ភ្នំពេញៈ កម្មករនៅរោងចក្រកាត់ដេរមួយនៅក្នុង ខេត្តកំពង់ឆ្នាំង ដែលនៅបន្តធ្វើកូដកម្មតវ៉ានៅថ្ងៃនេះ នឹងត្រូវរងការបណ្តេញចេញពីការងារ។ នេះបើតាមអ្នកគ្រប់គ្រងរោងចក្រដែលបានថ្លែងអះអាងកាលពីម្សិលមិញខណៈក្រុមកូដករបានលើកគ្នាមកដាក់ញត្តិតវ៉ានៅក្រសួងការងារ នៅក្នុងរាជធានីភ្នំពេញ។
ក្រុមកម្មករប្រហែល ១០០ នាក់ដែលធ្វើការនៅរោងចក្រកាត់ដេរ Jiun Ye Garment បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តាមរថយន្តឈ្នួលនិងរ៉ឺម៉កម៉ូតូកាលពីម្សិលមិញ។ សកម្មភាពកូដកម្មតវ៉ានេះបានធ្វើឡើង បើទោះបីជាសាលាដំបូងខេត្តចេញដីកាកាលពីថ្ងៃពុធសប្តាហ៍មុន បញ្ជាឲ្យកម្មករដែលធ្វើកូដកម្មអស់រយៈពេលប្រហែលបីសប្តាហ៍កន្លងមកនោះ វិលត្រឡប់ចូលធ្វើការងារក្នុងរយៈពេល ៤៨ ម៉ោងវិញជាកំហិតក៏ដោយ។
កម្មការិនី យិន ជិនរឿន ដែលជាតំណាងកម្មករដែលមកតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួន រួមមាន ទាំងប្រាក់រង្វាន់ការងារទៀងទាត់ ១៥ ដុល្លារផង បាននិយាយថា៖ «យើងមិនអាចរង់ចាំនិយោជករបស់យើងចរចាជាមួយយើងទៀតទេ»។
កម្មការិនីរូបនេះបន្តទៀតថា៖ «អ្នកគ្រប់គ្រងរោងចក្រពុំមានបំណងបញ្ចប់វិវាទរវាងកម្មករនិងរោងចក្រទេ»។
ទោះយ៉ាងណាក្តី លោក ង៉ែត រស្មី អ្នកគ្រប់គ្រងរដ្ឋបាលនៅរោងចក្រ Jiun Ye បានអះអាងតបថា តំណាងអ្នកគ្រប់គ្រងរោងចក្របានមកអង្គុយជជែកជាមួយតំណាងនិយោជិតបីលើករួចមកហើយ ហើយលទ្ធផលបានត្រឹមតែខាងតំណាងកម្មករបដិសេធ និងដើរចេញពីការចរចាតែប៉ុណ្ណោះ។
លោក ង៉ែត រស្មី បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងបិទសំណុំរឿងរោងចក្រនេះមិនដោះស្រាយទេ ប្រសិនបើក្រុមកម្មករមិនវិលត្រឡប់មកធ្វើការងារវិញនៅថ្ងៃអង្គារនេះ៕