ភ្នំពេញៈ ខណៈដែលកម្មកររាប់ម៉ឺននាក់ បានចូលរួមយុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួល ១៧៧ ដុល្លារ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានគូសបញ្ជាក់ថា ការដំឡើងប្រាក់ខែអាចធ្វើទៅបាន តែក្នុងករណីដែលគ្រប់ភាគីទាំងអស់ធ្វើការរួមគ្នា ហើយកំណត់នូវចំណុចរួមមួយប៉ុណ្ណោះ ជាមួយនឹងការព្រមានថា ការដំឡើងប្រាក់ខែខ្ពស់ពេក អាចនឹងធ្វើឲ្យមានហានិភ័យទាំងថៅកែ និងកម្មករ។
យុទ្ធនាការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា ១៧៧ ដុល្លារដែលដឹកនាំដោយសហជីពធំៗចំនួន ១៨ នៅទូទាំងរាជធានី ខេត្ត ត្រូវបានធ្វើឡើងកាលពីម្សិលមិញ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីកម្មករ។ នេះបើតាមមេដឹកនាំសហជីព។ ដូចការគ្រោងទុក នៅម៉ោងជិត ១២ ថ្ងៃត្រង់ ស្របពេលដែលកម្មករសម្រាកពីការងារនៅតាមបណ្តារោងចក្រនីមួយៗ ថ្នាក់ដឹកនាំសហជីព និងកម្មកររាប់ពាន់នាក់បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដោយមានការប្រមូលផ្តុំ លើកបដាស្រែកទាមទារ និងពាក់អាវពណ៌ទឹកក្រូចដែលសរសេរអក្សរថា «យើងត្រូវការប្រាក់ឈ្នួល ១៧៧ ដុល្លារ» ភ្ជាប់ជាមួយនឹងរូបសញ្ញាក្រុមហ៊ុនបញ្ជាទិញធំៗ ដូចជា H&M, PUMA, GAP និង ADIDAS ជាសារទៅកាន់ថៅកែរោងចក្រ និងអ្នកបញ្ជាទិញ ក៏ដូចជា រដ្ឋាភិបាលពីគោលបំណងនៃយុទ្ធនាការនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងនៅក្នុងបរិវេណសួនឧស្សាហកម្ម កាណាឌីយ៉ា ដែលជាទីតាំងមានការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមរវាងកម្មករ និងអាជ្ញាធរ ក្នុងគ្រាដែលកម្មករបានធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារ នៅដើមឆ្នាំនេះថា យុទ្ធនាការនេះគឺជាការទាមទារដោយសន្តិវិធី និងជាការផ្ញើសារទៅកាន់ក្រុមអ្នកបញ្ជាទិញ ពីតម្រូវការរបស់កម្មករដើម្បីជីវភាពរស់នៅសមរម្យ។
លោកឲ្យដឹងថា យុទ្ធនាការនេះ មានការប្រមូលផ្តុំប្រមាណ ២០០ កន្លែងដោយមានការចូលរួមពីកម្មកររាប់ម៉ឺននាក់ និងបានដំណើរការយ៉ាងរលូន។ លោក អាត់ ធន់ ជឿជាក់ថា អ្នកបញ្ជាទិញអាចដាក់សម្ពាធលើរដ្ឋាភិបាល និងថៅកែរោងចក្រឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មករបានតាមរយៈការបញ្ជាទិញរបស់ពួកគេ។
លោក អាត់ ធន់ បញ្ជាក់ថា៖ «យើងរំពឹងថា អ្នកបញ្ជាទិញ នឹងចេញមុខគាំទ្រ»។
ចំណែក លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ ដែលបានរៀបចំយុទ្ធនាការប្រមូលផ្តុំកម្មករជិត ២ ពាន់នាក់នៅម្តុំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការប្រមូលផ្តុំនេះ មិនមានការប៉ះទង្គិចណាមួយកើតឡើងឡើយ បើទោះបីជាមានការដាក់សមត្ថកិច្ចមួយចំនួនចាំឃ្លាំមើលក្តី។
បើតាម លោក អាត់ ធន់ យុទ្ធនាការនេះ គឺជាជំហាន ទី១ ក្នុងការទាមទារ ខណៈដែលកិច្ចប្រជុំស្ដីពីប្រាក់ឈ្នួលនឹងត្រូវបន្តធ្វើឡើងនៅដើម ខែតុលា ការខាងមុខ។ លោកបន្តថា ជំហាន ទី២ គឺសហជីព នឹងដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសមហាអំណាចដើម្បីសុំឲ្យពួកគេជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា និងថៅកែរោងចក្រឲ្យដំឡើងប្រាក់ឈ្នួលសមរម្យដល់កម្មករ។

ជាមួយគ្នានេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី «លក្ខណៈវិនិច្ឆ័យ ផ្នែកសង្គម និងសេដ្ឋកិច្ច សម្រាប់ដំណើរការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់សហជីព តំណាងនិយោជក មន្រ្តីក្រសួង និងអង្គការស្ថាប័នពាក់ព័ន្ធជាច្រើនទៀតកាលពីម្សិលមិញដែរថា គ្រប់ភាគីទាំងអស់ នឹងបន្តធ្វើការរួមគ្នាដើម្បីសម្រេចនូវគោលដៅរួម និងត្រូវចៀសវាងនូវការទាមទារណាមួយ ដែលគ្មានមូលដ្ឋានធ្វើឲ្យភាគីនីមួយៗមិនអាចទទួលយកបាន។
លោកមានប្រសាសន៍ថា៖ «ក្រោយពីព្រឹត្តិការណ៍ចុង ឆ្នាំ២០១៣ និងដើម ឆ្នាំ២០១៤ មកក្រសួង និងរាជរដ្ឋាភិបាលបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីកែសម្រួលនូវនីតិវិធី ហើយនឹងរៀបចំសកម្មភាពនានាដើម្បីធ្វើឲ្យមានកិច្ចសហការគ្នាកាន់តែល្អប្រសើរឡើង»។
លោក សំហេង បានឲ្យដឹងថា ចាប់ពីឆ្នាំនេះទៅ ប្រទេសកម្ពុជា មានយន្តការកំណត់ការដំឡើងប្រាក់ឈ្នួលជូនកម្មករជារៀងរាល់ឆ្នាំ។ ដូចនេះ អ្នកដែលទៅធ្វើបាតុកម្ម គឺគ្រាន់តែជាលេសមួយប៉ុណ្ណោះ ពីព្រោះ បញ្ហាទាំងឡាយគួរតែយកដាក់លើតុដើម្បីធ្វើការដោះស្រាយរួមគ្នា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា៖ «ទាំងសហជីព និងនិយោជក កំពុងតែមានយុទ្ធនាការទាំងសងខាង ដោយខាងនិយោជកបានបង្ហាញពីការធ្លាក់ចុះ ពីការបញ្ជាទិញ នៅពេលដែលមានការជជែកពីប្រាក់ឈ្នួល។ ខ្ញុំមិនបន្ទោសចំពោះសហជីពក្នុងប្រទេសដែលធ្វើយុទ្ធនាការនេះទេ ដោយសារនេះជាយុទ្ធនាការអន្តរជាតិ។ នេះជារឿងធម្មតាទេ»។
ជាមួយគ្នានេះ លោក អ៊ិត សំហេង ក៏បានព្រមានដែរថា៖ «ការដំឡើងប្រាក់ឈ្នួលខ្ពស់ពេកធ្វើឲ្យមានហានិភ័យ ដែលធ្វើឲ្យអ្នកវិនិយោគ គ្មានលទ្ធភាពផ្តល់ជូន រោងចក្របិទ និងកម្មករបាត់បង់ការងារ»។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ប្រសិនបើការដំឡើងប្រាក់ឈ្នួលទាបពេក ក៏បណ្តាលឲ្យមានហានិភ័យដែរគឺកម្មករ មិនអាចទទួលយកបាន មិនអាចរស់នៅបានសមរម្យ ហើយផលិតកម្មមិនអាចដំណើរការទៅបានដែរ។ «ដូចនេះ ប្រាក់ឈ្នួលត្រូវតែសមស្រប»។
កម្មការិនី ណុប សាវ៉េត អាយុ ៣៣ឆ្នាំ ដែលបានចូលរួមយុទ្ធនាការកាលពីម្សិលមិញបានឲ្យដឹងថា ប្រាក់ឈ្នួលដែលនាងទទួលបាន ១០០ ដុល្លារសព្វថ្ងៃ មិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានឡើយ បើទោះបីជាចាយសំចៃយ៉ាងណាក្តី។
សាវ៉េត គាំទ្រទាំងស្រុង ចំពោះយុទ្ធនាការនេះ ដោយនិយាយថា៖ «ខ្ញុំតែងចូលរួមរាល់ការទាមទារដំឡើងប្រាក់ឈ្នួលនេះ តាំងពីឆ្នាំមុនមកម៉្លេះ ខ្ញុំខ្លាចការប៉ះទង្គិចគ្នា តែខ្ញុំគ្មានវិធីអ្វីផ្សេងនោះទេ ក្រៅពីការចូលរួមតវ៉ានេះ»៕