ភ្នំពេញៈ កម្មករជាង ២០០ នាក់មកពីរោងចក្រ ហ៊ុយ ចៀន ដែលធ្វើការតវ៉ាជាងមួយខែមកហើយនោះបាននាំគ្នាបិទផ្លូវមុខក្រសួងការងារ កាលពីថ្ងៃចន្ទបង្ខំឲ្យក្រសួងដោះស្រាយការទាមទាររបស់ពួកគេរហូតមន្រ្តីចេញមកសន្យាថា នឹងបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីបញ្ចប់ជម្លោះ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិដែលកម្មករពឹងពាក់ឲ្យជួយតវ៉ាបានឲ្យដឹងថា កម្មករបាននាំគ្នាមកតវ៉ានៅមុខរដ្ឋសភាទាំងភ្លៀងរលឹមនិងទឹកលិច ប៉ុន្តែ ពួកគេត្រូវសមត្ថកិច្ចនិងសន្តិសុខដេញចេញដោយសារតែសភាជាប់ប្រជុំ។
លោកបន្តថា កម្មករក៏នាំគ្នាដើរមកក្រសួងការងារវិញ ហើយធ្វើការបិទផ្លូវនៅខាងមុខក្រសួងជាង ៣០ នាទី រហូតមន្រ្តីចេញមកធ្វើការសម្របសម្រួលជាមួយពួកគេ។ លោកបន្តថា៖ «កម្មករព្រមបើកផ្លូវដោយសារមានការសន្យាពីក្រសួងថា នឹងដោះស្រាយជូនពួកគេក្រោយពេលបុណ្យអុំទូករួច»។ នៅម៉ោងជាង ២ រសៀលថ្ងៃដដែល កម្មករក៏វិលមកកាន់រដ្ឋសភាម្តងទៀត ដោយនាំយកញត្តិមកប្រគល់ជូនតំណាងរាស្រ្តទាល់តែបានសម្រេច។
តាមលោក ហ្វា សាលី ក្នុងញត្តិនោះមានចំណុចសំខាន់ ៤ ដែលកម្មករស្នើឲ្យតំណាងរាស្រ្តជួយដោះស្រាយ ទី១. ស្នើឲ្យក្រុមហ៊ុនបើកទ្វារឲ្យកម្មករចូលធ្វើការធម្មតាវិញ ព្រោះក្រុមហ៊ុនបានបិទទ្វារចាក់សោតាំងពីថ្ងៃ ទី២៩ ខែកញ្ញា ទី២. បើក្រុមហ៊ុនបិទរោងចក្រ ក្រុមហ៊ុនត្រូវទូទាត់ប្រាក់អតីតភាពការងារជូនកម្មករ ទី៣. បើក្រុមហ៊ុនមិនបិទទេ ក្រុមហ៊ុនត្រូវបញ្ជាក់អំពីការទទួលខុសត្រូវអតីតភាពការងាររបស់កម្មករ និង ទី៤ អំឡុងពេលដែលក្រុមហ៊ុនបិទទ្វារចាប់ពីថ្ងៃ ទី២០ និងថ្ងៃ ទី២៩ ខែកញ្ញា មកដល់ពេលនេះ ក្រុមហ៊ុនត្រូវគិតប្រាក់ឈ្នួលជូនកម្មករ។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរង នៃគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មគ្រប់មុខសញ្ញារបស់ក្រសួងការងារ បានចេញមកជួបកម្មករ បញ្ជាក់ថា បណ្តឹងសហជីពរឿងនេះ បន្ទាប់ពីបុណ្យអុំទូករួចគណៈកម្មការនឹងកោះហៅភាគីទាំងពីរមកតទល់គ្នារកដំណោះស្រាយ។ លោកថា៖ «ខ្ញុំកំពុងតែរៀបចំឯកសារស្នើសុំរដ្ឋមន្រ្តីបង្កើតគណៈកម្មការចម្រុះអន្តរក្រសួងមួយស៊ើបអង្កេតនិងជំរុញឲ្យមានដំណោះស្រាយបញ្ចប់បញ្ហានេះឲ្យបានឆាប់»។
សាលាដំបូងរាជធានី ចេញបង្គាប់ឲ្យកម្មករចូលធ្វើការក្នុង ៤៨ ម៉ោងប៉ុន្តែកម្មករមិនអនុវត្តធ្វើឲ្យមានកំហុសត្រូវរោងចក្រលុបឈ្មោះនិងសម្រេចមិនផ្តល់ប្រាក់អត្ថប្រយោជន៍ទេ។ នៅរដ្ឋសភាញត្តិរបស់កម្មករត្រូវប្រធានគណៈកម្មការ ទី៨ ទទួលយកនិងសន្យាចុះទៅរោងចក្រនៅថ្ងៃអង្គារ៕