ភ្នំពេញៈ កម្មករជិតមួយពាន់នាក់នៅរោងចក្រ សាន់វែលស៊ូ (Sun Well Shoes) នឹងវិលចូលធ្វើការវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីពួកគេបានធ្វើកូដកម្មអស់រយៈពេលជាង២សប្តាហ៍ ស្របពេលគ្នានឹងមន្រ្តីសហជីពរោងចក្រនេះចំនួនបួននាក់ត្រូវចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីបណ្តឹងរបស់ក្រុមហ៊ុនដែលទទួលបានដីការក្សាការពារ។
លោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ (WFUF) បានថ្លែងកាលពីម្សិលមិញថា ដំណោះស្រាយសម្រាប់ជម្លោះរយៈពេលដ៏យូរនៅរោងចក្រ Sun Well Shoes នេះបានឈានដល់ព្រមព្រៀងគ្នាហើយបន្ទាប់ពីការចរចាគ្នារយៈពេល៥ម៉ោងរវាងសហជីព តំណាងក្រុមហ៊ុន និងមន្រ្តីក្រសួងការងារ។
លោកបន្តថា៖ «កម្មករយល់ព្រមត្រឡប់ចូលធ្វើការវិញនៅថ្ងៃស្អែក ពីព្រោះក្រុមហ៊ុនបានទទួលយកចំណុចដែលកម្មករបានទាមទារ»។
លោក សៀង សម្បត្តិ បានថ្លែងបន្តថា ក្រុមហ៊ុនយល់ព្រមបើកប្រាក់ ៥០ដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការបញ្ចប់កិច្ចសន្យាទៅកម្មករ ក្រុមហ៊ុននឹងធ្វើកិច្ចសន្យាថ្មីជាមួយកម្មករដោយរក្សាទុកអតីតភាពនិងអត្ថប្រយោជន៍ដទៃទៀតដែលពួកគេបានធ្វើការនៅក្នុងកិច្ចសន្យាចាស់ ហើយក្រុមហ៊ុននឹងផ្តល់ឧបករណ៍សុវត្ថិភាពដូចជា ស្រោមដៃ ម៉ាស់ និងវត្ថុដទៃៗទៀត។
បើតាមរបាយការណ៍នៃកិច្ចព្រមព្រៀងគ្នាដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញឲ្យដឹងថា ក្រុមហ៊ុននឹងផ្តល់៥០ភាគរយនៃប្រាក់ខែរបស់ពួកគេនិងអត្ថប្រយោជន៍ក្នុងអំឡុងពេលកូដកម្ម ប៉ុន្តែ បើកម្មករមិនត្រឡប់មកធ្វើការវិញនៅថ្ងៃទី២៩ កក្កដា ក្រុមហ៊ុននឹងមិនផ្តល់ឲ្យពួកគេទេ។
ទន្ទឹមនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី បានកោះហៅមន្រ្តីសហជីពនេះបួននាក់មកសាកសួរនៅតុលាការជុំវិញបណ្តឹងរបស់រោងចក្រ Sun Well Shoes នៅរសៀសថ្ងៃអង្គារ។
លោក សៀង សម្បត្តិ បានថ្លែងថា៖ «ខ្ញុំនឹងមកតុលាការឲ្យទាន់ពេលវេលាតាមការកោះហៅរបស់ចៅក្រម»។
មន្រ្តីសហជីពបីនាក់ទៀតដែលតុលាការកោះហៅមាន លោក ម៉ៅ វណ្ណៈ អនុប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ លោក ហេង សារឿន មន្រ្តីសហជីព និង ប្លង់ លក្ខណា លេខាធិការសហជីព។
ក្នុងដីកាកោះរបស់លោក កែវ មុនី ចុះថ្ងៃទី២៤ កក្កដាបានបង្គាប់ថា ៖ «អ្នកដែលត្រូវបានកោះហៅទាំងអស់ត្រូវតែមកតាមដីកានេះឲ្យទាន់ពេលវេលា និងនាំយកឯកសារពាក់ព័ន្ធទាំងអស់មកជាមួយ»។
លោក ហេង សារឿន ជាចុងចោទម្នាក់ បានប្រាប់ថា គាត់នឹងចូលទៅតុលាការជាមួយមេធាវី បើទោះជាគាត់បារម្ភអំពីការប្តឹងប្ដល់នេះក៏ដោយ។
លោកបន្តថា ៖ «ក្រុមហ៊ុនបានដាក់បណ្តឹងនេះជាមុន អំពីដីការក្សាការពារទ្រព្យសម្បត្តិរបស់ពួកគេពីព្រោះគេខ្លាចកម្មករនិងសហជីពបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ នៅក្នុងអំឡុងពេលធ្វើកូដកម្ម»។
មន្រ្តីរោងចក្រ Sun Well Shoes មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕