ភ្នំពេញៈ កម្មករ ប្រធាន​សហជីព អ្នកនយោបាយ បារម្ភ​ពី​ផលវិបាក​បើសិន​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដែល​អ្នក​វិភាគ​ថា មាន​ទំហំ​ធំ តែ​អាច​គ្រប់គ្រង​បាន ខណៈ​ពេល​ដែល​ប្រតិភូ​សហភាព​អឺរ៉ុប​កំពុង​ស្វែងយល់​អំពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា​មុន​ឈាន​ដល់​ការ​ធ្វើការ​សម្រេចចិត្ត។

អ្នកនាង សុ​ត សុ​ផង បាន​ចាកចេញពី​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង កាល​ពី ៨ ឆ្នាំ​មុន ដើម្បី​មក​ធ្វើការ​ជា​កម្មការិនី នៅ​រោងចក្រ​កាត់ដេរ​ក្នុង​ទីក្រុង​ភ្នំពេញ។ ការងារ​ជា​កម្មករ​កាត់ដេរ មិន​ត្រឹមតែ​អាច​ឲ្យ​នាង​ជួយ​ខ្លួនឯង​និង​គ្រួសារ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​នាង អាច​បញ្ចប់​ការសិក្សា នៅ​សាកល​វិទ្យាល័យ​ឯកជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ជាង ១ ឆ្នាំមុន។

បច្ចុប្បន្ននេះ សុ​ផង បាន​ចាក​ចេញពី​វិស័យ​កាត់ដេរ មក​ធ្វើការ​បណ្ដោះ​អាសន្ននៅ​ក្នុង​វិស័យ​បដិ​សណ្ឋារកិច្ច​នៅ​សណ្ឋាគារ។ ប៉ុន្តែ​នាង​មាន​ក្តីបារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទៅ​លើ​ជីវិត​កម្មករ​ជាច្រើន​ម៉ឺន​នាក់​ទៀត ដែល​កំពុង​ធ្វើការ​ក្នុង​វិស័យ​នេះ ក៏​ដូចជា​ការ​ប៉ះពាល់​ដោយ​ប្រយោល​ដល់​ការងារ​របស់​នាង។

សុផង និយាយថា៖ «ខ្ញុំ​ធ្លាប់​ឮ​រឿង EBA តែ​ចុងក្រោយ​មិនសូវ​បាន​តាមដាន។ ខ្ញុំ​គិតថា បើ​មាន EBA ប្រទេស​យើង​មាន​ការ​វិនិយោគ​ច្រើន។ ខ្ញុំ​បារម្ភ​ថា បើ​គេ​ដក EBA អាច​ធ្វើ​ឲ្យ​មាន​ការ​បិទ​រោងចក្រ ឬ​ផ្ដាច់​កិច្ចសន្យា​កម្មករ​អី​ជាដើម ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ការងារ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត»។

កម្មការិនី​ម្នាក់ទៀត ឈ្មោះ ហ៊ាន កុសល មកពី​ខេត្ត​កំពត ដែល​កំពុងធ្វើ​ការ​ជា​កម្ម​កា​រិ​នី​​រោង​ចក្រ​​កាត់​ដេរ​អស់​​រយៈ​ពេ​ល​​ ៣ ​ឆ្នាំ​មក​ហើយ​នោះ​ និយាយ​ថា នាង​​មិន​ដឹង​ច្បាស់​​ទេ​រឿង​ EBA ​គឺ​​បាន​ត្រឹម​តែ​ឮ​ថា ​កម្ពុជា​មិន​មាន​ EBA ដោយសារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស។

សហភាព​អឺរ៉ុប​បាន​ផ្ដល់​ប្រព័ន្ធ​ អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ» ហៅ EBA ដល់​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​ ២០​០​៣ មក​ម្ល៉េះ។​ ប៉ុន្តែ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅសហភាពអឺរ៉ុប​បាន​ចាប់​ផ្ដើមដំណើរ​ការ​​នីតិវិធី​ផ្អាក​ EBA ពី​កម្ពុជា​​វិញ ដោយលើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

ប្រធាន​សហជីព​មួយ​ចំនួន​​​ លើ​​ក​ឡើង​ថា ការ​បាត់​បង់​ EB​A មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​កម្មករ​កម្មការិនី ក្នុង​វិស័យ​កាត់​ដេរ​ប៉ុណ្ណោះ​​ទេវា​អាច​ប៉ះ​ពាល់​ដោយ​ប្រ​យោ​​ល​ ដល់​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា។

លោក ប៉ាវ ស៊ីណា ប្រធាន​​សម្ព័​ន្ធ​​សហជីព​​ចលនា​​កម្មករ ​​​ថ្លែង​ថា ​ការ​រីក​ចម្រើន​របស់​កម្ពុ​ជា​ និង​​ការ​​ស្រូប​យក​អ្នក​វិនិយោគ​ក្នុង​វិស័យ​កាត់​ដេរ ​និង​ស្បែក​ជើង​មក​ដល់​ពេល​​នេះ គឺដោយ​សារ​តែ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EB​A ដែល​ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​បា​ន​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប។

លោក​ថា​ បើ​ EBA ត្រូវ​បាន​ដក​ហើយ​កម្ពុជា​ត្រូវ​បង់​ពន្ធ​វិញ​នោះ​ វា​នឹង​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មា​ន​ដល់​កម្ពុជា​ ដោយ​អ្នក​វិនិយោគ​នឹង​​ប្រៀប​ធៀប​ប្រទេស​កម្ពុជា ​ទៅ​នឹង​ប្រទេស​ផ្សេង​ទៀត​ដែ​ល​​ទទួល​បាន​ EBA ហើយ​គេ​បង្វែរ​ទិស​ដៅ​របស់​គេ​ទៅ​ប្រទេស​ទាំង​នោះ។

លោក​បន្ត​ថា អ្នក​ដែល​រង​ការ​ប៉ះ​ពាល់​ផ្ទាល់​ គឺ​កម្មករ​ ដែល​បាត់​បង់​ការងារ​ដោយ​សារ​តែ​ការ​បង្វែ​ររោង​ចក្រ ហើយអ្នក​ដែល​ប៉ះ​ពាល់​ដោយ​ប្រយោលគឺ​មាន​ដូច​ជា​អ្នក​ល​ក់​​​​ដូរ​ តាម​រោង​ចក្រ ម៉ូតូ​ឌុប កង់​បី អ្នក​លក់ លៀស​ហាល ខោ​អាវ​ជជុះ​និង​ផ្ទះជួល​ជាដើម។

លោក​ថ្លែង​ថា៖ «យើងនៅ​ក្នុ​ង​​វិស័យ​នេះ ​ជា​កម្មករ​និយោ​ជិត​ យើង​អត់​ចង់ឃើញ​ប្រទេស​ខ្មែរ​បាត់​បង់ EB ហើយ​យើង​ចង់​ឃើញ​ការ​លូត​លាស់​ខ្លាំង​ជាង​នេះ ​យើង​ចង់​ឃើញ​​ការងារ​សម្រាប់​ពលរដ្ឋ​យើង​កាន់​តែ​សម្បូរ​បែប»។

លោក​ស្រី​ យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ថ្លែង​ថា៖ «កម្មករ​យើង​ នៅ​ពេល​​បច្ចុប្បន្ន ​​មាន​ជិត​ ១ លាន​នាក់ ប៉ះពាល់​មិន​ត្រឹម​តែ​ ១​ លាន​នា​ក់​នេះទេ គឺ​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួ​សារ​របស់​គាត់ព្រោះ​កម្ម​ករ​ជា​អ្នក​រក​​ចំណូល​ដល់​ក្រុម​គ្រួសារ​របស់​គាត់»។

លោក​ស្រី​ថា បើ​បាត់​បង់​ EBA វា​ធ្វើ​ឲ្យ​កម្មការិនី​​ដែល​ជា​អ្នក​ចំណាក​ស្រុក​ពី​ខេត្ត​​ផ្សេងៗ​ អាច​ត្រឡប់​ទៅ​រក​​ការងារ​ដើម​​របស់​​ពួក​កាត់​វិញ ប៉ុន្តែ​ពួក​គេ​នឹង​ប្រឈម​បញ្ហា​កាន់​តែ​ខ្លាំង​ដោយ​សារ​តែ​ពួកគេ​​ខ្លះ​​​ មិន​មាន​ដី​ធ្វើ​កសិកម្ម​ទៀ​ត​​ទេ ព្រោះ​ពួក​គេ​បាន​លក់​ដីនោះ​ដើម្បី​កែ​ប្រែ​ស្ថានភាពរស់​នៅ​ ដូចជា​លក់​ដី​​យក​ប្រាក់​ធ្វើ​ផ្ទះ​ជា​ដើម​។ ដូច្នេះ ជម្រើស​សម្រា​ប់​ពួក​គាត់​ គឺ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​បរទេស​ដើម្បី​រក​ការងារ​ដោយ​ប្រថុយ​ប្រថាន។

លោក វ៉ន ពៅ ប្រធាន​​សមា​​គម​ប្រជា​ធិបតេយ្យ​​ឯករាជ្យ​​នៃ​​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ ហៅ​កាត់​ថា IDEA ​ថ្លែង​ថា ការ​បាត់​បង់​ EBA ប៉ះ​ពាល់​មិន​ត្រឹម​តែ​​កម្ម​ករ​ប្រមាណ​ ៧០ ​ម៉ឺន​នាក់ទេ តែវា​ធ្វើ​ឲ្យ​បាត់​ប្រាក់​ចំណូល​ជាតិ​ទាំងមូល ។

លោក​ថា៖ «​អ្នក​ដែ​ល​រង​ផល់​ប៉ះ​ពាល់​ផ្សេង​ទៀ​ត​មា​ន​ប្រហែល​ ១ ​លាន​នាក់​តាម​ខ្ញុំ​គិ​ត​​ ព្រោះ​អ្នក​កាត់​ដេរ​គាត់​ចិញ្ចឹម​គ្រួសារ​របស់​គាត់ ហើយ​ខ្លះ​ជំពាក់​ធនាគារ»។

លោក​ថាសូ​ម្បី​​តែ​សមាគម​របស់​លោក​ដែល​ស្ថិត​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​ក៏​អា​ច​រង​ផល​​ប៉ះ​ពាល់​​​ដែរ ដោយសារ​មិន​មាន​អ្នក​ជិះ។

លោក ប៉ាវ ស៊ីណា យល់​ឃើ​ញ​ថា សហភាព​អឺរ៉ុប​គួរ​តែ​ពិចា​​រណា​រក្សា​ទុក​ EBA សម្រាប់​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា។

​លោក​បាន​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​​កម្ពុជា​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ជា​ច្រើនរួច​ហើយ​​ទៅ​លើការ​ទាម​ទារ​របស់​សហភាព​អឺរ៉ុប។

លោក​ ស៊ីណា ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ EU គួរ​តែ​ពិចា​​​រណា​លើ​អ្វីដែល​រដ្ឋាភិបា​ល​​បាន​ឆ្លើយ​តបលើ​វិស័យ​ការងារ​​តា​ម​រយៈ​ការ​ផ្ដល់​សិទ្ធិ​សេរីភា​ព​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំសេរីភាព​សហ​ជីពដូច​ជា​ការ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ មេដឹកនាំ​សហជីពជា​ដើម។ ខ្ញុំ​គិត​ថា​ គេ​កំពុង​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ហើយ ដូច្នេះ​នេះជា​ផ្នែក​មួយ​ដែល​ EU គួរ​ពិចារណា»។

លោក​បន្ត​ថា៖ «ចំណែក​ផ្នែក​នយោបាយ វា​ត្រូ​វ​​ការ​ពេល​វេលា​មួយ​យូរ​ទៀ​ត​ ដើ​ម្បី​ដោះស្រាយ​បន្ត។ ចំពោះ​លក្ខខ​​ណ្ឌ​ការងារ សិទ្ធិ​ការងារ ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​កែ​ប្រែ​ស្ថានការណ៍​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ​របស់​ EU ដូច​ជា​យើង​ឃើញ​ហើយ​ថ្មីៗ​នេះ សាលា​ឧទ្ធរណ៍​បាន​ទម្លាក់​បទ​ចោ​ទ​​មក​លើ​មេដឹកនាំ​សហជីព រួមទាំង​ខ្ញុំ​ជាដើម ហើយ​ច្បាប់​ស្តី​ពី​សហជីព​​កំពុង​ធ្វើ​ការ​កែប្រែ​ដែរ គឺ​យើង​បាន​ជួប​ប្រជុំ​២​ដង​ហើ​យ ​លើ​មាត្រា​​ដែល​ប៉ះពាល់​ដល់​ដំណើរការ​របស់​សហជីព»។

លោក​ថា ក្រៅ​ពី​នេះ រដ្ឋា​ភិបាល​ក៏​បាន​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​ប្រសើរ​ឡើង​វិញ ដូច​ជា​ការ​អនុញ្ញាត​ឲ្យ​មាន​ការិយាល័យ​តំណាង​​របស់វិទ្យុ​សំឡេង​ VOA ជាដើម។

លោក​ កាំង មុនីកា​ ​អគ្គ​លេខា​​ធិការរងសមាគម​រោង​ចក្រ​កា​ត់​​ដេរ​នៅ​កម្ពុជា ហៅ​កាត់​​ ​GMA​C មាន​ការ​ជឿ​ជាក់​ថា ឧស្សាហកម្ម​កាត់​ដេរ ​មិន​ទំនង​ជា​មូលហេ​​តុ​នៃ​ការ​ដក​ EBA ទេ ​បើ​ពិចារណា​លើ​ការ​វិវត្ត​ដោយ​វិជ្ជ​​មាន ​ដែល​កម្ពុជា​ បាន​ធ្វើ​ក្នុង​រយៈ​ពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយ​ លើ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម។

លោក​ថ្លែង​ថា៖ «យើង​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ចំណុច​​ពាក់ព័ន្ធ​ដែល EU មើល​ឃើញ​ថា​ ជា​ការ​ថយ​ក្រោយ​នៃ​សិទ្ធិ​ការ​ងារ​នៅ​ក្រោយ​ឆ្នាំ​ ២០១៦ ហើ​យ​ចំណុច​ភាគ​ច្រើន​មិន​ពិបាក​នឹ​ង​​ធ្វើ​ការ​កែ​តម្រូវ​ទេ។ និន្នាការ​នៃ​​បញ្ហា​ការងារ​ នឹង​មាន​ភាព​វិជ្ជមា​ន ដូច្នេះ​បើ​និយាយ​ពី​វិស័យ​កាត់​ដេរ​ថា​ ជា​មូលហេតុ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ វា​គ្រាន់​តែ​ជា​ការ​ប៉ាន់​ស្មាន​ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​និង​អ្នក​បញ្ជា​ទិញ​មាន​​ការ​ព្រួយ​បារម្ភ​ប៉ុណ្ណោះ»។

លោក ច័ន្ទ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា សេដ្ឋ​​កិច្ច​កម្ពុជា​ នឹង​រង​​ផល​ប៉ះពាល់​បែប​​អវិជ្ជមាន ប៉ុន្តែ​មិន​រហូត​ថ្នា​ក់​ខ្ទេច​ខ្ទី​​នោះ​ទេបើ​សិន​ជា​មាន​កា​​រ​​​​ដក​ EBA នោះ។ លោក​ថា ​ផល​ប៉ះ​ពាល់​អាច​គ្រប់​គ្រង​បា​ន​​​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ អនុវត្ត​វិធានការ​កំណែ​ទម្រង់​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​ថ្លែង​ថា៖ «ការ​វិនិ​យោ​គ​​ផ្ទាល់​ពី​បរទេស​ ប្រហែល​ជា​អា​ច​ងាក​ពី​ចិន (មក​កម្ពុជា) ដោយ​សារ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម។ ដោយ​សារ​តែ​មាន​កំណើន​​ដែល​ជំរុញ​ដោយ​មូល​ធ​ន​ចិន​ ក្នុង​ចំណោម​កត្កា​ផ្សេង​ទៀតនោះ វា​នឹង​បង្កើត​ការងារ​បន្ថែម និង​ភាព​រស់​រវើក​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច»។

ស្រប​ពេល​ជាមួយ​គ្នានេះ អ្នក​នយោបាយ​ ៣ រូប​ ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ម្សិល​មិញ ដោយ​ស្នើ​ឲ្យ​ EU រក្សា​ EBA សម្រាប់​កម្ពុជា​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ដោយ​លោក អ៊ូ ច័ន្ទរ័ត្ន លោក ជីវ កត្តា និង​ លោក កង​ គឹមហាក់ ដែល​​​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​​កាល​ពី​ខែ​មីនា។ អ្នកនយោបាយ​ទាំង​ ៣ ​នាក់ ​ក៏​បាន​ស្នើ​ឲ្យ​មេដឹកនាំ​នយោបាយ​បន្ទ​​​ន់​ឥរិយាបថ​ដាក់​គ្នា​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ផងដែរ៕