ភ្នំពេញៈ កម្មករ-កម្មការិនីដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ ឆេង យ័ន្ត ប្រមាណជាង ៤០ នាក់កាលពីម្សិលមិញបានសម្រេចបញ្ឈប់ការតវ៉ារបស់ពួកគេដោយសុខចិត្តយល់ព្រមទទួលយកលទ្ធផលតាមរយៈការចរចារវាងអាជ្ញាធរ និងភាគីរោងចក្រ បន្ទាប់ពីពួកគេបាននាំគ្នាតវ៉ានៅខាងមុខរោងចក្រក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ ៣ ជុំវិញករណីរោងចក្រមិនព្រមបើកលុយឱ្យទៅតាមការសន្យា និងបានដាក់គំនាបមកលើពួកគេ។ នេះបើតាមលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ។
លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថាកម្មករ-កម្មការិនីរោងចក្រ ឆេង យ័ន្ត បានយល់ព្រមទទួលយកការចរចាគ្នាហើយ ដោយពួកគេនឹងមកបើកលុយនៅថ្ងៃទី ២១ ខែសីហាខាងមុខនេះ បន្ទាប់ពីមានករណីថៅកែរោងចក្រមិនព្រមបើកលុយឲ្យពួកគាត់ទៅតាមការសន្យាក្នុងអំឡុងពេលដែលពួកគាត់ជាង ៤០ នាក់បានលាឈប់ពីការងារ និងមានលក្ខខណ្ឌផ្សេងៗទៀត។
លោកបានបញ្ជាក់ថា៖ «ពួកគាត់តវ៉ាហ្នឹងគឺដោយសារកន្លងមកពួកគាត់ធ្វើការធម្មតាទេ តែមួយរយៈពេលចុងក្រោយនេះពួកគាត់បាននាំគ្នាសុំលាឈប់ពីការងារជាបន្ដបន្ទាប់ ហើយខាងភាគីរោងចក្រតម្រូវបើកលុយក្នុងថ្ងៃទី ១០ ជារៀងរាល់ខែចំពោះអ្នកដែលបានដាក់ពាក្យឈប់ពីការងារទាំងនោះ ប៉ុន្ដែនៅពេលដល់ថ្ងៃកំណត់បើកលុយមកដល់ បែរជារោងចក្រមិនទាន់ព្រមបើកលុយឲ្យទៅវិញ ទើបពួកគាត់បាននាំគ្នាចេញមកតវ៉ា»។
កម្មការិនីម្នាក់ដែលបម្រើការនៅក្នុងរោងចក្រនោះសុំមិនបញ្ចេញឈ្មោះបានលើកឡើងកាលពីម្សិលមិញថា ថៅកែរោងចក្រមិនព្រមបើកលុយឲ្យពួកគាត់ទៅតាមការសន្យា និងតាមថ្ងៃដែលបានកំណត់បើកប្រាក់ខែកន្លងមកទេ ក្រោយពេលពួកគេប្រមាណជាជាង ៤០ នាក់បានលាឈប់ពីការងារក្នុងរោងចក្រនេះ។
ក្រៅពីនេះអ្នកស្រីថា៖ «កាលពីពេលកន្លងមកនេះកម្មករឈប់មានធុរៈចាំបាច់ សម្រាកឈឺទោះមិនមានច្បាប់ត្រឹមត្រូវក៏មិនបានកាត់លុយដែរ។ ប៉ុន្តែទើបតែមកដល់ខែនេះកុំថាឡើយដល់ឈប់អត់ច្បាប់ សូម្បីឈប់មានច្បាប់ត្រឹមត្រូវក៏ថៅកែរោងចក្រហ្នឹង កាត់លុយដែរគឺថាឈប់ ១ ថ្ងៃកាត់ ១ សប្តាហ៍ហើយមានករណីកម្មករខ្លះគាត់ឈឺ ហើយបានឈប់សម្រាក ៣ ថ្ងៃលុះដល់កាត់លុយរោងចក្រកាត់រហូតដល់ ៣ សប្តាហ៍ដែលស្មើនឹង ២១ ថ្ងៃឯណោះពោលគឺស្ទើរអស់ប្រាក់ខែ ១ ខែទៅហើយ ហេតុដូច្នេះហើយទើបពួកខ្ញុំតវ៉ាទាមទារឲ្យក្រុមហ៊ុនគោរពតាមលក្ខខណ្ឌការងារ»។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានឲ្យដឹងថា លោកមិនមានភ្នាក់ងារនៅក្នុងរោងចក្រ ឆេង យ័ន្ត នោះទេ ប៉ុន្ដែប្រសិនបើមានការដាក់គំនាបមកលើកម្មករ-កម្មការិនីបែបនេះគឺជាការខុសនឹងច្បាប់ការងារទាំងស្រុង ពីព្រោះប្រសិនបើកម្មករគេបានដាក់ច្បាប់សុំឈប់សម្រាកត្រឹមត្រូវភាគីរោងចក្រមានសិទ្ធិកាត់តែត្រឹមលុយការងារប្រចាំថ្ងៃ និងលុយរង្វាន់ប្រចាំខែ (រង្វាន់ធ្វើការទៀងទាត់) តែប៉ុណ្ណោះ ។
លោកបានបញ្ជាក់ថា៖ «ករណីហ្នឹង ខ្ញុំមិនសូវបានជួបប្រទះទេ បើវាកើតមានឡើងគឺមានតែរោងចក្រតូចៗប៉ុណ្ណោះ ព្រោះរោងចក្រប្រភេទតូចៗបែបនេះគឺច្បាប់អ្វីផ្សេងៗគេមិនសូវយកចិត្តទុកដាក់អនុវត្តទេ គឺគេបញ្ជាស្រេចតែចិត្តរបស់គេ។ ខ្ញុំថាអាជ្ញាធរគួរពិនិត្យមើលបន្ថែមលើករណីនេះព្រោះវាក៏ប៉ះពាល់សិទ្ធិកម្មករមួយចំនួនតូចដែរ»៕