កណ្ដាលៈ ក្រុមកម្មករជាង ១០០ នាក់ក្នុងចំណោម ៣០០ នាក់ដែលកំពុងបម្រើការនៅក្នុងរោងចក្រ Prestige Garment Co., LTD ស្ថិតនៅក្នុងឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាដោយមិនចូលធ្វើការចាប់តាំងពីថ្ងៃចន្ទ ទី ២៤ ខែធ្នូ រហូតមកដល់ថ្ងៃម្សិលមិញ ក្រោយពីរោងចក្របណ្ដេញតំណាងរបស់ពួកគេម្នាក់ ព្រោះតែបានដាក់ពាក្យស្នើសុំចុះបញ្ជីសហជីពនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។
យោងតាមឯកសារដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក ហួន សុវ៉ិត បានដាក់ពាក្យស្នើសុំចុះបញ្ជីសហជីពមូលដ្ឋានទៅមន្ទីរការងារកាលពីថ្ងៃ ២១ ខែធ្នូ ក្រោយពីកម្មករបោះឆ្នោតឲ្យជាប់ជាតំណាងពួកគេកាលពីថ្ងៃទី ២០ ខែធ្នូ ដើម្បីការពារសិទិ្ធកម្មករនៅក្នុងរោងចក្រ។
លោក ហួន សុវ៉ិត បានឲ្យដឹងថាលោកបានចាប់ផ្តើមធ្វើការក្នុងរោងចក្រនេះចាប់តាំងពីខែឧសភាឆ្នាំ ២០១៨ ដោយមានកិច្ចសន្យា ៣ ខែម្តង តែរោងចក្របានបញ្ឈប់ការងាររបស់លោកនៅថ្ងៃទី ២២ ខែធ្នូ ២ ថ្ងៃមុនកិច្ចសន្យាផុតកំណត់។
លោក សុវ៉ិត ថ្លែងថា៖ «បច្ចុប្បន្នរោងចក្រនេះពុំមានសហជីពទេ ទើបខ្ញុំបានចាប់ផ្តើមរៀបចំឯកសារ ហើយដោយសារតែគេបានដឹងថា ខ្ញុំបានរៀបចំឯកសារចុះបញ្ជីសហជីពទើបគេបណ្តេញខ្ញុំចេញ ខ្ញុំបានសួររកមូលហេតុថា តើខ្ញុំបានធ្វើអ្វីខុសទើបបានជាបណ្តេញខ្ញុំចេញ គេថាអត់មានមូលហេតុអ្វីទេ»។
លោកថ្លែងថា នៅក្នុរោងចក្រនេះកម្មកររងការគាបសង្កត់ ហើយរោងចក្រនេះមិនទាន់ចូលជាសមាជិក ប.ស.ស ទេដូច្នេះយើងបានជំរុញឲ្យគាត់ចូលជាសមាជិក ប.ស.ស ដើម្បីឲ្យកម្មករទទួលបានអត្ថប្រយោជន៍»។
អ្នកស្រី ស៊ិន រស្មី អាយុ ៣៣ ឆ្នាំបានចូលធ្វើការរោងចក្រនេះតាំងពីខែ ៨ បានចូលរួមធ្វើកូដកម្មនៅពីមុខរោងចក្របានថ្លែងឲ្យដឹងថា ការតវ៉ានេះមានគោលបំណងសុំឲ្យខាងរោងចក្រទទួលយកតំណាងរបស់កម្មករឲ្យចូលធ្វើការងារវិញ និងសម្រួលលក្ខខណ្ឌការងារក្នុងរោងចក្រឲ្យមានភាពប្រសើរឡើង។
អ្នកស្រីបញ្ជាក់៖ «កូនខ្ញុំឈឺអត់ឲ្យខ្ញុំឈប់ទេ ប្រាប់ថាវាជារឿងគ្រួសារដល់អ៊ីចឹងខ្ញុំបានសុំឲ្យគាត់ជាតំណាងជួយសុំច្បាប់ឲ្យខ្ញុំ ហើយគេក៏បានអនុញ្ញាត»។
អ្នកតវ៉ាម្នាក់ទៀតអ្នកស្រី រឿន ស្រីម៉ុចអាយុ ៣១ ឆ្នាំបានអះអាងថា៖ «យើងអត់ថែមម៉ោង ដល់ម៉ោង ៦ គេហៅទៅស្តីឲ្យ ពេលខ្ញុំសុំច្បាប់ថា ឈឺ គេប្រាប់ថា អត់ខ្វល់បើទោះបីជាយើងមានសំបុត្រពេទ្យក៏គេកាត់លុយយើងដែរ ដូច្នេះលោក ហួន សុវ៉ិត ជាអ្នកតំណាងដែលកម្មករបានបោះឆ្នោតជ្រើសរើសឲ្យជួយដោះស្រាយបញ្ហា ដូច្នេះខ្ញុំសំណូមពរឲ្យរោងចក្រយល់ព្រមទទួលយកគាត់ចូលធ្វើការវិញបើមិនអ៊ីចឹងទេយើងមិនព្រមចូលធ្វើការទេ»។
កម្មករ ១ រូបទៀតអ្នកស្រី ព្រំ ចន្ទ្រា អាយុ ៣១ ឆ្នាំបាននិយាយថា៖ «យើងយល់ព្រមឲ្យកម្មករមានសហជីព និងអ្នកតំណាងកម្មករ និងឆាប់បានក្លាយជាសមាជិក ប.ស.ស»។
លោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាលបានថ្លែងកាលពីម្សិលមិញថា ខាងមន្ទីរមិនទាន់ទទួលបានព័ត៌មានទាក់ទងរឿងការតវ៉ារបស់កម្មករនៅឡើយទេ។
លោកថា៖ «ប៉ុន្តែស្អែក (ថ្ងៃទី ២៦) ហ្នឹងខ្ញុំ និងមន្ត្រីរបស់ខ្ញុំចុះទៅហើយ។ កម្មករគាត់អាចដាក់បណ្តឹងមកយើងមក ចំណុចអ្វីខ្លះដែលគាត់ចង់ប្តឹង យើងនឹងដោះស្រាយជូនគាត់តាមរយៈច្បាប់ការងារ យើងនឹងធ្វើការស៊ើបអង្កេតទៅលើចំណុចដែលកម្មករបានលើកឡើង»។
កងសន្តិសុខរោងចក្របានរារាំងមិនឲ្យភ្នំពេញប៉ុស្តិ៍ចូលជួបតំណាងរោងចក្រនោះទេ។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការ និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC រួមទាំងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញចំពោះរឿងតវ៉ារបស់កម្មករនេះ៕