The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​រោងចក្រ Nex-t តវ៉ា​នឹង​ការ​បណ្តេញ​គូកន​រហូត​បាន​សម្រេច

កម្មករ​រោងចក្រ Nex-t តវ៉ា​នឹង​ការ​បណ្តេញ​គូកន​រហូត​បាន​សម្រេច

កម្មករ​រោងចក្រ Nex-t តវ៉ា​នឹង​ការ​បណ្តេញ​គូកន​រហូត​បាន​សម្រេច

130823_7
កម្មការិនីរោងចក្រ SL នាំគ្នាធ្វើកូដកម្មតវ៉ាក្រោមកម្តៅក្តៅហែង រូប ម៉ៃ វីរៈ

ភ្នំពេញៈ កម្មការិនី​ពីរ​នាក់​នៅ​រោងចក្រ Nex-t Apparel ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ត្រូវ​ខាង​រោងចក្រ​បញ្ឈប់​ពី​ការងារ​ភ្លាមៗ ព្រោះ​តែ​ពួក​គេ​រៃ​លុយ​យក​ទៅ​ទិញ​ទឹក​សុទ្ធ​ឲ្យ​កម្មករ​នៅ​រោងចក្រ SL ដែល​កំពុង​ធ្វើ​ការ​តវ៉ា​ក្រោម​កម្តៅ​ថ្ងៃ។

កម្មការិនី យិន ផាន់​ណា វ័យ​២១​ឆ្នាំ ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​កាលពី​ល្ងាច​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា កម្មករ​ប្រហែល​១​ពាន់​នាក់​នៅ​រោងចក្រ Nex-t Apparel បាន​នាំ​គ្នា​តវ៉ា​ឲ្យ​នាង​និង​មិត្ត​រួម​ការ​ងារ ចាន់ ស្រីមុំ អាយុ​ ២៣ ​ឆ្នាំ ឲ្យ​ថៅកែ​ទទួល​ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ។

កញ្ញា ផាន់ណា និយាយ​ថា៖« មន្ត្រី​រោងចក្រ​បាន​ឃើញ​លិខិត​ដែល​ខ្ញុំ​សរសេរ​សុំ​ឲ្យ​កម្មករ​បរិច្ចាគ លុយ​ខ្លះ ដើម្បី​ជួយ​ដល់​អ្នក​តវ៉ា​នៅ​រោងចក្រ SL។ បន្ទាប់មក​មន្ត្រី​ក្រុមហ៊ុន​បី​នាក់ បាន​ហៅ​យើង​ចូល​ក្នុង​បន្ទប់​គេ បង្ខំ​ស៊ីញ៉េ​លើ​លិខិត​បណ្ដេញ​ចេញ ទោះ​ខំ​អង្វរ​ក៏​គេ​មិន​ព្រម»។

កញ្ញា ផាន់ណា បន្ថែម​ថា នាង​ឃើញ​កម្មករ​នៅ​រោងចក្រ SL ឈរ​នៅ​ខាង​ក្រៅ​រោងចក្រ​តវ៉ា​ជាច្រើន​ថ្ងៃ​ហើយ​ក្រោម​កម្តៅ​ថ្ងៃ​ហែង។ នាង​ក៏មាន​គំនិត​សុំ​ប្រាក់​ខ្លះៗ តាម​លិខិត​ថា «សូម​ជួយ​ជា​ថវិកា​ដើម្បី​ជួយ​កម្មករ​នៅ​រោងចក្រ SL1-SL2»។

ផាន់ណា អះអាង​ថា៖«ខ្ញុំ​ប្រមូល​បាន​ប្រាក់ ៤៥.៦០០​ រៀល ខ្ញុំ​ចំណាយ​ខ្លះ​ទិញ​ទឹក​សុទ្ធ​បាន​បី​យួរ ហើយ​បាន​ផ្តល់​ទឹក​និង​លុយ​នៅ​សល់​នោះ​ឲ្យ​ទៅ​កម្មករ​នៅ​រោងចក្រ SL។ បន្ទាប់​មក​ខ្ញុំ និង​មិត្ត​រួម​ការ​ងារ ស្រី​មុំ ក៏​ត្រូវ​គេ​បណ្ដេញ​ចេញ​ភ្លាមៗ​តែ​ម្តង។ វា​មិន​យុត្តិធម៌​ទេ យើង​គ្មាន​កំហុស​ទេ វា​គឺជា​សន្ដាន​ចិត្ត​របស់​ពួក​យើង​ចំពោះ​កម្មករ​ដូច​គ្នា»។

នាង បន្ត​ថា ពួក​នាង​បាន​សុំ​ទោស​អ្នក​គ្រប់គ្រង​ដែរ​តែ​ពួកគេ​មិន​ស្ដាប់​ទេ ហើយ​គេ​បង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​លិខិត​បញ្ឈប់​នេះ និង​បើក​ប្រាក់​ខែ​ចំនួន​២០​ថ្ងៃ ក្នុង​ខែ​ថ្មី​នេះ​ឲ្យ​នាង។

កញ្ញា ផាន់ណា និយាយ​ថា៖« កម្មករ​ទាំងអស់​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​លើ ខ្ញុំ​នេះ​ឡើយ ទើប​ពួកគេ​ដើរ​ចេញពី​ការងារ​ធ្វើ​ការតវ៉ា​នៅក្រៅ​រោងចក្រ​នេះ​ទាមទារ ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ពួក​យើង​ពីរ​នាក់​ចូល​ធ្វើ​ការ​វិញ»។

លោក ណី ប៊ុនធឿន មន្ត្រី សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (ស៊ី​ខៅ​ឌូ) បាន​ឲ្យ​ដឹង​ថា កម្មករ​នៅ​រោងចក្រ Nex-t Apparel បាន​ស្នើ​ឲ្យ​សហជីព​ស៊ីខៅឌូ​ជួយ​ធ្វើ​អន្តរាគមន៍​ដល់​កម្មករ​ពីរ​នាក់​ដែល ត្រូវ​បណ្ដេញ​ចេញ​នេះ។

លោក ប៊ុនធឿន ឲ្យ​ដឹង​ថា៖«ពួក​គេ​បាន ផ្ញើ​លិខិត​ទៅ​សហជីព​ស៊ី​ខៅ​ឌូ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​ពួក​គេ។ កម្មករ​នៅ​រោងចក្រ SL មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​រោងចក្រ Nex-t Apparel បាន​បណ្ដេញ​កម្មករ​ពីរ​នាក់​នេះ​ទេ និង​បាន​ធ្វើ​ការ​តវ៉ា​ផង​ដែរ»។

លោក ណី ប៊ុនធឿន បញ្ជាក់​ថា ទង្វើ​របស់​កញ្ញា ផាន់ណា និង​ស្រី​មុំ មិន​បាន​រំខាន​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ​ឬ​រំខាន​ការងារ របស់​កម្មករ​ផ្សេង​ឡើយ ពួក​គេ​គ្រាន់​តែ​មាន​ប្រអប់​មួយ   រួច​បញ្ជូន​តៗ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ដើម្បី​ដាក់​លុយ​ក្នុង ប្រអប់។

លោក ប៊ុនធឿន បាន​អះអាង​ថា៖«ពួក​គេ​មិន​ដើរ​ចុះ​ឡើង​នៅ​ក្នុង​ពេល​ធ្វើ​ការ​ដែល នាំ​ឲ្យ​រំខាន​ដល់​ការងារ​អ្នក​ផ្សេង​ឡើយ។ ខ្ញុំ​គិតថា អ្វី​ដែល​ខាង​រោងចក្រ Nex-t Apparel បាន​ធ្វើ​នេះ​ហាក់​ដូច​ជា​រើសអើង និង​ជាការ​គំរាម​ដល់​កម្មករ​នៅ​ពេល​ពួក​គេ​គ្រាន់​តែ​ជួយ​គ្នា​តែ​ប៉ុណ្ណោះ»។

បន្ទាប់ពី​ជួប​អ្នក​តំណាង​ក្រុមហ៊ុន​និង មន្ត្រី​សហជីព​អស់​ជាច្រើន​ម៉ោង ខាង​រោងចក្រ Nex-t Apparel បាន​យល់ព្រម​ទទួល​កម្មការិនី​ទាំង​ពីរ​នាក់​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ តែ​កម្មករ​ទាមទារ​លក្ខខណ្ឌ​១០​ចំណុច​ទៀត រួមមាន​ឲ្យ​បណ្ដេញ​ប្រធាន​ផ្នែក​ជនជាតិ​ចិន​ម្នាក់​ចេញ និង​ទារ​ប្រាក់​បាយ​ថ្ងៃ​ត្រង់ ជាដើម។

ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុន​ Nex-t Apparel តាម​លេខ​ទូរស័ព្ទ​នៅ​លើ​គេហទំព័រ​រោងចក្រ ប៉ុន្តែ​ស្ត្រី​ម្នាក់​បាន​ឆ្លើយ​តប​មក​ថា នាង​មិន​បាន​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ទេ ហើយ​ក៏​បិទ​ទូរស័ព្ទ​វិញ។

ជាមួយ​គ្នា​ផង​ដែរ កម្មករ​នៅ​រោងចក្រ SL បាន​នាំ​គ្នា​បិទ​ផ្លូវ​លេខ​៣៧១ និង​ចាក់​ចម្រៀង​រាំលេង​នៅ​ពេល​អ្នក​តំណាង​និង​មន្ត្រី​ក្រុម ហ៊ុន​នឹង​បន្ត​ជួបគ្នា​ម្ដង​ទៀត នៅ​ក្រសួង​សង្គមកិច្ច​នៅ ថ្ងៃ​សុក្រ​នេះ៕ PN

អត្ថបទគួរចាប់អារម្មណ៍