​ថា កម្មករ ដែល​បាន​បំពេញ​ទៅ​តាម​បែប​បទ​អាច​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​នៅ​អាយុ ៥៥ឆ្នាំ។

យោង​តាម​របាយ​ការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ឲ្យ​ដឹង​ថា សម្រាប់​២០១៣ ប.ស.ស បាន​ទទួល​ចុះ​បញ្ជិកា សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត​តាម​បណ្តា​រាជធានី​ខេត្ត បាន​ចំនួន ១៥២៤ សហគ្រាស និង​មាន​កម្មករ​និយោជិត​ចំនួន ៧៩០៤១ នាក់។

អ្នក​ស្រី ជា សុខលី អាយុ ៣៨ ឆ្នាំ ជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​ខណ្ឌ មាន​ជ័យ បាន​សាទរ​ចំពោះ​គម្រោង​នេះ។ «ខ្ញុំ​សប្បាយ​ចិត្ត ប្រសិន​បើ​ក្រសួង​អាច​ធ្វើ​បាន​ដូច្នេះ​មែន​ពី​ព្រោះ​យើង​លែង​សូវ​ខ្វល់​ពេល​យើង​ចាស់​ទៅ​ធ្វើ​ការ​លែង​កើត»៕

អត្ថបទគួរចាប់អារម្មណ៍