The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ ម៉ារូឈុន​៧​នាក់​របួស​ដោយ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស




កម្មករ ម៉ារូឈុន​៧​នាក់​របួស​ដោយ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស

កម្មករ ម៉ារូឈុន​៧​នាក់​របួស​ដោយ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស

130321_10
កម្មកររោងចក្រម៉ារូឈុន នាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ក្នុងសង្កាត់ចោមចៅ ម៉ៃ វីរៈ

ភ្នំពេញៈ កម្មករ​៧នាក់​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​នៅ​រោងចក្រ​ម៉ារូឈុន ស្ថិត​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ បាន​រងរបួស​ធ្ងន់ ស្រាល កាលពី​ព្រឹក​ម្សិលមិញ ដោយ​សារ​តែ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​កូដកម្ម​តវ៉ា​ពួក​គេ​មួយ​ប្រាវ ជាមួយ​សមត្ថកិច្ច។

លោក ស៊ុន លៀង កម្មករ​រងរបួស​ភ្នែក​ស្តាំ​និង​ច្រមុះ ដោយ​សារ​រង​នឹង​ដុំ​ថ្ម​និង​ដំបង​ឆក់​សមត្ថកិច្ច​រហូត​សន្លប់​ជិត​មួយ​ម៉ោង​បាន​រៀបរាប់​ថា នៅ​ម៉ោង​ប្រមាណ​៩កន្លះ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ កម្មករ​បាន​បន្តធ្វើ​កូដកម្ម​តវ៉ា​មុខ​រោងចក្រ​ដែល​អូសបន្លាយ​មួយ​សប្តាហ៍​មក​ហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ។

លោក​បញ្ជាក់​ថា​៖ «អំពើ​ហិង្សា​បាន​កើត​ឡើង បន្ទាប់​ពី​កម្មករ​បាន​រារាំង​ការ​ដឹក​អីវ៉ាន់​ចូល​ក្នុង​រោងចក្រ ពេល​នោះ​សមត្ថកិច្ច​នគរបាល និង​កងរាជ​អាវុធហត្ថ​បាន​ប្រើ​ដំបង​ឆក់ បំបែក​ហ្វូង​កម្មករ ធ្វើ​ឲ្យ​កម្មករ​បី​នាក់​រងរបួស​ធ្ងន់​និង​កម្មករ​បី​នាក់​ទៀត បាន​រងរបួស​ស្រាល»។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ខណៈ​នោះ​ក្រុម​កម្មករ​បាន​តប​តទៅ​ក្រុម​សមត្ថកិច្ច​វិញ ដោយ​ការ​គប់​ដុំ​ថ្ម​ចូល​ទៅ​ក្នុង​រោងចក្រ តែ​លោក​មិន​បាន​ដឹង​ថា តើ​សមត្ថកិច្ច​មាន​រង​របួស​ឬ​អត់​ទេ ព្រោះ​អី​លោក​បាន​ដួល​សន្លប់​នៅ​ពេល​រង​ការ​ឆក់​ច្រើន​ដង​ពេក។

កញ្ញា កាន់ ស្រី​លក្ខណ៍ ជា​កម្មករ​ស្ថិត​ក្នុង​ហេតុការណ៍​ម្នាក់​បាន​ប្រាប់​ថា ពេល​ប្រទូសរ៉ាយ​គ្នា​នោះ នាង​ស្ថិត​នៅ​ក្នុង​បរិវេណ​រោងចក្រ ឃើញ​មាន​ការ​គប់​ដុំថ្ម ដាក់​គ្នា​ទៅវិញ​ទៅមក រវាង​កម្មករ​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ និង​សមត្ថកិច្ច​នៅ​ខាង​ក្នុង​រោងចក្រ។

កញ្ញា ស្រី​លក្ខណ៍ និយាយ​ថា៖ «មាន​នគរបាល​ម្នាក់​រងរបួស​បែក​ក្បាល ឡាន​និង​ម៉ូតូ​មួយ​ចំនួន​របស់​បុគ្គលិក​រោងចក្រ និង​កម្មករ ដែល​ចត​ទុក​នៅ​ខាង​ក្នុង​បរិវេណ​រោងចក្រ​បាន​រង​ការ​ខូចខាត ខ្លះ​បែក​កញ្ចក់ ឆូត​កំពៀច ជាដើម»។

លោក លី វេង ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​នៅ​រោងចក្រ​នេះ​បាន​ឲ្យ​ដឹង​ថា លោក​និង​តំណាង​ក្រុមហ៊ុន​បាន​ជួប​ចរចា​គ្នា​ពីរ​បី​ដង​ហើយ តែ​មិន​មាន​ការ ព្រមព្រៀង​ណា​មួយ​ទេ។

លោក លី វេង បន្ត​ថា​៖ «កម្មករ​នឹង​រក្សា​ការ​ទាមទារ​របស់​ខ្លួន​ទុក​ទៅ​ពេល​ក្រោយ និង​សន្យា​ចូល​ធ្វើ​ការ​វិញ​ប្រសិន​បើ​ក្រុមហ៊ុន​មិន​កាត់​ប្រាក់​ខែ និង​ប្រាក់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ធ្វើ​កូដកម្ម​តវ៉ា​ទេ​នោះ»។

លោក ម៉ម យឿន អធិការ​ស្តីទី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន ពី​ការ​ចោទ​ប្រកាន់​ថា សមត្ថកិច្ច​លោក​បាន​ប្រើ​ហិង្សា​ទៅ​លើ​កម្មករ​នៅ​ឡើយ​ទេ ដោយ​សារ តែ​លោក​មាន​ភារកិច្ច​ត្រូវ​សម្រួល​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ម្សិលមិញ។

សូម​បញ្ជាក់​ថា កម្មករ​រោងចក្រ​កាត់​ដេរ​ម៉ារូឈុន ជាង​១ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ ចំនួន​១១​ចំណុច ជាអាទិ៍ សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ប្រាក់​ធ្វើ​ដំណើរ ប្រាក់​រង្វាន់​ការងារ​ទៀងទាត់ និង​សុំ​កុំ​ឲ្យ​បង្ខំ​កម្មករ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​ជាដើម។

បុគ្គលិក​រដ្ឋបាល​រោងចក្រ​ម៉ារូឈុន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ  បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ច្រើន ហើយ​ខាង​ក្រុមហ៊ុន​អំពាវនាវ​ឲ្យ​កម្មករ​ផ្អាក​សកម្មភាព​របស់​ពួកគេ​ដោយ​រង់ចាំ​ការ​ដោះស្រាយ​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។បុគ្គលិក​ដដែល​នេះ​ថ្លែង​ថា៖ «ក្រុមហ៊ុន​មិន​បាន​បញ្ជា​សមត្ថកិច្ច​ឲ្យ​ប្រើ​ហិង្សា​លើ​កម្មករ​ដូច​ការ​ចោទ​ទេ។ ការ​ប៉ះទង្គិច​គ្នា​នេះ​បង្ក​ពី​ក្រុម​កម្មករ​តវ៉ា​បិទ​ផ្លូវ​មិន​ឲ្យ​ឡាន​ក្រុមហ៊ុន​ដឹក​អីវ៉ាន់​ចេញ​ចូល ទើប​កើត​មាន​ការ​ប្រទូសរ៉ាយ​គ្នា​ពេល​សមត្ថកិច្ច​ចេញទៅ​សម្រប​សម្រួល​ឲ្យ​បើក​ផ្លូវ»។

បុគ្គលិក​រដ្ឋបាល​រូប​នេះ​អះអាង​ដែរ​ថា ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​លិខិត​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ ក្នុង​រយៈពេល​២ថ្ងៃ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់ តែ​កម្មករ​មិន​គោរព​តាម។

បុគ្គលិក​រោងចក្រ​ម្នាក់​នេះ​បន្ត​ថា៖«នាយក​ក្រុមហ៊ុន​បាន​ចេញ​ទៅ​ជួប​កម្មករ​កំពុង​តវ៉ា ដោយ​បាន​ស្នើ​សុំ​ឲ្យ​ពួក​គេ​ផ្អាក​ការ​តវ៉ា និង​សុំ​ឲ្យ​លើក​យក​បញ្ហា​មក​ដោះស្រាយ​លើ​តុ​ទាំងអស់គ្នា តែ​ពួក​គេ​មិន​ស្តាប់​គាត់​ទេ»។ នៅពេល​សួរ​ថា តើ​ក្រុមហ៊ុន​នឹង​ស្នើសុំ​ដីកា​រក្សា​ការពារ​ពី​តុលាការ​ឬ​យ៉ាង​ណា? តំណាង​ក្រុមហ៊ុន​ម្នាក់​នេះ​ថា ក្រុមហ៊ុន​មិន​ទាន់​មាន​គម្រោង​នៅ​ឡើយ​ទេ។

ទាក់ទិន​នឹង​លក្ខខណ្ឌ​ទាមទារ​របស់​កម្មករ​ទាំង​១១​ចំណុច បុគ្គលិក​រដ្ឋបាល​រូប​នេះ​អះអាង​ដែរ​ថា ខាង​ក្រុមហ៊ុន​បាន​យល់​ព្រម​មួយ​ភាគ​ធំ​ហើយ នៅ​ខ្វែង​គ្នា​តែ​ការ​កាត់​ប្រាក់​ខែ និង​ប្រាក់​ការងារ​ទៀង​ទាត់ ក្នុង​អំឡុង​ពេល​តវ៉ា​ទេ ដែល​ក្រុមហ៊ុន​មិន​យល់​ព្រម៕

អត្ថបទគួរចាប់អារម្មណ៍