ភ្នំពេញៈ កម្មករប្រមាណ៤០០នាក់ កាលពីម្សិលមិញបានប្រមូលផ្តុំនៅក្រៅក្រសួងសង្គមកិច្ចដើម្បីអង្វរឲ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលបន្ទាប់ពីអស់រយៈពេលបីខែកន្លងទៅដោយមិនបានបើកប្រាក់ខែដែលជំពាក់កម្មករនៅឡើយ។
លោក ខែម ចំណាន តំណាងសហជីពសេរីកម្មករនៅរោងចក្រផាញ ហ្គ្រេត ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងថា នេះគឺជាការប្រមូលផ្តុំតវ៉ាលើកទីបី។
លោកថ្លែងបន្តថា៖ «និយោជកនៃរោងចក្រផាញ ហ្គ្រេតនេះបានរត់កាលពីខែមេសា ដោយមិនបានបើកប្រាក់ឈ្នួលដល់កម្មករហើយតែពួកគេមិនទទួលបានអ្វីសោះមកដល់ពេលនេះ»។
លោកបន្តថា៖ «ខ្ញុំគិតថាក្រសួងការងារមិនបានធ្វើការឲ្យបានគ្រប់គ្រាន់ចំពោះករណីនេះទេ ពីព្រោះថាមិនមែនទើបតែកើតឡើងថ្មីៗនេះទេ ប៉ុន្តែវាបានកើតឡើងរយៈពេលជាងបីខែកន្លងមកហើយ»។
កាលពីដើមខែឧសភា កម្មករជាង៧០០នាក់មកពីរោងចក្របិទទ្វារមួយនោះត្រូវបានរោងចក្រសន្យាថា នឹងបើកឲ្យនូវប្រាក់រំឭកប៉ុន្តែនៅពេលពួកគេទៅដល់រោងចក្រពួកគេឃើញថា សម្ភារត្រូវបានដឹកចេញ ហើយម្ចាស់បានរត់គេចបាត់។
កម្មករដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងកាលពីម្សិលមិញនៅមុខក្រសួងសង្គមកិច្ចថា នាងនឹងតវ៉ារហូតដល់នាងទទួលបានប្រាក់ឈ្នួលនេះ។
អ្នកនាងបន្តថា៖ «ខ្ញុំធ្វើការងារប្រហែល២សប្តាហ៍ដូច្នេះខ្ញុំមិនអាចអនុញ្ញាតឲ្យនិយោជកដើរចេញដោយមិនមានការទទួលខុសត្រូវចំពោះយើងនោះទេ។យើងធ្វើការឲ្យពួកគេហត់ណាស់ ដូច្នេះពួកគេត្រូវតែបើកលុយឲ្យថ្លៃកម្លាំងពលកម្មរបស់យើង»។
នាងថ្លែងថា៖«យើងនឹងមកសុំក្រសួងសង្គមកិច្ចជួយយើងជារៀងរាល់ថ្ងៃប្រសិនបើពួកគេនៅតែនៅស្ងៀមចំពោះយើង»។
លោក វង្ស សុវណ្ណ អគ្គលេខាធិការនៃគណៈកម្មាធិការដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងសង្គមកិច្ច បានថ្លែងកាលពីម្សិលមិញថា ក្រសួងបានបង្កើតគណៈកម្មាធិការថ្មីមួយសម្រាប់ដោះស្រាយករណីរោងចក្រផាញ ហ្គ្រេត។
សមាជិក គណៈកម្មាធិការថ្មីមួយមិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញ ប៉ុន្តែលោក វង្ស សុវណ្ណ បានថ្លែងថា គណៈកម្មាធិការថ្មីនេះកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីស្វែងរកដំណោះស្រាយជូនដល់កម្មកររោងចក្រផាញ ហ្គ្រេត។
លោកបន្តថា៖ «គណៈកម្មាធិការបានជួបជាមួយក្រុមកម្មករនិងមន្រ្តីសហជីពដើម្បីស្វែងរកដំណោះស្រាយហើយយើងបានប៉ាន់ប្រមាណថា កម្មករនឹងមិនអាចទទួលបានគ្រប់គ្រាន់សម្រាប់ប្រាក់ឈ្នួលនិង អត្ថប្រយោជន៍របស់ពួកគេទេ ដូច្នេះយើងបានបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការដើម្បីចាត់វិធានការទៅតាមច្បាប់»។
លោក វង្ស សុវណ្ណ បានថ្លែងដែរថា តុលាការអាចចេញដីកាដើម្បីលក់សម្ភារទាំងអស់នៅក្នុងរោងចក្រ ហើយប្រសិនបើមិនគ្រប់គ្រាន់ពួកគេនឹងចេញដីកាចាប់ខ្លួននិយោជកដើម្បីសងប្រាក់ទៅកម្មករ៕ PS