The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​រោងចក្រ Pine Great ធ្វើ​កូដកម្ម​បិទ​ផ្លូវ

កម្មករ​រោងចក្រ Pine Great ធ្វើ​កូដកម្ម​បិទ​ផ្លូវ

កម្មករ​រោងចក្រ Pine Great ធ្វើ​កូដកម្ម​បិទ​ផ្លូវ

130513_05
ក្រុមកម្មកររោងចក្រកាត់ដេរ នៅភ្នំពេញ ផ្តុំគ្នាធ្វើកូដកម្មកាលពីកន្លងមក ផា លីណា

ភ្នំពេញៈ ក្រុម​កម្មករ​នៅ​រោងចក្រ Pine Great (Cambodian) Garment នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​បី​ថ្ងៃ​មក​ហើយ​បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន​បាន​ក្បត់​សន្យា​មិន​ព្រម​បើក​ប្រាក់​ខែ​ឲ្យ​តាំង​តែ​ពី​ថៅកែ​បាន​រត់​គេច​ខ្លួន​កាល​ពី​ដើម​ខែ​នេះ​។

អ្នក​ស្រី ផៃ តារា ជា​មន្ត្រី​សហជីព​សេរី​កម្មករ​នៅ​រោងចក្រ​កាត់​ដេរ Pine Great បាន​ឲ្យ​ដឹង​ពី​ម្សិល​មិញ​ថា ក្រុម​កម្មករ​បាន​ប្រមូល​ផ្ដុំ​នៅ​រោងចក្រ​កាល​ពី​ថ្ងៃ​សុក្រ​រង់​ចាំ​បើក​ប្រាក់​ឈ្នួល​របស់​ខ្លួន​ដែល​តំណាង​ក្រុមហ៊ុន​បាន​សន្យា​ថា នឹង​បើក​ឲ្យ​ពួកគេ តែ​កម្មករ​បាន​ខក​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​ពុំ​មាន​អ្នក​មក​បើក​ប្រាក់​ឲ្យ​ហើយ​ក៏​នាំ​គ្នា​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ភ្លាមៗ​។

អ្នក​ស្រី​បន្ត​ថា៖ «​កម្មករ​បាន​ព្រម​ព្រៀង​គ្នា​បើក​ផ្លូវ​ឲ្យ​មាន​ចរាចរណ៍​ឡើង​វិញ​នៅ​ម៉ោង​១១​ព្រឹក​មិញ​នេះ នៅ​ពេល​ដែល​តំណាង​ក្រុមហ៊ុន​មក​ប្រាប់​ពួក​យើង​ថា នឹង​ទទួល​បាន​ប្រាក់​ខែ​ក្នុង​ពេល​ឆាប់ៗ​អាច​នៅ​ក្នុង​សប្ដាហ៍​នេះ»។

អ្នក​ស្រី ផៃ តារា លើក​ឡើង​ថា ក្រុម​កម្មករ​ជឿ​ទុក​ចិត្ត​មន្ត្រី​ទាំង​នេះ​ព្រោះ​គេ​បាន​ធ្វើ​បញ្ជី​ឈ្មោះ​និង​ស្រង់​រយៈ​ពេល​កម្មករ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នេះ​រួច​ហើយ។

អ្នក​ស្រី​អះ​អាង​ថា៖«​យើង​ទាមទារ​ឲ្យ​គេ​ផ្ដល់​ប្រាក់​ខែ​និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត ចំនួន​៥​ចំណុច​។ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​បិទ​ផ្លូវ​ដើម្បី​ទាមទារ​ទេ​ព្រោះ​យើង​គិត​ថា រដ្ឋាភិបាល​នឹង​ស្ដាប់​ឮ​ពី​បញ្ហា​ពួក​យើង​ហើយ​ពួក​យើង​នឹង​ទទួល​បាន​ដំណោះស្រាយ​ភ្លាមៗ»។

ក្រុម​កម្មករ​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ Pine Great (Cambodian) Garment នេះ ចន្លោះ​ពី​៦​ខែ​ដល់​១០​ខែ​។

លោក ផល សុធា អ្នក​គ្រប់​គ្រង​រដ្ឋបាល​រោងចក្រ Pine Great មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិលមិញ​។ រីឯ​ក្រុម​កម្មករ​នៅ​តែ​បន្ត​យាម​ការពារ​នៅ​ខាង​មុខ​រោងចក្រ ខ្លាច​ក្រែង​មាន​អ្នក​លួច​ដឹក​សម្ភារ​នៅ​ក្នុង​រោងចក្រ​យក​ចេញ​៕ PN

អត្ថបទគួរចាប់អារម្មណ៍