ភ្នំពេញៈ មិនដល់មួយសប្តាហ៍ផង កម្មកររោងចក្រពីរនាក់នៅរោងចក្រកាត់ដេរពីរផ្សេងគ្នាបានស្លាប់ គឺមុនពេលកម្មករជិត១៤០នាក់នៅរោងចក្រមួយទៀតដួលសន្លប់ពីចុងសប្តាហ៍មុន។
លោក សំ អ៊ុន មន្រ្តីនៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់កាលម្សិលមិញថា ប.ស.ស កំពុងធ្វើការស៊ើបអង្កេតទៅលើករណីស្លាប់របស់លោក វន ស៊ីតា អាយុ៣៩ឆ្នាំ ដែលបានស្លាប់កាលថ្ងៃទី១៩ ខែកក្កដា និងអ្នកនាង នៅ ប៉ាស អាយុ៣៥ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីដួលសន្លប់នៅកន្លែងការងារ។ ការស្លាប់របស់អ្នកនាង ប៉ាស គឺ៥ថ្ងៃបន្ទាប់ពីការស្លាប់របស់លោក ស៊ីតា។
សាកសពរបស់លោក ស៊ីតា ត្រូវគេឃើញនៅក្នុងរោងចក្រកាត់ដេរ New Archid ជាកន្លែងគាត់ធ្វើការនៅទីនោះ។
បន្ទាប់ពីធ្វើការងារពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ លោក ស៊ីតា បានដេកនៅនឹងរោងចក្រនៅយប់គាត់ស្លាប់នោះ។ នេះបើតាមការឲ្យដឹងពីកម្មការិនីឈ្មោះ ពុំ នួន អាយុ៣៥ឆ្នាំ។ អ្នកនាងបានប្រាប់ថា គាត់បានស្លាប់នៅម៉ោងប្រហែល៦ព្រឹក។
អ្នកនាង ពុំ នួន និយាយថា៖ «យើងធ្វើការថែមម៉ោងពីម៉ោង ៤ ល្ងាចដល់ម៉ោង១០យប់ [បន្តពីការងារតាំងពីម៉ោង៧ព្រឹក] ជារៀងរាល់ថ្ងៃដោយសារយើងត្រូវការប្រាក់»។ «ពីមុនពេលគាត់ស្លាប់ សុខភាពរបស់គាត់ហាក់បីដូចជាធម្មតា។ ខ្ញុំមិនដែលឮគាត់ត្អូញត្អែរថាឈឺទេ»។
៥ថ្ងៃ បន្ទាប់មកអ្នកគ្រប់គ្រងនៅរោងចក្រ Sangwoo (Cambodia) បានបញ្ជូនអ្នកនាង នៅ ប៉ាស អាយុ ៣៥ ឆ្នាំទៅកាន់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីរោងចក្រ បន្ទាប់ពីនាងបានដួលសន្លប់នៅកន្លែងការងារនៅវេលាម៉ោងប្រហែល៨ព្រឹក។ នេះបើតាម លោក ជីវ សុខថេង អ្នកគ្រប់គ្រងធនធានមនុស្សរបស់រោងចក្រ Sangwoo បានឲ្យដឹងកាលពីម្សិលមិញ។
នៅពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យឃើញថាអ្នកនាង ប៉ាស មានជំងឺសួតដែលមិនអាចនឹងកំណត់អត្តសញ្ញាណបានដែលបណ្តាលមកពីមានសារធាតុរាវនៅក្នុងសួតនាង។ នាង ប៉ាស បានស្លាប់នៅមន្ទីរពេទ្យនៅវេលាម៉ោងប្រហែល៥:៣០នាទីនៅល្ងាចថ្ងៃបញ្ជូនទៅនោះ។
លោក សុខ ថេង បានថ្លែងថា៖ «នៅមន្ទីរពេទ្យរដ្ឋមិនមានឧបករណ៍គ្រប់គ្រាន់ មិនមានថ្នាំគ្រប់គ្រាន់ មិនមានគ្រូពេទ្យជំនាញគ្រប់គ្រាន់»។ លោកបានបន្តថា បុគ្គលិកដែលមានរបួសនៅកន្លែងការងារជាធម្មតាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តពីព្រោះនៅជិតជាងគេបំផុត។ លោកថា៖ «ខ្ញុំពិតជាសោកស្តាយណាស់ នៅពេលកម្មករក្នុងរោងចក្រខ្ញុំស្លាប់ដូច្នេះ»។
លោកវេជ្ជបណ្ឌិត គង់ ប៊ុនលី ប្រធានផ្នែកបច្ចេកទេសនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ថានភាពរបស់កម្មការិនី នៅ ប៉ាស ប្រហែលជាមិនធ្ងន់ធ្ងរដល់ស្លាប់ទេ ប្រសិនបើទទួលបានការព្យាបាលតាំងពីដំបូង។
ចំពោះស្ថានភាពជំងឺរបស់អ្នកនាង នៅ ប៉ាស គឺគាត់មិនគួរធ្វើការងារច្រើនម៉ោងបែបនេះទេ។
បន្ទាប់ពីកម្មការិនី នៅ ប៉ាស ស្លាប់ កម្មករ-កម្មការិនី នៅរោងចក្រ Sixplus Industry Co. នៅក្នុងខេត្តកណ្តាល ចំនួន១៣៩ នាក់បានដួលសន្លប់បន្តបន្ទាប់ផងដែរ។ នេះបើតាមមន្ត្រីក្រសួងការងារបានបញ្ជាក់កាលម្សិលមិញ៕ PS