កណ្តាលៈ កម្មករ និងមេដឹកនាំសហជីព បានថ្លែងកាលពីម្សិលមិញថា កម្មករ នៅរោងចក្រកាត់ដេរ Yung Wah I និង II ទទួលបានប្រាក់ ៩៥ ភាគរយ ជាប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ដែលរោងចក្រជំពាក់ពួកគេ ខណៈកម្មករនៅរោងចក្រ Kingsland បន្តរង់ចាំប្រាក់ឈ្នួល ដែលរោងចក្រក៏ជំពាក់ពួកគេដូចគ្នាដែរ។
លោក ផៅ ប៊ុនឈឿន អភិបាលរងខេត្តកណ្តាល បានអះអាងកាលពីថ្ងៃអង្គារថា កម្មករជាង៧០០០ នាក់ នៅរោងចក្រទីក្រុងតាខ្មៅ នឹងទទួលបានប្រាក់សរុបចំនួន ៦,៥ លានដុល្លារអាមេរិក ដែលជាប្រាក់ទទួលបានពីកម្ចីថវិកាជាតិ។ លោកបានថ្លែងនៅថ្ងៃពុធថា ៖ «យើងនឹងប្រើប្រាស់ប្រាក់នេះដោយប្រុងប្រយ័ត្ន។ កុំបារម្ភអំពីអំពើពុករលួយ ព្រោះ ... ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគណនាវាទាំងអស់ មុនពេលបញ្ជូនមកឲ្យយើង»។ លោក ប៊ុនឈឿន បានបន្ថែមកាលពីម្សិលមិញថា៖ «អ្វីគ្រប់យ៉ាង ប្រព្រឹត្តទៅយ៉ាងរលូន ហើយយើងនឹងបញ្ចប់ការងារនៅថ្ងៃស្អែក»។
លោក សុខ ផល្លា តំណាងកម្មករ បានថ្លែងកាលពីថ្ងៃពុធថា បុគ្គលិករដ្ឋបាលខ្លះ បានទទួលប្រាក់រហូតដល់ទៅ ២០០០០ ដុល្លារអាមេរិក ចំណែកឯកម្មករទទួលបានប្រាក់ច្រើនរហូតដល់ទៅ ៤០០០ ដុល្លារអាមេរិក ក្នុងមួយនាក់ៗ។
លោក ជឹម ឃៀង មន្រ្តីច្បាប់នៅសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក៏បានឲ្យដឹងផងដែរថា កម្មកររោងចក្រយ៉ុងវ៉ា ប្រហែល ៩៥ ភាគរយ ទទួលបានប្រាក់។
រោងចក្រកាត់ដេរ Yung Wah I និង II បានបិទទ្វារ ដោយគ្មានសេចក្តីប្រកាស កាលពីចុងខែធ្នូ ដោយជំពាក់ប្រាក់កម្មកររាប់លានដុល្លារអាមេរិក។
លោក Dave Welsh អ្នកគ្រប់គ្រងប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកដើម្បីសាមគ្គីភាព ការងារអន្តរជាតិ បានថ្លែងថា លោកមានមន្ទិល ចំពោះតួលេខរបស់លោក ឈឿន។ លោកបានបន្ថែមថា៖ «យើងបានឮតួលេខពី ៩០០០០ ដុល្លារអាមេរិក រហូតដល់ ៦,៥ លានដុល្លារអាមេរិក ដែលហាក់ដូចជាមិនគួរឲ្យជឿ។ ប៉ុន្តែ ក្នុងទស្សនៈនយោបាយ បញ្ហានេះពិតជាបង្ហាញតួអង្គដទៃទៀត អាចពាក់ព័ន្ធក្នុងការបង់ឲ្យកម្មករ ក្នុងស្ថានការណ៍បែបនេះ»។
នោះមិនទាន់កើតឡើងនៅរោងចក្រកាត់ ដេរ Kingsland ក្នុងរាជធានី ភ្នំពេញ ដែលបានបិទទ្វារផងដែរ នៅចុងខែធ្នូនោះទេ។
កម្មករជាង ៩០ នាក់ ពីរោងចក្រ Kingsland ដែលជារោងចក្រផ្គត់ផ្គង់ដល់ Walmart និង H&M បានធ្វើដំណើរទៅការិយាល័យ H&M ដើម្បីអំពាវនាវសុំអន្តរាគមន៍កាលពីម្សិលមិញ។
តំណាង របស់ពួកគេឈ្មោះ អូន បយ បានថ្លែងថា លោកមិនយល់ទេថា ហេតុអ្វីរដ្ឋាភិបាលបង់ប្រាក់ឲ្យកម្មករ រោងចក្រ Yung Wah ប៉ុន្តែមិនបង់ប្រាក់ឲ្យកម្មករនៅរោងចក្រ Kingsland នោះទេ។
លោកលើកឡើងថា៖«យើងជាកម្មករដូចគ្នារស់នៅក្នុងប្រទេសតែមួយ »។ លោកបន្តថា កម្មករទទួលដំណឹងថា ក្រុមហ៊ុន H&M នឹងជួបក្រសួងសង្គមកិច្ច នៅថ្ងៃទី ១ ខែមីនា អំពីប្រាក់ឈ្នួលដែលជំពាក់កម្មករ៕ TK