កណ្តាលៈ កម្មកររោងចក្រកាត់ដេរប្រមាណ ១ ពាន់នាក់នៅ ខេត្ត កណ្តាល បានធ្វើកូដកម្មកាលពីថ្ងៃសៅរ៍ បន្ទាប់ពីគណៈគ្រប់គ្រងបានបណ្តេញកម្មករ ៨ នាក់ដែលបានព្យាយាមបង្កើតសហជីពថ្មីមួយ។
ប្រធានសហជីពឯករាជ្យ សម្រាប់សាមគ្គីកម្មករ លោក ម៉ៃ ប៊ុនហៃ បានថ្លែងថា គណៈគ្រប់គ្រងនៅក្នុងក្រុមហ៊ុន Sixplus Industry ដើមឡើយបានបណ្តេញសមាជិកសហជីព ៨ នាក់ កាលពីរសៀលថ្ងៃសុក្រ ប៉ុន្តែក្រោយមកទៀតនៅល្ងាចថ្ងៃដដែល បាននិយាយថា ពួកគេ បានអនុញ្ញាតឲ្យកម្មករ ៥នាក់ ក្នុងចំណោមអ្នកទាំង ៨ ត្រឡប់មកធ្វើការវិញ។ លោក ប៊ុនហៃ បានថ្លែងកាលពីថ្ងៃម្សិលមិញថា៖ «ពួកគេបានប្រាប់ខ្ញុំថា ពួកគេនឹងអនុញ្ញាតឲ្យយើងបង្កើតសហជីពថ្មីមួយនៅក្នុងក្រុមហ៊ុន ប្រសិនបើយើងធ្វើទៅតាមបំណងប្រាថ្នារបស់ពួកគេ ប៉ុន្តែខ្ញុំបានបដិសេធហើយពួកគេបានបណ្តេញយើងចេញភ្លាម»។
រោងចក្រ Sixplus មានកម្មករសរុបប្រមាណ ១៥០០ នាក់ ដែលបច្ចុប្បន្នមានសហជីពចំនួនពីរគឺសហជីពសេរីកម្មករ និងសហជីពកូនខ្មែរ។ លោក Bun Hai បានបញ្ជាក់ថា កម្មករជិត ៨០០ នាក់ បានផ្តិតមេដៃលើញ្ញតិ្តមួយទាមទារឲ្យភាគីរោងចក្រដាក់បញ្ចូលសមាជិកសហជីពដែលគេបណ្តេញចេញឲ្យចូលធ្វើការវិញ។
ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោក មឿន តុលា បានថ្លែងថា ការបណ្តេញចេញនេះ គឺជាការរំលោភយ៉ាងច្បាស់លើច្បាប់ការងាររបស់កម្ពុជា។
មន្ត្រីតំណាងរោងចក្រ Sixplus មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ៕ NR