
ភ្នំពេញៈ កម្មករកាត់ដេរជាង៩០នាក់នៅឯរោងចក្រ SL Garment Processing (Cambodia) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ពីរថ្ងៃជាប់គ្នានាចុងសប្តាហ៍មុន ដោយមន្រ្តីសហជីពនិងក្រុមហ៊ុនបានអះអាងខុសគ្នាពីមូលហេតុសន្លប់នេះ។
លោក អ៊ុំ វិសាល មន្រ្តីដោះស្រាយវិវាទការងារនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ ស៊ីខៅឌូ បានឲ្យដឹងថា មានកម្មករ២០នាក់ដួលសន្លប់ពីថ្ងៃសុក្រ ហើយជាង៧០នាក់ទៀតសន្លប់នៅថ្ងៃសៅរ៍។
លោកបន្តថា៖ «ខ្ញុំបានចុះទៅរោងចក្រនេះពីថ្ងៃម្សិលមិញ នៅពេលដែលកម្មករសន្លប់។ ខ្ញុំធុំក្លិនមិនល្អ ទោះខ្ញុំឈរនៅមុខរោងចក្រក៏ដោយ។ វាពិបាកដកដង្ហើម ហើយឈឺក្បាលណាស់»។
លោក អ៊ុំ វិសាល ប្រាប់ថា៖«តាមការសន្និដ្ឋានបឋមរបស់យើងមូលហេតុដែលនាំឲ្យកម្មករសន្លប់គឺក្រុមហ៊ុន បានដាក់ថ្នាំគីមីក្នុងទឹកធ្វើឲ្យទឹកថ្លាសម្រាប់ឲ្យកម្មករលាងដៃ លុបមុខ និងបឺតចូលក្នុងកង្ហារធ្វើឲ្យវាត្រជាក់នៅកន្លែងធ្វើការ ប៉ុន្តែមិនមែនសម្រាប់ផឹកទេ។ ក្លិនអាក្រក់នេះ ចេញពីកង្ហារទឹកទើបបណ្តាលឲ្យកម្មករឈឺក្បាល ក្អួត ហើយខ្លះសន្លប់»។
លោកបន្តថា ការសន្លប់នេះ កើតឡើងលើកម្មករកាត់ដេរជាច្រើនលើកច្រើនសា ដែលជាក្តីបារម្ភដល់កម្មករ និងចាំបាច់តម្រូវឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនយកចិត្តទុកដាក់ជាមួយនឹងរឿងនេះដើម្បីជួយសុខភាពរបស់គេ។
នាង ថុល សាវ៉ាន វ័យ ២១ឆ្នាំ បានចេញពីពេទ្យកាលពីម្សិលមិញ ប៉ុន្តែសុខភាពនាងមិនទាន់បានស្រួលខ្លួននៅឡើយទេ។
នាងអះអាងថា៖«ខ្ញុំអស់កម្លាំងណាស់ ហើយឈឺក្បាលទៀត។ ខ្ញុំ ក្អួត មុនពេលខ្ញុំសន្លប់ កាលពីថ្ងៃសៅរ៍នៅក្នុងរោងចក្រ»។ នាងបញ្ជាក់ថា កាលពីថ្ងៃសុក្រ នាងឃើញមិត្តរួមការងារសន្លប់នៅកន្លែងធ្វើការ ហើយប្តីនាង ឃាត់កុំឲ្យទៅធ្វើការពីថ្ងៃសៅរ៍ប៉ុន្តែនាងមិនស្តាប់ប្តីទេ។
នាងបញ្ជាក់ថា តាមស្ថានភាពសុខភាព នាងនឹងទៅធ្វើការវិញនៅថ្ងៃចន្ទ ប៉ុន្តែ មិនដឹងថាតើ ក្លិននោះបាត់ឬនៅធុំនៅឡើយទេ។
អ្នកនាង សួង សោភ័ណ្ឌ មន្រ្តីរដ្ឋបាលរោងចក្រ SL Garment Processing បានឲ្យដឹងពីថ្ងៃម្សិលមិញថា កម្មករត្រូវតែមកធ្វើការ ប៉ុន្តែនឹងអនុញ្ញាតឲ្យទៅផ្ទះវិញ បើសុខភាពមិនទាន់ល្អ។
នាងបញ្ជាក់ថា៖ «យើងនឹងពិនិត្យមើលស្ថានភាពពិតចំពោះសុខភាពរបស់កម្មករ ប្រសិនពួកគេមិនអាចធ្វើការបាន យើងនឹងអនុញ្ញាតឲ្យគេទៅផ្ទះវិញ។ យើង មិនបង្ខំឲ្យពួកគេធ្វើការទេ»។ នាង សួង សោភ័ណ្ឌ ថ្លែងថា មូលហេតុដែលបណ្តាលឲ្យកម្មករសន្លប់ មិនមែនមកពីរោងចក្រទេ ប៉ុន្តែ គឺមកពីកម្មករខ្លួនឯង។
នាងអះអាងថា៖ «ក្រុមវេជ្ជបណ្ឌិត ប្រាប់ខ្ញុំថា ពួកគេសន្លប់មកពីសុខភាពពួកគេខ្សោយ មិនបានញ៉ាំអាហារពេលព្រឹក ដែលធ្វើឲ្យពួកគេខ្សោយ ហើយសន្លប់។ រោងចក្រមិនមានធុំក្លិនដូចអ្វីដែលគេនិយាយទេ បើរោងចក្រធ្វើឲ្យពួកគេសន្លប់ ដូច្នេះកម្មករទាំងជាង៦ពាន់នាក់ ក្នុងរោងចក្រនឹងសន្លប់គ្រប់គ្នា»។
តាមរបាយការណ៍របស់សហជីពស៊ីខៅឌូ ចេញផ្សាយកាលពីខែមករា ស្តីអំពីស្ថានភាពនៃសិទ្ធិការងារនៅឆ្នាំ២០១២ បានរៀបរាប់ថា កម្មករជាង២១០០នាក់ បានសន្លប់ នៅកន្លែងធ្វើការងារក្នុងរោងចក្រជាង២០ រីឯកម្មករជាង១ពាន់នាក់សន្លប់កាលពីឆ្នាំ២០១១។ ចំណែកក្នុងរបាយការណ៍ក្រសួងការងារថា មានកម្មករ១.៦៨៦នាក់ បានសន្លប់កាលពីឆ្នាំ២០១២៕ NR