ភ្នំពេញៈ កម្មកររោងចក្រ អូសេអង់ ជាង ១ ពាន់នាក់ដែលរង់ចាំការដោះស្រាយការទាមទាររបស់ខ្លួនអស់ជាង ១ ខែកាលពីម្សិលមិញបានផ្ទុះកំហឹងឡើងហើយបានលើកគ្នាមកបិទផ្លូវសហព័ន្ធរុស្ស៊ី នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញឲ្យស្ទះចរាចរណ៍ តាំងតែពីព្រឹករហូតដល់ម៉ោងជាង ៤ រសៀលដោយយកទាំងកន្ទេលនិងចានឆ្នាំង មកជាមួយផង។
តំណាងកម្មករលោក ហួន វណ្ណា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីព្រឹកម្សិលមិញនៅកន្លែងបិទផ្លូវថា កម្មករបាននាំគ្នាដើរហែពីរោងចក្រមកបិទផ្លូវនៅមុខព្រលានយន្តហោះ ហើយនាំយកទាំង កន្ទេល ចាន ឆ្នាំង មកជាមួយផង ដោយសារអ្នកខ្លះត្រូវម្ចាស់ផ្ទះជួលដេញលែងឲ្យស្នាក់នៅបន្ទប់ជួលបន្តទៀត ព្រោះតែពួកគេគ្មានលុយបង់ថ្លៃឈ្នួលឲ្យគេ។
លោក វណ្ណា និយាយថា៖ «កម្មករខឹងសម្បានឹងថៅកែក្រុមហ៊ុនដែលមិនព្រមចេញមកចរចាដោះស្រាយ តែបែរជាទាមទារទៅចរចានៅសាលា ខណ្ឌពោធិ៍សែនជ័យ ទៅវិញ។ កម្មករមិនព្រម ទើបលើកគ្នាមកបិទផ្លូវតែម្តង»។
ក្នុងការលើកគ្នាមកបិទផ្លូវសហព័ន្ធរុស្ស៊ីកាលពីម្សិលមិញ គេសង្កេតឃើញមានកងកម្លាំងនគរបាលខណ្ឌប្រមាណជា ៣០នាក់ បានមកយាមការពារនៅកន្លែងកម្មករបិទផ្លូវនេះដែរ ប៉ុន្តែ ភាគីទាំងពីរមិនមានការប៉ះទង្គិចគ្នាកើតឡើងទេ។
កម្មការិនី ប៉ែន ណាវី វ័យ ៤៣ឆ្នាំ ដែលធ្វើការនៅរោងចក្រ អូសេអង់ ជាង ១០ ឆ្នាំមកហើយ និយាយទាំងដៃកាន់មែកឈើបាំងកម្តៅថ្ងៃនៅកណ្តាលផ្លូវកាលពីថ្ងៃអង្គារថា គាត់មិនដើរចេញពីផ្លូវនេះទេ លុះត្រាតែមានដំណោះស្រាយដែលកម្មករទាំងអស់គ្នាអាចទទួលយកបាន។
អ្នកស្រីបន្តថា៖ «ខ្ញុំបានយកកន្ទេលមកដេកនៅទីនេះ ព្រោះខ្ញុំគ្មានកន្លែងនៅទៀតទេ។ គេដេញខ្ញុំចេញពីផ្ទះជួល ដោយសារអត់មានលុយបង់ឲ្យគេជិត ២ ខែហើយ»។
អ្នកស្រី ណាវី និយាយដែរថា អីវ៉ាន់គាត់ទុកនៅក្នុងរោងចក្រ តែគាត់មកដេកនៅលើផ្លូវនេះទាមទាររកដំណោះស្រាយ។
សៀង ធី ជាកម្មការិនីវ័យ ៣៣ឆ្នាំ ក៏បាននិយាយទាំងកំហឹងប្រាប់ដែរថា ក្រុមកម្មករមិនចេញពីផ្លូវនេះជាដាច់ខាត ហើយថា ទាំងអស់គ្នានឹងដើរទៅកាន់ផ្ទះលោក ហ៊ុន សែន ទៀតនៅយប់ថ្ងៃអង្គារ ឬក៏ចូលដល់ថ្ងៃពុធនេះ។ អ្នកនាង ធី និយាយថា៖ «ពួកយើងដេកនៅលើផ្លូវនេះ ហើយយប់ឡើងយើងនឹងដើរទៅផ្ទះលោក ហ៊ុន សែន ដើម្បីកុំឲ្យខាងអាជ្ញាធរឬសមត្ថកិច្ចដឹង និងមកឃាត់ពួកយើង»។ អ្នកនាង ធី ក៏អំពាវនាវនិងទទូចសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកគ្រប់គ្រងប្រទេស និង ជាអាណាព្យាបាលកម្មករ សុំឲ្យជួយពិនិត្យមើលពីទុក្ខលំបាករបស់កម្មកររោងចក្រមួយនេះផង។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ កាលពីម្សិលមិញបានប្រាប់ថា តាមពិតសហជីពលោកមានគម្រោងដឹកនាំកម្មករទៅតវ៉ានៅមុខក្រសួងការងារ ប៉ុន្តែដោយសារកំហឹងកម្មករពួកគេក៏បាននាំគ្នាបិទផ្លូវសហព័ន្ធរុស្ស៊ីមុខព្រលានយន្តហោះតែម្តង។ លោកថា៖ «យើងនឹងដាក់ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញនៅថ្ងៃស្អែកនេះ»។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរង នៃគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម គ្រប់មុខសញ្ញានៃក្រសួងការងារបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ដោយអំពាវនាវឲ្យកម្មកររក្សាភាពស្ងៀមស្ងាត់និងអត់ធ្មត់សិនដោយទុកលទ្ធភាពឲ្យក្រសួងធ្វើការដោះស្រាយបញ្ហានេះ។
រហូតមកទល់ម៉ោងជាង ៤ រសៀលថ្ងៃដដែល ក្រុមកម្មករបានសម្រេចចិត្តបើកផ្លូវឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ ប៉ុន្តែ ពួកគេអះអាងថា អាចនឹងលើកគ្នាមកបិទផ្លូវម្តងទៀតនៅថ្ងៃពុធនេះ ឬអាចមានផែនការផ្សេងទៀត ដែលពួកគេមិនទាន់អាចបញ្ជាក់បាននៅឡើយ៕