ភ្នំពេញ៖ កម្មករ-កម្មការិនី​រោងចក្រ​កាត់​ដេរ​ប្រមាណ ១ លាន ២ សែន​នាក់ បាន​រង​ផល​ប៉ះពាល់​ក្នុង​អំឡុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល ដែល​មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន។ យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហេង សួរ រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

លោក ហេង សួរ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ដោយ​យោង​តាម​របាយការណ៍​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ មាន​កម្មករ​រោងចក្រ​ប្រមាណ ៤០ ម៉ឺន​នាក់ ដែល​ស្ថិត​ក្នុង​តំបន់​ទាំង​ពីរ​នេះ មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន​ ក្រៅ​ពី​នោះ​ក៏​នៅ​មាន​កម្មករ​និយោជិត ដទៃ​ទៀត​ដែល​កំពុង​ជាប់​គាំង​ដែល​សរុប​ជា​រួម​ខ្ទង់ ១ លាន ២ សែន​នាក់។

លោក ហេង សួរ ថ្លែង​ថា៖ «ទោះបី​ជា​កម្មករ​មិន​អាច​ទៅ​បំពេញ​ការងារ​បាន ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ ដែល​គាត់​បាន​បំពេញ​មុន​ពេល​បិទ​ខ្ទប់ ការ​ឧបត្ថម្ភ​ពី​រោងចក្រ និង​ជំនួយ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ»។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ខែមេសា កម្មករ-និយោជិត​បាន​ទៅ​ធ្វើ​ការ​ពីរ​សប្តាហ៍ ដូច្នេះ​ពួក​គេ​ទទួល​បាន​ ៥០ ភាគរយ​នៃ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ ដោយ​ឡែក​ចាប់​ពី​សប្តាហ៍​ទី៣ និង​សប្តាហ៍​ទី៤ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់ ដូច្នេះ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា GMAC និង​រោងចក្រ​ដទៃ​ទៀត​ដែល​បាន​ធ្វើ​ការ​ជាមួយ គឺ​គាត់​មាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម អាស្រ័យ​ទៅ​លើ​លទ្ធភាព​របស់​រោងចក្រ​នីមួយៗ ពី​ព្រោះ​រោងចក្រ​ខ្លះ​មាន​អ្នក​បញ្ជា​ទិញ ឬ​មាន​ទុន ប៉ុន្តែ​ក៏​មាន​រោងចក្រ និង​សិប្បកម្ម​មួយ​ចំនួន​មាន​ទុន​កម្រិត​របស់​គាត់​ដែរ។

លោក​បន្ត​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គ្រប់​រោងចក្រ​ទាំង​អស់​ត្រូវ​មាន​កញ្ចប់​ឧបត្ថម្ភ​បន្ថែម​ទៅ​លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តល់​ស្បៀង​ទៅ​ដល់​បងប្អូន​កម្មករ​ដែល​នៅ​តាម​ផ្ទះ​ជួល»។

លោក ហេង សួរ ថ្លែង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​លើកលែង​តែ​ឆ្លង​តំបន់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ នៃ​ខេត្ត​កណ្តាល គឺ​កម្មករ​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ចេញ​ទៅ​ធ្វើ​ការ​ឡើង​វិញ។

ជា​រួម​ជាង ៦០ ភាគរយ​នៃ​ផ្នែក​រោងចក្រ​កាត់​ដេរ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ បូក​ជាមួយ​ខេត្ត​កណ្តាល ដោយសារ​នៅ​ភ្នំពេញ​នៅ​បន្ត​ការ​បិទ​ខ្ទប់​នេះ ការ​សម្រួល​ឱ្យ​មាន​ចរាចរណ៍​រវាង​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នេះ គឺ​មិន​ទាន់​មាន​អ្វី​ពាក់ព័ន្ធ​ដំណើរការ​រោងចក្រ​កាត់​ដេរ​នៅ​ភ្នំពេញ​នោះ​ទេ។

ប៉ុន្តែ​អាច​មាន​កម្មករ​មួយ​ចំនួន​តូច ឧទាហរណ៍​ព្រំ​ប្រទល់​រវាង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្តាល ឬ​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ គាត់​អាច​ចាប់​ផ្តើម​ឆ្លង​ទៅ​វិញ​ទៅ​មក​បាន អ៊ីចឹង​កម្មករ​រោងចក្រ​ដែល​មិន​ស្ថិត​នៅ​តំបន់​បិទ​ខ្ទប់​អាច​ទៅ​ធ្វើ​ការ​នៅ​តាម​ទីតាំង​រោងចក្រ​ដែល​ឆ្លង​ខេត្ត​បាន អាច​ទទួល​បាន​ផលប្រយោជន៍​ពី ៥ ទៅ ១០ ភាគរយ ដែល​ទទួល​បាន​ពី​ការ​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​វិញ​នេះ។

លោក ហេង សួរ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា កម្មករ-កម្មការិនី​រោងចក្រ និង​ថ្នាក់​ដឹកនាំ​សហជីព​ប្រមាណ ១០ ម៉ឺន​នាក់ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដូស​ទី១ និង​ដូសទី២ ទើប​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី ២៥ មេសា ក្នុង​រយៈពេល ២ ថ្ងៃ ចាក់​ជូន​កម្មករ​បាន​ចំនួន ៨ ៧០០ នាក់។ ប៉ុន្តែ បើ​ទោះបី​ជា​គាត់​ចាក់​វ៉ាក់សាំង​ដូសទី ១ឬ​ទី២ ក៏​ដោយ បើ​រស់នៅ​តំបន់​ក្រហម តំបន់​លឿងទុំ​មិន​អាច​ចេញ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ថា​នៅ​ពេល​ដែល​មាន​ការ​បែងចែក​តំបន់​នេះ​ហើយ អាច​មាន​រោងចក្រ ក្រុមហ៊ុន​មួយ​ចំនួន​ចាប់​ផ្តើម​ដំណើរការ​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «បើ​តាម​ការ​វាយ​តម្លៃ​បឋម ទីតាំង​ដែល​មាន​រោងចក្រ​ច្រើន​នៅ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​មានជ័យ ខណ្ឌ​កំបូល និង​ខណ្ឌ​ដង្កោ អាច​នៅ​មាន​ចំណុច​ប្រឈម​ច្រើន​ដែល​យើង​អាច​រង់ចាំ​បន្តិច ដើម្បី​ឱ្យ​ឫស​គល់​នៃ​ជំងឺ​កូវីដ ១៩ កាត់​ផ្តាច់​សិន ដោយសារ​តាមរយៈ​ការ​យក​សំណាក​ពី​តំបន់​ទាំង​នេះ នៅ​មាន​ចំនួន​វិជ្ជមាន​ច្រើន»៕