ភ្នំពេញៈ កម្មករជាង២០០នាក់មកពីរោងចក្រកាត់ដេរ ស៊ឹង ស៊ីងយៀន នៅខណ្ឌសែនសុខថា ពួកគេនឹងធ្វើការតវ៉ានៅថ្ងៃនេះបន្តទៀត បន្ទាប់ពីពួកគេ បានតវ៉ាពីរថ្ងៃមកហើយដោយមិនទទួលបានលទ្ធផលដែលពួកគេ បានទាមទារឲ្យកម្មករពីរនាក់ដែលត្រូវបានគេបណ្តេញចេញឲ្យចូល ធ្វើការវិញ។
លោក ម៉ាន់ សេងហាក់ អគ្គលេខាធិការនៃសហជីពសេរីកម្មករ បានឲ្យដឹងពីម្សិលមិញថា ក្រុមហ៊ុនបានទទួលយក១០ចំណុចដែលកម្មករទាមទារក្នុងចំណោម ១២ចំណុច ប៉ុន្តែកម្មករ បានបដិសេធមិនព្រមមកធ្វើការវិញទេ ទាល់តែក្រុមហ៊ុនទទួលយកកម្មករពីរនាក់ដែលត្រូវគេបណ្តេញចេញ ឲ្យចូលធ្វើការវិញ។
ចំណុចដែលកម្មករទាមទារពីរោងចក្រមានដូចជា ការទទួលយកកម្មករពីរនាក់ត្រឡប់មកធ្វើការវិញ ឈប់បង្ខំកម្មករឲ្យធ្វើការលើសម៉ោង ផ្តល់កាតផ្ទាល់ខ្លួនសម្រាប់កម្មករ មិនត្រូវកាត់ប្រាក់ខែនៅពេលដែលកម្មករធ្វើកូដកម្ម ប្រកាសប្រាប់កម្មករ ពីការផ្តល់ប្រាក់ឈ្នួលសម្រាប់ការដឹកជញ្ជូន ឬការស្នាក់នៅដល់កម្មករ និងអនុញ្ញាតឲ្យកម្មករឈប់សម្រាកដូចដែលច្បាប់ការងារបានចែង។
លោក សេងហាក់ បានបញ្ជាក់ថា កម្មករ បានបដិសេធមិនព្រមត្រឡប់ទៅធ្វើការវិញទេ ប្រសិនបើរោងចក្រ មិនទទួលយកកម្មករពីរនាក់មកធ្វើការវិញ។
លោក បន្តថា៖ «បញ្ហានេះ អាចត្រូវបានដោះស្រាយរួចចាប់តាំងពីថ្ងៃសៅរ៍មកម្ល៉េះ ប្រសិនបើរោងចក្រ អនុញ្ញាតឲ្យកម្មករពីរនាក់ដែលត្រូវបានបណ្តេញចេញដែលមានលោក ឈិន រដ្ឋា និងលោក សៅ បូរិន ត្រឡប់មកធ្វើការវិញ»។
លោក បានអះអាងថា រោងចក្រ បានបញ្ឈប់កម្មករពីរនាក់ចេញពីរោងចក្រ ព្រោះពួកគេ ប្រឆាំងនឹងរោងចក្រដែលឲ្យកម្មករធ្វើការសងវិញសម្រាប់ថ្ងៃដែល កម្មករ បានឈប់សម្រាកមួយថ្ងៃដើម្បីពិនិត្យបញ្ជីឈ្មោះ ឬចុះឈ្មោះបោះឆ្នោត។
លោកបានបន្ដថា៖ «ក្រុមមន្រ្តីអធិការកិច្ចរបស់ក្រសួងការងារ បានចុះទៅរោងចក្រនេះ ហើយម្ចាស់រោងចក្រដែលជាជនជាតិចិន បាននិយាយថា កម្មករ មិនចាំបាច់ធ្វើការសងវិញទេហើយក៏មិនមានការបញ្ឈប់កម្មករដែរ ប៉ុន្តែលោក ឈិន រដ្ឋា និងលោក សៅ បូរិន ត្រូវបានគេបណ្តេញចេញបន្ទាប់ពីក្រុមមន្រ្តីក្រសួងការងារចេញពីរោងចក្រ»។
លោក ម៉ាន់ សេងហាក់ បានសង្កត់ធ្ងន់ថា រោងចក្រ មិនមានស្លាកសញ្ញារបស់រោងចក្រ កាតសម្រាប់កម្មករ និងមិនបានចុះបញ្ជីជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជាទេ។
កម្មករ ម្នាក់ឈ្មោះ ជេត សុខា បាននិយាយកាលពីថ្ងៃម្សិលមិញថា កម្មករ មិនអាចត្រឡប់ទៅធ្វើការវិញដោយគ្មានលោក ឈិន រដ្ឋា និងលោក សៅ បូរិន បានទេ ព្រោះពួកគេបានជួយកម្មករ។
កម្មកររូបនេះ បានបញ្ជាក់ថា៖ «វា អយុត្តិធម៌ណាស់សម្រាប់កម្មករ ហើយយើង នឹងមិនទៅធ្វើការវិញទេប្រសិនបើរូបគេ ទាំងពីរនាក់នោះ បាត់បង់ការងារដោយសារតែយើង»។
លោក បានបញ្ជាក់បន្ថែមទៀតថា៖ «កម្មករទាំងអស់នឹងលាលែងពីរោងចក្រប្រសិនបើរោងចក្រ មិនទទួលយកកម្មករពីរនាក់នោះឲ្យធ្វើការវិញទេ។ យើង នឹងចាក់ប្រដាប់បំពងសំឡេងនៅមុខរោងចក្រនៅថ្ងៃស្អែក (ថ្ងៃចន្ទ)នេះ»។
ថៅកែ ឬអ្នកតំណាងឲ្យរោងចក្រស៊ឹង ស៊ីងយៀន មិនអាចទំនាក់ទំនងដើម្បីសុំអធិប្បាយបានទេ កាលពីម្សិលមិញ៕ NR