ភ្នំពេញៈ កម្មករដែលកំពុងតវ៉ានៅរោងចក្រកាត់ដេរ អូសេអង់ ហាក់បីដូចជាមានក្តីបារម្ភ ក្រោយពីម្ចាស់រោងចក្រ បានផ្អាកប្រតិបត្តិការមួយខែថា អាចនឹងបិទរហូត។
លោក ហួន វណ្ណា សហព័ន្ធសហជីពចលនាកម្មករ (CUMW) បានថ្លែងថា កម្មកររោងចក្រ អូសេអង់ ប្រមាណ ២០ ភាគរយនៃកម្មករសរុប ១៣០០ នាក់ដែលទាមទារប្រាក់ខែពេញក្នុងអំឡុងការផ្អាក បានរកការងារធ្វើនៅកន្លែងផ្សេងរីឯកម្មករដែលបម្រើការងារយូរមកហើយ កំពុងតែទាមទាររកដំណោះស្រាយមួយដែលអាចទទួលយកបាន។
លោក ហួន វណ្ណា បានបញ្ជាក់ថា៖ «កម្មករភាគច្រើនដែលបោះបង់ការតវ៉ា បានមកធ្វើការនៅរោងចក្រ អូសេអង់ ប្រមាណពី ៣ ទៅ ៤ ខែប៉ុណ្ណោះដូច្នេះវា នឹងមិនផ្តល់ប្រយោជន៍ច្រើនទេ ដើម្បីឲ្យពួកគេបន្តធ្វើការតវ៉ា»។
ខណៈដែលកម្មករខ្លះ បានស្វែងរកការងារផ្សេងភាគច្រើននៃកម្មករ ១២១៤ នាក់ ដែលកំពុងធ្វើកូដកម្មបានធ្វើការនៅរោងចក្រ អូសេអង់ ជាង ១ ទសវត្សរ៍មកហើយ ហើយមានសិទ្ធិទទួលបានប្រាក់អតីតភាព ប្រសិនបើរោងចក្រនេះបិទជារៀងរហូត។
កម្មកររោងចក្រ អូសេអង់ បានចាប់ផ្តើមតវ៉ាកាលពីថ្ងៃ ទី២៤ ខែឧសភា បន្ទាប់ពីគណៈគ្រប់គ្រងបានប្រកាសថា ពួកគេ នឹងបិទរោងចក្រ ១ ខែចាប់ពីថ្ងៃ ទី២៦ ខែឧសភា ដោយសារតែមានការកម៉្មង់តិចតួច ហើយកម្មករម្នាក់ នឹងទទួលបានប្រាក់ ១៥ ដុល្លារក្នុងអំឡុងពេលផ្អាក។ កូដករ បានទាមទារឲ្យរោងចក្រ អូសេអង់ បើកប្រាក់ខែពេញក្នុងអំឡុងពេលផ្អាកការងាររបស់ពួកគេ។
ប្រធាន CUMW លោក ប៉ាវ ស៊ីណា កាលពីថ្ងៃចន្ទ បានថ្លែងថា ប្រសិនបើរោងចក្រ និងក្រសួងការងារ មិនមានដំណោះស្រាយទេ កម្មករមិនអាចទទួលយកបានទេ ពួកគេនឹង «ធ្វើការតវ៉ាធំ» មួយជាការដើរក្បួនទៅក្រសួងការងារនៅថ្ងៃស្អែក។
កាលពីសប្តាហ៍មុន ប៉ូលិស បានរារាំងមនុស្សប្រមាណ ១ ពាន់នាក់ដែលព្យាយាមដើរចេញពីរោងចក្រនៅ ខណ្ឌពោធិ៍សែនជ័យ ទៅក្រសួងការងារ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
ប្រតិកម្មផ្លូវអារម្មណ៍ បានកើតចេញពីកម្មករដែលមានការខឹងសម្បាដោយវាយបំបែកម៉ាស៊ីនស្គែនម្រាមដៃនៅរោងចក្រនោះកាលពីថ្ងៃម្សិលមិញ និងបានរៃអង្គាសប្រាក់ដើម្បីទិញមាន់ និងផ្លែឈើដើម្បីបួងសួង។
លោក ធី អ្នកធ្វើកូដកម្មដែលបដិសេធមិនប្រាប់ត្រកូល បាននិយាយឲ្យដឹងថា៖ «យើងបួងសួងឲ្យជំនាងរោងចក្រជួយដោះស្រាយបញ្ហារបស់យើង។ វា ជាប្រពៃណីរបស់យើង ប៉ុន្តែវាមិនមានន័យថា យើងនឹងឈប់ស្នើឲ្យមន្រ្តីរដ្ឋាភិបាលធ្វើអន្តរាគមន៍ទេ»។
មន្រ្តីរោងចក្រ អូសេអង់ ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ កាលពីម្សិលមិញបាននិយាយឲ្យដឹងថា រោងចក្រនោះនឹងនៅតែបិទរហូតដល់ថ្ងៃ ទី២៦ ខែមិថុនា៕