
ភ្នំពេញៈ កម្មករប្រមាណ ៤ ពាន់នាក់ នៅរោងចក្រមួយក្នុងចំណោមរោងចក្រធំបំផុតនៅអាស៊ី បាននាំគ្នាឈប់ធ្វើការដើម្បីទាមទារឲ្យក្រុមហ៊ុននេះកាត់ផ្តាច់ទំនាក់ទំនងជាមួយឧកញ៉ាម្នាក់ជាម្ចាស់ភាគហ៊ុនមួយដែលបានបញ្ជាឲ្យមានវត្តមានកងរាជអាវុធហត្ថឈរយាមនៅក្នុងរោងចក្រ។
កម្មករ នៅរោងចក្រ SL Garment Processing (Cambodia) Ltd. បានចាប់ផ្តើមធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ប្រហែលពីរសប្តាហ៍ បន្ទាប់ពីម្ចាស់ភាគហ៊ុនម្នាក់ឈ្មោះ មាស សុត្ថា បានបញ្ជាឲ្យមានកងរាជអាវុធហត្ថឈរការពារនៅក្នុងរោងចក្រនេះ។ នេះបើតាមលោក គង់ អាទិត្យ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ តំណាងរបស់កម្មករនៅរោងចក្រ SL។
លោក ថ្លែងថា វត្តមានរបស់កងរាជអាវុធហត្ថ គឺជាការបំភិតបំភ័យមន្រ្តីសហជីពដោយលោកបន្តថា៖ «លោក សុត្ថា បានអះអាងថា គាត់អាចកម្ទេចសហជីព ស៊ីខៅឌូ ក្នុងរោងចក្រនេះបាន»។
លោក ថ្លែងថា បន្ថែមពីលើចំណុចទាមទារចំនួនប្រាំពីរដែលរួមមានការទាមទារឲ្យកម្មករទទួលបានការសម្រាកកន្លះម៉ោង ដោយមានប្រាក់ឈ្នួលកម្មករចង់ឲ្យរោងចក្រ SL កាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយលោក សុត្ថា។
ដោយថ្លែងពីវត្តមានរបស់កងរាជអាវុធហត្ថ លោក សុត្ថា បានឲ្យដឹងថា កងរាជអាវុធហត្ថត្រូវបានស្នើមកក្នុងរោងចក្រដើម្បីរក្សាសុវត្ថិភាពដល់កម្មករ។ «ពួកគេមកការពារកម្មករ និងក្រុមហ៊ុន ដោយសារតែកម្មករ ធ្លាប់បានវាយដំទៅលើសន្តិសុខរោងចក្រ។ ហេតុនេះ បានជាយើងសុំកម្លាំងសមត្ថកិច្ចមកការពារ ក្រែងមានករណីអាក្រក់កើតឡើង»។
លោកបន្ថែមថា៖ «ខ្ញុំមិនដែលចាត់ទុកកម្មករ និងមន្រ្តីសហជីពណាមួយជាសត្រូវរបស់ខ្ញុំឡើយ»។
លោក ខេន លូ អគ្គលេខាធិការ នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងកាលពីម្សិលមិញថា មានតែកម្មករប្រហែល ៥០០ នាក់ប៉ុណ្ណោះ កំពុងធ្វើកូដកម្ម ប៉ុន្តែពួកគេបានបិទទ្វាររារាំងមិនឲ្យកម្មករ ៣៥០០ នាក់ផ្សេងទៀតចូលធ្វើការទេ។
លោកបញ្ជាក់ថា កម្មករគ្មានសិទ្ធិធ្វើការទាមទារបណ្តេញវត្តមានកងរាជអាវុធហត្ថ ឬម្ចាស់ភាគហ៊ុនរោងចក្រទេ។
កាលពីម្សិលមិញ កម្មករនៅតែបន្តធ្វើការតវ៉ានៅខាងមុខរោងចក្រ ដោយពួកគេគំរាមធ្វើការដង្ហែក្បួន ក្នុងទ្រង់ទ្រាយធំទៅកាន់ក្រសួងការងារ ប្រសិនបើគ្មានដំណោះស្រាយ៕ PS