ភ្នំពេញ៖ កម្មករ-កម្មការិនី​ប្រមាណ ២០០ នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ថ្ងៃទី ១០ ខែ​ឧសភា នៅលើ​កំណាត់​ផ្លូវ​វេងស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ ២ សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទាមទារ ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​រក​ដំណោះស្រាយ​ជាមួយ​ម្ចាស់​បន្ទប់​ជួល​ក្នុង​ការសុំ​បញ្ចុះ​ថ្លៃឈ្នួល ៥០ ភាគរយ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ ថា​ការទាមទារ​រក​ដំណោះស្រាយ​នេះ ដោយហេតុ​ពួកគេ​បាននិង​កំពុង​ជួប​ការលំបាក​ដោយ​មិនទាន់​ទទួលបាន​ប្រាក់ខែ​នៅក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ១៩។

លោក អាត់ ធន់ បន្តថា ម្យ៉ាងទៀត​ការទាមទារ​នេះ​ធ្វើឡើង​ក្រោយ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់​បញ្ចុះតម្លៃ​ដល់​អ្នក​ជួល​ដែល​ទទួលរង​ការលំបាក​ខ្លាំង។

លោក អាត់ ធន់ អះអាង​ថា ម្ចាស់​ផ្ទះជួល​ជាង ៩០ ភាគរយ​នៃ​ម្ចាស់ផ្ទះ​នៅតែ​បន្ត​យក​ឈ្នួល​ផ្ទះ​ពេញ​ថ្លៃ​ដូច​មុនពេល​មិនទាន់​មាន​ការផ្ទុះ​ជំងឺ​កូវីដ១៩ បើ​ទោះ​មាន​ការអំពាវនាវ​ពី​នាយករដ្ឋមន្ត្រី ដោយ​ម្ចាស់​ផ្ទះជួល​ខ្លះ​គ្រាន់តែ​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ជួល​ជំពាក់​តែប៉ុណ្ណោះ។ លើសពីនេះ ក៏​ម្ចាស់ផ្ទះ​មួយ​ចំនួន​បាន​បណ្ដេញ​អ្នក​ជួល​ចេញ ដោយ​មិន​បាន​បង់ថ្លៃ​ឈ្នួល​ទៀងទាត់​តាម​ពេល​កំណត់។

លោក អាត់ ធន់ ​ថ្លែងថា៖ «ខ្ញុំ​គិតថា អ្វីដែល​គាត់​ធ្វើ​បាន​បង្ហាញ​យ៉ាងច្បាស់​ពី​ការលំបាក។ អីចឹង រឿង​នេះ​មាន​តែ ២ ទេ គឺ​រឿង​ទី ១ ម្ចាស់​ផ្ទះជួល គួរតែ​ជួយ​សម្របសម្រួល​គ្នា​ទៅ ដោយ​បញ្ចុះតម្លៃ ៥០ ភាគរយ និង​ទី ២ អាច​ពន្យារពេល​ក្នុង​ការបង់​អីចឹង​ទៅ»។

លោក​ នួន ផារ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា បញ្ហា​នេះ​អាច​នឹង​សម្របសម្រួល​ក្នុង​ការសុំ​ចុះថ្លៃ​ឈ្នួល ២០ ដុល្លារ គឺ​ម្ចាស់​ផ្ទះជួល​ចុះ​ជូន​តែ​មួយខែ​តែប៉ុណ្ណោះ ខណៈ​ការប្រើប្រាស់​ទឹក​ប្រចាំថ្ងៃ​ត្រូវ​បាន​រដ្ឋាករទឹក​ស្វយ័ត​មិន​គិត​ប្រាក់​ជូន​ចំនួន ៣ ខែ ប៉ុន្តែ​សម្រាប់​ការប្រើប្រាស់​អគ្គិសនី គឺ​ត្រូវ​គិត​ធម្មតា។

លោក នួន ផារ័ត្ន ក៏បាន​អំពាវនាវ​ដល់​កម្មករ-កម្មការិនី​ទាំងអស់​អត់ធ្មត់​ក្នុង​គ្រា​ដែល​លំបាក​នេះ ព្រោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​បន្ថែមទៀត។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ថ្ងៃទី ៨ ខែឧសភា​បាន​បន្ត​អំពាវនាវ និង​សំណូមពរ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់ ទាំង​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក ផ្អាក​យក​ប្រាក់​ថ្លៃ​ជួល​បណ្តោះអាសន្ន​ពី​កម្មករ-កម្មការិនី ដែល​រស់នៅក្នុង​តំបន់​ក្រហម ឬ​តំបន់​បិទខ្ទប់ ដែល​ក្នុងស្ថានភាព​បែបនេះ ម្ចាស់ផ្ទះ​សំណាក់ ផ្ទះជួល ទាំងអស់ គួរ​យោគយល់​ដល់​ការលំបាក​របស់​កម្មករ-កម្មការិនី ក្នុង​ពេលវេលា​មួយ​ដែល​ទាំងអស់​គ្នា​សុទ្ធតែ​ជួប​ការលំបាក។ ក្នុង​រយៈពេល​កន្លងទៅ​នេះ ក៏​មាន​ម្ចាស់ផ្ទះ​មួយចំនួន​បាន​សម្រេច​មិន​យកប្រាក់​ឈ្នួល​របស់​កម្មករ-កម្មការិនី ក្នុង​ចំនួន​មួយរយៈ ឬក៏​បញ្ចុះ​ថ្លៃ និង​មាន​មួយចំនួន​ទៀត គឺ​បានឱ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​វែង។ ក៏ប៉ុន្ដែ​ក៏​នៅ​សេសសល់​ម្ចាស់​ផ្ទះជួល​មួយចំនួន​ដោយ​ខ្វះ​ការយោគយល់ បង្កើត​ឱ្យ​មាន​បញ្ហា​ឡើង។

លោកនាយក​រដ្ឋមន្ដ្រី​បន្តថា៖ «ពិត​ហើយ​ខ្ញុំ​ដឹងថា ម្ចាស់ផ្ទះ គឺ​ខ្ចីលុយ​ធនាគារ​យកមក​សាងសង់​នូវផ្ទះ​ឈ្នួល​ទាំងនោះ បងប្អូន​ពិតជា​មាន​ការលំបាក​ដូចគ្នា ដែល​ម្ខាង​ជា​កូនបំណុល ម្ខាង​ទៀត​ជា​ម្ចាស់បំណុល។ ប៉ុន្ដែ​សង្ឃឹមថា ម្ចាស់​ផ្ទះជួល​ទាំងអស់​នឹង​អាច​យោគយល់​បាន​នូវ​ការលំបាក​រួម»៕