កំពង់ឆ្នាំងៈ យ៉ាងហោច​ណាស់​កម្មករ ១៧ នាក់​បាន​រងរបួស​ធ្ងន់​ និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៤៦ ​និង​ ៤៧ ​ស្ថិតក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។

លោក សេង ចិន្តា អធិការ​ស្រុក​សាមគ្គី​មានជ័យ​ថ្លែង​ពី​ម្សិលមិញ​ថា កម្មករ​ដែល​រងរបួស​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ចំនួន​ ១៧ ​នាក់​គឺ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​ ៤ ​ផ្សេង​គ្នា​នៅក្នុង​ស្រុក​កំពង់ត្រឡាច​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​កម្មករ​ដែល​រងរបួស​ទាំង​ ១៧ ​នាក់​នោះ មាន​ ៣ ​នាក់​រងរបួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​។ ចំណែក​ ១៤ ​នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច និង​គ្លីនិក​ តែ វណ្ណា ក្នុង​ស្រុក​កំពង់ត្រឡាច​»​។

លោក​បន្ថែមថា​៖ «​តាម​ការបញ្ជាក់​ពី​កម្មករ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​តែ​អ្នកបើកបរ​បាន​បួង​ចង្កូតរថយន្ត ដើម្បី​គេច​ពី​ម៉ូតូ​ ១ គ្រឿង​ដែល​បើក​បញ្ច្រាស​ទិស​គ្នា ហើយ​បាន​រអិល​ធ្លាក់​ពី​ចំណោត​ផ្លូវ​បណ្ដាល​ឲ្យ​កម្មករ​ ១៧ ​នាក់​ក្នុង​ចំណោម​ ៦០ ​នាក់​នៅលើ​រថយន្ត​នោះ រអិល​ធ្លាក់​រងរបួស​ធ្ងន់ និង​ស្រាល​»​។

អ្នកស្រី ធី គន្ធា នាយក​រដ្ឋបាល​រោងចក្រ Horizon Out-door (Cambodia) Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​ចុះសាកសួរ​សុខទុក្ខ​កម្មករ​រងគ្រោះ​ដល់​មន្ទីរពេទ្យ​រួចមក​ខាង​រោងចក្រ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ទាំងនោះ ឈប់សម្រាក​ ១ ​ថ្ងៃ ដើម្បី​ព្យាបាល​របួស​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ពួកគាត់​មាន​របួសស្រាល​ទេ ប៉ុន្តែ​ពួកគាត់​នៅ​មាន​ភាព​តក់ស្លុត​ក្នុង​អារម្មណ៍​នៅឡើយ ដូច្នេះ​ខាង​ភាគី​រោងចក្រ​យើង បាន​សម្រេច​អនុញ្ញាត​ឲ្យ​ពួកគាត់​បាន​ឈប់សម្រាក​ ១ ​ថ្ងៃ​ទៀត​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ពួកគាត់​ឡើយ​»៕