កណ្តាលៈ យ៉ាងហោចមានកម្មករប្រមាណជា ៥ នាក់រងរបួស ដែលម្នាក់មានផ្ទៃពោះផង នៅក្នុងការប៉ះទង្គិចគ្នារវាងកម្មករតវ៉ានិងកម្មករចូលធ្វើការ នៅរោងចក្រ តេយ៉ុង នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃពុធកន្លងមក។
លោក សៀង រិទ្ធី ប្រធានសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា បានប្រាប់ថា កម្មករប្រមាណ ៥០០ បានតវ៉ាជាច្រើនថ្ងៃមកហើយទាមទារឲ្យរោងចក្រទទួលយកតំណាងសហជីពចំនួន ៦ នាក់ចូលធ្វើការវិញ ឲ្យបញ្ឈប់មន្រ្តីក្រុមហ៊ុនពីរនាក់ ឈប់បង្ខំកម្មករឲ្យធ្វើការថែមម៉ោង និងទាមទារលក្ខខណ្ឌមួយចំនួនទៀត។
លោក សៀង រិទ្ធី បន្តថា៖ «ការតវ៉ាមានការប្រទូស្តរាយគ្នារហូតឈានដល់មានអ្នករបួស ប៉ុន្តែ មិនធ្ងន់ធ្ងរទេ។ ក្រុមហ៊ុនបានជួលជើងកាងមកពីខាងក្រៅមកបង្កបញ្ហាជាមួយនឹងកម្មករដែលកំពុងតវ៉ា បន្ទាប់មកពួកគេបានរត់ចូលទៅក្នុងរោងចក្រវិញ»។
លោកឲ្យដឹងទៀតថា កម្មករនៅតែបន្តតវ៉ារហូតមានដំណោះស្រាយ ដោយសារកម្មករបារម្ភពីការរំលោភសិទ្ធិ និងការគាបសង្កត់ពីរោងចក្រពេលពួកគេចូលធ្វើការវិញដោយសារតែគ្មានតំណាងនៅធ្វើការជាមួយ។
លោក ឡោ សុភ័ក្រ អនុប្រធានសហជីពនេះដែលដឹកនាំកម្មករទៅតវ៉ាឲ្យក្រសួងការងារអន្តរាគមន៍ កាលពីម្សិលមិញបានឲ្យដឹងថា លទ្ធផលជាផ្លែផ្កាមិនទាន់ទទួលបានទេ ប៉ុន្តែខាងមន្រ្តីផ្នែកដោះស្រាយបាតុកម្ម កូដកម្មថា នឹងរាយការណ៍ទៅរដ្ឋមន្រ្តីឲ្យជួយអន្តរាគមន៍។
លោក ម៉ៅ ផល្លា ទីប្រឹក្សាប្រធានរដ្ឋបាលរោងចក្រ តេយ៉ុង ដែលកម្មករទាមទារឲ្យក្រុមហ៊ុនបញ្ឈប់បាននិយាយថា ការទាមទាររបស់សហជីពមួយនេះ ខាងរោងចក្រមិនអាចទទួលយកបានទេ។
លោកនិយាយថា៖ «យើងបានសម្រេចបញ្ឈប់ពួកគេពីការងារមកពីពួកគេមិនគោរពគោលការណ៍ក្រុមហ៊ុន មិនមកធ្វើការ និងបង្កហិង្សាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់រោងចក្រទៀតផង»។
លោក ម៉ៅ ផល្លា បន្តថា មុននឹងក្រុមហ៊ុនធ្វើការបញ្ឈប់ពួកគេពីការងារ លោកបានណែនាំពួកគេជាច្រើនលើកច្រើនសាឲ្យពួកគេមកធ្វើការ និងគោរពថ្នាក់ដឹកនាំក្រុមហ៊ុន ប៉ុន្តែពួកគេមិនព្រមស្តាប់ទេ ហើយថែមទាំងបង្កបញ្ហាដល់ក្រុមហ៊ុនរហូត។
លោក ម៉ៅ ផល្លា បានបញ្ជាក់ថា៖ «មិនមែនមានតែសហជីពមួយឬពីរទេ តែមានសហជីពរហូតដល់ទៅ ១១ សហជីព ប៉ុន្តែ សហជីពមួយចំនួនបានស្តាប់តាមការណែនាំរបស់ក្រុមហ៊ុន ប៉ុន្តែមានសហជីពខ្លះមិនធ្វើតាមការណែនាំទេ។ ប្រសិនបើតុលាការបង្គាប់ឲ្យពួកគេចូលធ្វើការវិញ នោះយើងនឹងធ្វើតាម ប៉ុន្តែ តុលាការបានចោទប្រកាន់ពួកគេរួចទៅ ហើយ ដូចនេះការទទួលយកវិញ មិនអាចទៅរួចទេ»។
លោក ម៉ៅ ផល្លា បន្ថែមថា ក្រុមហ៊ុនមិនហាមឃាត់ការតវ៉ារបស់កម្មករទេ ប៉ុន្តែសុំឲ្យពួកគេត្រូវគោរពច្បាប់ និងមិនត្រូវប្រើហិង្សាដល់កម្មករដែលព្រមចូលធ្វើការឡើយ៕