ភ្នំពេញៈ កម្មករ​រោងចក្រ​កាត់ដេរ W&D នឹង​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​បន្ត​ទៀត​នៅ​ថ្ងៃទី​ ៨ ខែ​មករា​នេះ បន្ទាប់ពី​ថៅកែ​ក្រុមហ៊ុន​បាន​សម្រេច​បញ្ឈប់​ពួកគេ​ជាង ១០០០ ​នាក់​ពី​ការងារ ក្រោយពី​ពួកគេ​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​អស់​រយៈពេល​ជិត​ ២ ​សប្តាហ៍​។

យោង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រុមហ៊ុន W&D ចុះ​ថ្ងៃទី​ ៤ ខែ​មករា​បាន​សម្រេច​លុប​ឈ្មោះ​កម្មករ​និយោជិត​ជាង ១០០០ ​នាក់​។ ការបញ្ឈប់​នេះ​ក្រុមហ៊ុន​សំអាង​តាម​កំណត់ហេតុ​អនុវត្តន៍​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​តម្រូវ​ឲ្យ​កម្មករ​បញ្ឈប់​ការធ្វើ​កូដកម្ម និង​ចូល​ធ្វើការ​វិញ​ក្នុង​រយៈពេល ៤៨ ​ម៉ោង​។

ខណៈ​កម្មករ​មិន​ព្រម​ចូល​ធ្វើការ​តាម​ការកំណត់​ភាគី​ក្រុមហ៊ុន​ក៏​បាន​សម្រេច​បញ្ឈប់​កម្មករ និង​តម្រូវ​ឲ្យ​កម្មករ​ទាំងអស់​ដែល​ខ្លួន​បាន​បញ្ឈប់​នោះ​មក​បើក​ប្រាក់​ចុងក្រោយ​របស់​ខ្លួន​នៅ​ម៉ោង​ ៣ រសៀល​ថ្ងៃទី​ ៨ ខែ​មករា​នេះ​។

ការឈាន​ដល់​មាន​ការ​ចេញ​ដីកា​សម្រេច​ពី​តុលាការ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ភាគី​ក្រុមហ៊ុន​ និង​ភាគី​កម្មករ​ក្រោម​ការសម្របសម្រួល​ពី​ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​មិន​អាច​ស្វែងរក​ដំណោះស្រាយ​បាន​ទើប​ខាង​ក្រុមហ៊ុន W&D បាន​ស្នើសុំ​សេចក្តី​សម្រេច​ពី​តុលាការ ហើយ​តុលាការ​ក៏​បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃទី​ ៣១ ​ខែ​ធ្នូ ឆ្នាំ ២០១៨ ដោយ​តម្រូវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​ក្នុង​រយៈពេល ៤៨ ម៉ោង​។

លោក ​ប៊ុន គីមសាន ​តំណាង​កម្មករ​ក្រុមហ៊ុន W&D បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ការបញ្ឈប់​ពួកគាត់​ពី​ការងារ គឺជា​រឿង​អយុត្តិធម៌​បំផុត ហើយ​លោក​អះអាង​ថា កម្មករ​នឹង​មិន​បញ្ឈប់​ការតវ៉ា​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នោះ​ទេ​។ លោក​ថា កម្មករ​ទាំងអស់​នឹង​បន្ត​ការប្រមូល​ផ្តុំគ្នា​បន្ត​ទៀត​ស្រប​ពេល​ថៅកែ​រោងចក្រ​តម្រូវ​ឱ្យ​កម្មករ​មក​ទទួល​ប្រាក់​ចុងក្រោយ​នៅ​ថ្ងៃ​នេះ​។

លោក​បន្ត​ថា​៖ «​ស្អែកហ្នឹង (​ថ្ងៃទី​ ៨ មករា​) ខ្ញុំ​ត្រូវ​តែ​តវ៉ា​ទាមទារ​ចំណុច​របស់​ខ្ញុំ​រឿង​អី​ដែល​ត្រូវ​បញ្ឈប់​ពួក​ខ្ញុំ ដោយ​មិន​បាន​ជូន​ដំណឹង​តាម​ច្បាប់​ដែល​តម្រូវ​ជូន​ដំណឹង​ឲ្យ​ដឹង ៤៨ ​ម៉ោង​ជាមុន បើ​​ទោះ​ជា​តុលាការ​បាន​ចេញ​ប្រកាស​មក​ក៏ដោយ​។ ខ្ញុំ​សូម​ស្នើ​ដល់​សម្តេច​ ហ៊ុន សែន ឲ្យ​គាត់​ជួយ​ហើយ​សង្ឃឹម​ថា​គាត់​នឹង​ឮ និង​ជួយ​ពួក​ខ្ញុំ​ដែល​កំពុង​ជួប​ការលំបាក​ខាង​ជីវភាព​យ៉ាង​ខ្លាំង​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​ថៅកែ​ក្រុមហ៊ុន W&D បានទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​ថា​ទាំងនេះ​គឺជា​ការអនុវត្ត​នីតិវិធី​ដោះស្រាយ​វិវាទ​ការងារ​រួម ហើយ​កម្មករ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​នេះ ជាទូទៅ​ក្រុមហ៊ុន​អាច​នឹង​ទទួល​ចូល​ធ្វើការ​វិញ ប្រសិន​បុគ្គល​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ ក្នុង​អំឡុងពេល​កូដកម្ម​។ លោក​សួរ​ថ្លែង​ថា​ក្រសួង​នឹង​រួម​ជាមួយ​និយោជក​នឹង​ពិនិត្យ​សម្របសម្រួល​ករណី​នេះ​បន្ត​ទៀត​។

លោក​បន្ត​ថា​៖ «​បន្ថែម​ពី​លើ​នេះ​រាជរដ្ឋាភិបាល​បាន​ធានា​រួចហើយ​ថា​នឹង​មិន​ឲ្យ​បងប្អូន​កម្មករ​និយោជិត​បាត់បង់​ផលប្រយោជន៍​នៅ​ពេល​រោងចក្រ​ក្ស័យធន​នោះ​ទេ គឺ​រដ្ឋាភិបាល​នឹង​បញ្ចេញ​សាច់ប្រាក់ ដើម្បី​ទូទាត់​អត្ថប្រយោជន៍​ឲ្យ​បងប្អូន​ប្រសិន​ជា​មាន​រោងចក្រ​ណា​មួយ​ក្ស័យធន​ ឬ​បិទទ្វារ​ដោយ​ម្ចាស់​រត់ចោល​។ ដូច្នេះ​មិន​មាន​ចំណុច​ដែល​បងប្អូន​កម្មករនិយោជិត​ព្រួយបារម្ភ​រឿង​បាត់បង់​អតីតភាព​នោះ​ទេ​»​។

បើ​តាម​លោក​សួរ​យោង​តាម​ច្បាប់ និង​ប្រកាស​របស់​ក្រសួង​គឺ​និយោជក​ត្រូវ​ទូទាត់​អតីតភាព​ការងារ​ ១ ​ឆ្នាំ ២ ដង ដល់​កម្មករនិយោជិត​ដែល​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​វែង គឺ​នៅ​ក្នុង​ខែ​មិថុនា និង​ខែ​ធ្នូ​ហើយ​ចំពោះ​ការទាមទារ​ស្នើសុំ​ឲ្យ​និយោជក​ផ្តាច់​កិច្ចសន្យា​រួច​ទូទាត់​អតីតភាព​ការងារ ១០០ ​ភាគរយ​ក្នុង​ពេល​តែ​មួយ​របស់​កម្មករ​នោះ​គឺ​មិន​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ​។

ការតវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​របស់​កម្មករ​នេះ​បាន​កើត​មាន​ឡើង​ជិត ២ សប្តាហ៍​មក​ហើយ​ដោយ​ក្នុង​នោះ​កម្មករ កម្មការិនី បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា នៅ​មុខ​រោងចក្រ​របស់​ខ្លួន​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ ខណ្ឌ​មានជ័យ​រហូត​ឈាន​ដល់​បិទផ្លូវ ២១៧ កាលពី​ថ្ងៃ​ទី​ ៥ មករា ឆ្នាំ​ ២០១៩ ​ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ថ្លែង​ថា​ករណី​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​ក្រុមហ៊ុន​តែងតែ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់ និង​បញ្ឈប់​កម្មករ​ពី​ការងារ​នៅ​ពេល​ពួកគាត់​ព្យាយាម​តវ៉ា និង​ទាមទារ​លក្ខខណ្ឌ​ការងារ​ផ្សេងៗ​។

លោក​ថា បើ​សិនជា​និយោជក​នៅ​តែ​បន្ត​ប្រើប្រាស់​មធ្យោបាយ​តុលាការ​បែប​នេះ​នឹង​ធ្វើឲ្យ​បាត់បង់​សិទ្ធិ​របស់​កម្មករ ហើយ​ចរន្ត​នៃ​ការតវ៉ា​របស់​កម្មករ​នឹង​មាន​សម្ទុះ​កើនឡើង ព្រោះ​តែ​បញ្ហា​កម្មករ​មិន​ត្រូវ​បាន​ដោះស្រាយ​។ ដូច្នេះ​លោក​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ​គួរ​មាន​វិធានការ និង​ស្វែងរក​ដំណោះស្រាយ​សមរម្យ​សម្រាប់​កម្មករ​។

«​យើង​ឃើញ​ហើយ​កម្មករ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ផ្តល់​ប្រាក់​បំណាច់​ឲ្យ​គាត់​ហើយ​នៅពេល​ដែល​គាត់​ទាមទារ​មិន​ទាន់​ទាំង​ទទួល​បាន​ដំណោះស្រាយ​ផង បែរ​ជា​គាត់​រងបន្ទុក​ក្នុង​ការ​បញ្ឈប់​ពី​ការងារ​ទៀត​។ អ៊ីចឹង​មាន​ន័យ​ថា​ទុក្ខ​លើ​ទុក្ខ ដែល​ខ្ញុំ​គិត​ថា​ជម្រើស​មាន​តែ​គូភាគី​ទាំងអស់​អាច​ចូល​ក្នុង​តុ​ចរចា​ដើម្បី​ស្វែងរក​ចំណុច​រួម​មួយ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នៅក្នុង​ការបញ្ចប់​ការងារ​កម្មករ​អ៊ីចឹង​ទេ​»​។

បើ​តាម​កំណត់ហេតុ​អនុវត្តន៍​ដីកា​សម្រេច​ចាត់ចែង​បណ្តោះអាសន្ន​ចុះ​ថ្ងៃទី​ ២ ខែ​មករា ឆ្នាំ ២០១៩ ដែល​ឃើញ​បិទ​នៅ​មុខ​ទ្វារ​រោងចក្រ W&D កាលពី​ម្សិលមិញ​ដែល​មាន ២ ​ចំណុច​ត្រង់​ចំណុច​ទី​ ១ បាន​សរសេរ​ថា​បង្គាប់​ឲ្យ​បុគ្គលិក​កម្មករ​និយោជិត​ដែល​កំពុង​ចូលរួម​ធ្វើ​កូដកម្ម​នៅ​ក្រុមហ៊ុន W&D ឲ្យ​ចូល​ធ្វើ​ការងារ​ដូច​ដើម​វិញ​ជាធម្មតា​ដោយ​ទៀងទាត់​តាម​វេន​តាម​ក្រុម ស្រប​តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​ក្នុង​រយៈពេល​ ៤៨ ​ម៉ោង​គិត​ចាប់​ពី​ថ្ងៃ​ចេញ​ដីកា​សម្រេច​នេះ​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​មាត្រា​ ៣៣៧ នៃ​ច្បាប់​ស្តីពី​ការងារ​ជា​បណ្តោះអាសន្ន​រហូត​ដល់​រឿង​អង្គសេចក្តី​ត្រូវ​បាន​តុលាការ​ដោះស្រាយ​ចប់​ជា​ស្ថាពរ​៕