
កណ្តាលៈ កម្មករប្រមាណជា៧ពាន់នាក់មកពីរោងចក្រ Yung Wah I និងរោងចក្រ Yung Wash II Industrial (Cambodia)នៅក្រុងតាខ្មៅខេត្តកណ្ដាលបាននាំគ្នាបិទផ្លូវជាតិ លេខ២១Bកាលពីព្រឹកថ្ងៃម្សិលមិញដើម្បីទាមទារប្រាក់ខែដែល ថៅកែពួកគេបានរត់គេចខ្លួនបាត់រយៈពេលជាងបីខែមកហើយ។
អ្នក ស្រី សុខ ផល្លា តំណាងកម្មករ និងជាប្រធានសហជីពស៊ីខៅឌូប្រចាំរោងចក្រ បានថ្លែងពីថ្ងៃម្សិលមិញថា កម្មករបាននាំគ្នាជួបជុំនៅខាងមុខរោងចក្រ ហើយបានបិទផ្លូវតាំងពីម៉ោង៦និង៣០នាទីព្រឹកដើម្បីទាមទារឲ្យ ថៅកែខ្លួន និងមន្ត្រីពាក់ព័ន្ធបើកប្រាក់ខែដល់ពួកគេ។ អ្នកស្រីបានបន្ថែមថា៖«ថៅកែនិងអ្នកគ្រប់គ្រងក្រុមហ៊ុន បានជិះយន្តហោះទៅបរទេសតាំងពីខែធ្នូឆ្នាំមុនម្ល៉េះ ហើយពួកគេបានប្រមូលសម្ភារចាស់យកទៅលក់ តែកម្មករមិនបានដឹងទាល់តែសោះ»។
អ្នកស្រី សុខ ផល្លា បានលើកឡើងថា អ្នកស្រីបានរាយការណ៍ប្រាប់ទៅសម្ព័ន្ធប្រជាធិបតេយ្យកម្មករកាត់ ដេរកម្ពុជា(ស៊ីខៅឌូ) ហើយបានប្រមូលឈ្មោះកម្មករទាំងអស់ដាក់ពាក្យប្ដឹងទៅក្រសួងការងារ កាលពីថ្ងៃចន្ទ មុនពេលពួកគេធ្វើការតវ៉ា។ អ្នកស្រីបានបន្តថា៖«យើងចង់បានប្រាក់ខែចំនួនពីរខែគឺខែមករា និងកុម្ភៈ ហើយបើសិនរោងចក្របិទទ្វារ ថៅកែរោងចក្រត្រូវផ្ដល់ប្រាក់អត្ថប្រយោជន៍ដល់ពួកយើងតាមច្បាប់ការងារ។ កម្មករខ្លះកំពុងប្រឈមនឹងការចេញពីផ្ទះជួលពួកគេ និងគ្មានមធ្យោបាយធ្វើដំណើរដោយសារពួកគេគ្មានប្រាក់បង់ឲ្យថ្លៃទាំងនោះ»។
កម្មករ ម្នាក់ឈ្មោះ សយ សុខជា ដែលធ្វើការនៅរោងចក្រ Yung Wash II នេះរយៈពេលជាង៨ឆ្នាំមកហើយបានឲ្យដឹងថា គាត់ពិតជាត្រូវការប្រាក់ ព្រោះគាត់មិនមានប្រាក់មួយរៀលក្នុងហោប៉ៅគាត់ទេ។ ខ្ញុំគ្មានប្រាក់...ខ្ញុំបានខ្ចីលុយពីអ្នកផ្សេងប្រហែល៥០ ដុល្លារហើយ»។
កម្មករ សយ សុខជា បានអះអាងថា កម្មករមិនមានការងារធ្វើទេតាំងពីចុងខែមុនមកម្ល៉េះតែពួកគេ នៅតែមករោងចក្រ។ គាត់បានបន្ថែមថា៖«ខ្ញុំចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពួកយើង។ យើងខ្ញុំមិនទាមទារអ្វីក្រៅតែពីប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដែលយើងខ្ញុំបានធ្វើនោះទេ»។
លោក អ៊ុំ វិសាល មន្ត្រីសម្ព័ន្ធសហជីពស៊ីខៅឌូមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ពីថ្ងៃម្សិលមិញថា រាជរដ្ឋាភិបាលត្រូវបញ្ចប់ការ តវ៉ានេះ។ លោកបានថ្លែងថា៖ «យើងយល់ថា បញ្ហាទាំងនោះ គឺរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ ពីព្រោះរាល់ការវិនិយោគ គឺវិនិយោគិនត្រូវមានប្រាក់តម្កល់មុននឹងបើកដំណើរការអាជីវកម្មរបស់ខ្លួន។ ចុះហេតុអី្វនៅពេលបិទទ្វារ អាជីវកម្មបែរជារដ្ឋាភិបាលមិនយកប្រាក់ទាំងនោះមកបើកជូនកម្មករ?»។
សម្ព័ន្ធ សហជីពស៊ីខៅឌូបានដាក់ពាក្យប្ដឹងទៅតុលាការខេត្តកណ្ដាលដើម្បីទាមទារឲ្យតុលាការចេញដីការក្សាការពារទៅក្រុមហ៊ុនកុំឲ្យយកសម្ភារ ចេញក្រៅមុនពេលពួកគេទទួលបានប្រាក់គ្រប់យ៉ាងរួចរាល់សិន។
អ្នក គ្រប់គ្រងរដ្ឋបាលនៅរោងចក្រ Yung Wah Industrial (Cambodia)គឺលោក សឿន ហួត បានថ្លែងថា លោកក៏មិនទាន់ទទួលបានប្រាក់ខែដូចកម្មករដែរ។ លោកបានបញ្ជាក់ថា៖«ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ ព្រោះរហូតមកដល់ពេលនេះ សូម្បីតែខ្ញុំក៏មិនទាន់ទទួលបានប្រាក់ខែខ្ញុំដែរ។ ថៅកែបានទៅប្រទេសសិង្ហបុរី ហើយគាត់បានប្រគល់ការងារទាំងអស់ទៅឲ្យមេធាវីក្រុមហ៊ុន»។
កម្មករ បានបន្តបិទផ្លូវពេញមួយថ្ងៃ ហើយពួកគេនឹងបន្តបិទផ្លូវម្ដងទៀតនៅថ្ងៃពុធនេះរហូតទាល់តែពួកគេ ទទួលបានប្រាក់ខែពួកគេ។
លោក ធុក វីន អនុប្រធានមន្ទីរការងារខេត្តបានមានប្រសាសន៍ថា គណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញាថ្នាក់ខេត្ត បានជួយពិភាក្សាគ្នាពីថ្ងៃម្សិលមិញដើម្បីរកដំណោះស្រាយដល់ កម្មករ។ លោកបន្តថា៖«យើងបានធ្វើពង្រាងមួយដើម្បីបង្កើតគណៈកម្មការថ្មី មួយ ចុះទៅពិនិត្យមើលសម្ភារនៅក្នុងរោងចក្រនេះ។ យើងនឹងលក់សម្ភារទាំងអស់ដើម្បីយកប្រាក់បើកប្រាក់ខែដល់កម្មករ»៕ PN