
ភ្នំពេញៈ កម្មករប្រមាណ៤ពាន់នាក់នៅរោងចក្រកាត់ដេរ SL កាលពីម្សិលមិញ បានហែក្បួនចេញពីរោងចក្រក្នុងគោលបំណងមករកស្ថាប័នពាក់ព័ន្ធមួយចំនួនឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេ។ ព្រមគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសបញ្ឈប់កម្មករ ដែលចូលរួមធ្វើបាតុកម្មតវ៉ាផងដែរ ដែលជាហេតុធ្វើឲ្យកម្មករកាន់តែមានកំហឹង។
កម្មករ ហេន សុវណ្ណ អាយុ២០ឆ្នាំ និយាយនៅមុខក្រសួងសង្គមកិច្ចថា កម្មករមិនអាចរង់ចាំដំណោះស្រាយពីរោងចក្របានទេ ទើបនាំគ្នាហែក្បួនមកជួបនឹងមន្ត្រីរដ្ឋាភិបាលឲ្យជួយ។សុវណ្ណ បន្តថា៖«យើងរង់ចាំជាងពីរសប្ដាហ៍ហើយ គ្មានទទួលបានផលអ្វីសោះ។ យើងមិនអាចរង់ចាំតទៅទៀតបានទេ»។
កម្មកររាប់ពាន់នាក់បានជួបជុំគ្នាដង្ហែក្បួនចេញពីរោងចក្រនៅម៉ោង៧កន្លះ ព្រឹកឆ្ពោះទៅសាលារាជធានីក្រសួងសង្គមកិច្ចនិងក្រសួងការងារ។ ពេលហែមកដល់កែងផ្លូវ៣៧១ និងផ្លូវ២៧១ មានកម្លាំងចម្រុះជាង១០នាក់បញ្ឈប់ក្បួន ដោយដាក់របាំងរាំងផ្លួវ។កម្មករបានសុំអង្វរដែរ ប៉ុន្តែកម្លាំងសមត្ថកិច្ចទាំងនោះមិនព្រមឡើយ។ នៅ១០នាទីក្រោយ ក្រុមកម្មករបានរុញច្រានរបាំងបើកផ្លូវនិងបន្តដំណើរមកឈប់នៅមុខក្រសួងសង្គមកិច្ច។
កម្មករក៏បានបិទផ្លូវព្រះមុនីវង្សនៅមុខក្រសួងសង្គមកិច្ចប្រហែល១០នាទី មុនពេលមន្ត្រីសហជីពស៊ីខៅឌូ ប្រកាសឲ្យពួកគេបើកផ្លូវ ហើយថយមកនៅលើចិញ្ចើមផ្លូវវិញនិងសុំឲ្យរង់ចាំលទ្ធផលចរចារវាងតំណាងកម្មករ សហជីព និងមន្ត្រីសង្គមកិច្ច។
នៅក្នុងពេលរង់ចាំនោះកម្មករ ធួង ប៊ុនធឿន អាយុ៣៥ឆ្នាំ ធ្វើការនៅរោងចក្រ SL1 តាំងពីឆ្នាំ២០០៦ និយាយថា រោងចក្របានបញ្ឈប់គាត់និងកម្មករផ្សេងទៀត ដែលមកចូលរួមធ្វើការតវ៉ាប្រឆាំងនឹងរោងចក្រនេះ។
គាត់និយាយថា ៖ «ខ្ញុំមិនពេញចិត្តនឹងអ្វីដែលក្រុមហ៊ុនបានធ្វើមកលើកម្មករទេ។ ខ្ញុំយល់ព្រមចំពោះការបណ្ដេញនេះ តែក្រុមហ៊ុនត្រូវបើកប្រាក់អត្ថប្រយោជន៍ទាំងអស់ឲ្យកម្មករតាមច្បាប់»។
កម្មករ ធួង ប៊ុនធឿន បន្តថា៖«យើងនឹងតវ៉ារហូតដល់ការទាមទាររបស់យើងបានសម្រេច»។
តំណាងកម្មករនិងសហជីពប្រហែល១០នាក់ បានជួបចរចា ជាមួយគណៈកម្មាធិការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា ក្នុងក្រសួងសង្គមកិច្ចអស់រយៈពេលជិត៥ម៉ោង។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បានឲ្យដឹងថា កិច្ចចរចាបានពិភាក្សាពីការទាមទាររបស់កម្មករចំនួន១២ចំណុច ប៉ុន្តែ មាន៤ចំណុចសំខាន់ ដែលមានការផ្ដោតខ្លាំង។
លោកបញ្ជាក់ថា៖«យើងបាននិយាយច្រើនលើ៤ចំណុច ដែលទាក់ទងនឹងការទាមទារឲ្យលោក មាស សុត្ថា ចេញពីរោងចក្រ,ក្រុមហ៊ុនបញ្ឈប់កម្មករ,ក្រុមហ៊ុនដាក់ពាក្យបណ្ដឹងជាច្រើនទៅតុលាការ និងការស្នើឲ្យបន្តផ្តល់ប្រាក់ធម្មតា ឲ្យកម្មករដែលឈប់មកធ្វើការតវ៉ាកន្លងមក»។
លោក អាត់ ធន់ លើកឡើងថា គណៈកម្មាធិការនឹងពិភាក្សាពីករណីទាំងនេះ ឯសេចក្ដីប្រកាសពីការបញ្ឈប់កម្មករត្រូវទុកជាអាសាបង់។ លោកថា៖«តុលាការនឹងចេញសេចក្ដីបង្គាប់មួយថ្មី ឲ្យកម្មករចូលធ្វើការវិញនៅថ្ងៃស្អែកឬក៏ថ្ងៃខានស្អែក។ ប្រសិនកម្មករមិនយល់ព្រមទេ ពួកគេអាចចេញធ្វើការតវ៉ាម្ដងទៀត»។
លោក អាត់ ធន់ បន្ថែមថា ក្រសួងសង្គមកិច្ចត្រូវរកដំណោះស្រាយបញ្ចប់កូដកម្ម បើសិនមិនដូច្នេះទេ កូដកម្មនឹងកាន់តែ រីកធំ ហើយវានឹងមានបញ្ហាកាន់ធំ ព្រោះកម្មករជាបុរសច្រើន។
លោក ប្រាក់ ចាន់ធឿន អគ្គលេខាធិការគណៈកម្មាធិការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញានៃក្រសួងសង្គមកិច្ចបានឲ្យដឹងពីម្សិលមិញថា គណៈកម្មាធិការនឹងពិភាក្សាជាមួយភាគីនីមួយៗ មុននឹងជួបតទល់រវាងភាគីទាំងបីនេះ ដើម្បីរកដំណោះស្រាយ។ លោកបញ្ជាក់ថា មេធាវីរបស់រដ្ឋាភិបាលនិងមេធាវីរបស់សហជីពនឹងពិនិត្យលើនីតិវិធីនៃដីការការពារថាតើវាប៉ះពាល់ផលប្រយោជន៍របស់កម្មករ ឬមិនប៉ះពាល់?
លោកបន្ថែមថា៖ «យើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីជួយកម្មករនិងបញ្ចប់បញ្ហានេះ។ យើងមិនចង់ឲ្យពួកគេចំណាយពេលតវ៉ាយូរឡើយ។ប៉ុន្តែករណីនេះមិនងាយស្រួលឡើយ យើងត្រូវការពេលវេលាថែមទៀតក្នុងការសម្រេចរឿងនេះ»៕
អត្ថបទគួរចាប់អារម្មណ៍
-
ភ្នំពេញៈ ឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសកលបានធ្វើឱ្យទឹកប្រាក់ដែលកម្ពុជារកបានពីការនាំជ័រកៅស៊ូទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ មានត្រឹមតែជាង ២៧៣ លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជាង
-
ភ្នំពេញៈ មជ្ឈមណ្ឌលធនធាន របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ដែលនេះជាចំណុចស្នូលនៃកេរដំណែលរបស់ អ.វ.ត.
-
ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោក គិត ម៉េង បានអំពាវនាវឱ្យសហគមន៍ធុរកិច្ច នៅក្នុងតំបន់មេគង្គចាប់យកឱកាសអាជីវកម្ម និងវិនិយោគលើសក្តានុពលដែលមិនទាន់ប្រើប្រាស់ ខណៈតំបន់
-
សង្គ្រាមនៅប្រទេសអ៊ុយក្រែនបានកន្លងផុតទៅ ៥៨២ ថ្ងៃ ឬជាង ១៩ ខែ មកទល់ពេលនេះ ប៉ុន្តែគ្មានសញ្ញាណគួរទុកចិត្តបានណាមួយដែលប្រទេសទាំង ២ អាចអង្គុយតុជាមួយគ្នា និយាយរឿងសន្តិភាពរបស់ប្រទេសបងប្អូនសត្រូវ
-
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចដាក់ចេញនូវវិធានការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារជាទូទៅ និងជនជាប់ឃុំ ដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខ័ណ្ឌ
-
ស្ទឹងត្រែងៈ ខេត្តស្ទឹងត្រែង និងខេត្តអត្តពឺនៃប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសគ្រឿងញៀនតាម