កណ្ដាលៈ កម្មករ​​ប្រមាណ​ជាង ​២០០ ​នាក់​ និង​ថៅ​កែ​​រោង​ចក្រ​កាត់​ដេរ​ នូវ​ ខ​ប ​កាលពី​ម្សិលមិញ​បាន​ឯក​ភាព​គ្នា​បញ្ចប់​ការ​ចរចា​ ដោយ​សម្រេច​បញ្ចូន​ករ​ណី​វិវាទ​ការ​ងារ​របស់​ពួក​គេទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នៃ​ក្រសួង​ការងារ​ ដើម្បី​ដោះស្រាយ​បន្ត។

​លោក​ ហេង​ សុខា​ តំណាង​កម្មករ​ម្នាក់​ដែល​បាន​ចូល​ជួប​ចរចា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ការ​ចរ​ចា​លើកចុង​ក្រោយ​នេះ​មាន​តំណាង​កម្មករ​ចំនួន ១២ ​នាក់​ និង​តំណាង​មក​ពី​ក្រុម​ហ៊ុន​ដែល​ជា​ជន​ជាតិ​កូរ៉េ ​រួម​ទាំង​មាន​ការ​សម្រប​សម្រួល​ពី​ប្រធាន​មន្ទីរ​ការងារ​ខេត្ត។​

លោក​បន្ត​ថា៖ «​ការ​ចរចា​នេះ​ ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ដំណោះស្រាយ»។​

លោក​​អះអាង​ថា ​ភាព​មិន​ចុះ​សម្រុង​គ្នា​ ព្រោះ​នាយក​រោងចក្រ​មិន​ផ្តល់​អ្វី​លើស​ពី​ ៤៨០ ដុល្លារ ជូន​កម្មករ​ទេ ដោយ​ម្ចាស់​រោង​ចក្រ​បាន​ប្រកាស​ថា​ពួក​គេ​មិន​បិទ​រោង​ចក្រ​នោះ​ទេ​ ដោយ​បន្ត​ស្វែង​រក​អ្នក​បញ្ជា​ទិញ​ផ្សេង​ទៀត​ ដើម្បី​ដំណើរការ​រោងចក្រ។

លោក​ សៀង​ សម្បត្តិ​ ប្រធាន​សហ​ព័ន្ធ​សហ​ជីព​មិត្តភាព​កម្មករ​បាន​លើក​ឡើង​ថា​ ករ​ណី​នេះ​ វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ភា​គី​ទាំង​ ២​ បើ​សិនជា​ការ​ចរចា​គ្មាន​ដំណោះ​ស្រាយ​ ​ព្រោះ​តែ​នេះ​គឺនី​តិ​វិ​ធី​ស្រប​ច្បាប់។​ រោង​ចក្រ​បាន​ប្រកាស​រួច​ហើយ​ ​ថា​ ​មិន​បិទ​រោង​ចក្រ​នោះ​ទេ​ ដូច្នេះបើ​កម្មករ​ទាម​ទារ​ឲ្យ​រោងចក្រ​ទូទាត់​អត្ថ​ប្រ​យោជ​ន៍​​ទាំង​​អស់​ដូ​ច្នេះ​ ​វាជា​រឿង​មួយ​ដែល​ពិបាក​ហើយ។​

លោក​បញ្ជាក់​ថា​កម្មករ​ ១ ៤០០​ ​នាក់​ ​ឥឡូវ​នេះ​ ពួក​គាត់​ទទួល​យក​ជាង​ ​១ ២០០ ​នាក់​ហើយ​ បា​ន​លា​ឈប់​ទាំងអស់​គ្នា​ ​ព្រោះ​មិន​អាច​រង់ចាំ​ការព្យួរ​ការ​ងារ​ពី​ក្រុម​ហ៊ុន​បាន​។ ​ហើយ​អ្វី​ដែ​ល​នីតិ​វិធី​ហ្នឹង​ភាគី​ទាំង​សង​ខាង​នៅ​តែ​អះអា​ងរៀង​ៗ​ខ្លួន​ ​បើ​រោង​ចក្រ​មិន​មាន​លទ្ធភាព​​ទេ​ត្រូវ​ទូ​ទាត់​តាម​ច្បាប់។​

​កាល​ពី​ថ្ងៃ​ទី​ ២៦​ និង ​២៧​​ ខែ ​មិថុនា ​កម្មករ​រោង​ចក្រ នូវ​ ខ​ប​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជើង​អក​ ឃុំ​លំហាច​ ស្រុក​​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ ប្រមាណ​ជាង​ ៤០០ ​នាក់​ បាន​ផ្ទុះ​ការតវ៉ា​ ដើម្បី​ទាម​ទារ​ឲ្យ​ថៅ​កែ​រោង​ចក្រ​ទូទាត់​ប្រាក់​អត្ថ​ប្រ​យោជន៍​នា​នា​របស់​ពួក​គេ​ឲ្យ​បាន​ត្រឹ​ម​ត្រូវ​ កម្មករ​ទាំង​នោះ​នៅ​តែ​អះអាង​ថា​ នេះ​គឺជា​​ការ​គេចវេះ​របស់​រោង​ចក្រ ក្នុងចេត​នា​​មិន​ចង់​ទូទាត់​ប្រាក់​អតីត​ភាព​ការ​ងារ​របស់​កម្មករ​ ដែល​កម្ម​ករ​ខ្លះ​មាន​អតីត​ភាព​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​នោះ​ប្រ​មាណ​ជាង​ ១០ ឆ្នាំ​មក​ហើយ៕