ភ្នំពេញៈ កម្មករជាង ១០០០ នាក់ មកពីរោងចក្រកាត់ដេរ Maru Chuen នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានបិទកំណាត់ផ្លូវវេងស្រេង នៅជាយរាជធានីភ្នំពេញកន្លះម៉ោង កាលពីថ្ងៃម្សិលមិញ ដោយដុតកង់ឡានចំនួន ២០ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែពី៦១ ដល់ ១០០ ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
យោងតាមលោក ដា តូរី មន្រ្តីសហព័ន្ធសហជីពកម្មករ បានឲ្យដឹងថា កម្មករ មិនទាន់ទទួលបានការឆ្លើយតបពីថៅកែរោងចក្រនេះនៅឡើយទេ។ ប៉ុន្តែកម្មករបានបញ្ឈប់ការបិទផ្លូវ នៅពេលដែលមន្រ្តីខណ្ឌ ដែលអន្ទះសា ចង់បញ្ឈប់ការបិទផ្លូវ បានសម្របសម្រួលចរចា រវាងកម្មករ និងថៅកែរោងចក្រ។ យ៉ាងណាក្តីនៅពេលដែលការចរចានេះត្រូវបរាជ័យ កម្មករនិយាយថា ពួកគេនឹងបិទផ្លូវម្តងទៀតនៅថ្ងៃនេះយូរជាងមុន។
លោក តូរី បានបញ្ជាក់ថា៖«យើង នឹងធ្វើការតវ៉ាបិទផ្លូវម្តងទៀត រហូតទាល់តែទទួលបានលទ្ធផល ពីព្រោះមើលទៅ ខាងក្រុមហ៊ុនហាក់ដូចជាមិនខ្វល់ ចំពោះអ្វីដែលយើងបានធ្វើទេ»។ បើតាមលោក តូរី កម្មករក៏គ្រោងធ្វើការដង្ហែក្បួន ទៅកាន់ក្រសួងសង្គមកិច្ចផងដែរ ប្រសិនបើនៅតែគ្មានដំណោះស្រាយ។
ក្រុមមន្រ្តីរោងចក្រ Maru Chuen បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីថ្ងៃម្សិលមិញ។
កាល ពីសប្តាហ៍មុន កម្មករនៅតាមរោងចក្រមួយចំនួន ក៏បានធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែអប្បបរមាដូចគ្នានេះផង ដែរ ខណៈដែលតំណាងសហជីព សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល បានជួបចរចាគ្នាជាបន្តបន្ទាប់ ដើម្បីរកចំណុចព្រមព្រៀងគ្នាមួយ ក្នុងការដំឡើងប្រាក់ខែដល់កម្មករ។ នៅពេលនេះ សំណើសុំដំឡើងប្រាក់ខែដល់កម្មករ ត្រូវរុញទៅឲ្យរដ្ឋាភិបាលសម្រេច ខណៈមិនទាន់មានការស្រុះស្រួលគ្នានៅឡើយ៕ NR