The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​ ២ ​នាក់​បងប្អូន​បាន​ស្លាប់​ក្នុង​អណ្តូងរ៉ែ​មាស​ ក្រុមហ៊ុន​ឥណ្ឌា

កម្មករ​ ២ ​នាក់​បងប្អូន​បាន​ស្លាប់​ក្នុង​អណ្តូងរ៉ែ​មាស​ ក្រុមហ៊ុន​ឥណ្ឌា

Content image - Phnom Penh Post
អណ្តូងរ៉ែ​មាស​របស់​ក្រុមហ៊ុន​ឥណ្ឌា​ធ្វើឲ្យ​កម្មករ​ស្លាប់​។ រូបថត សហការី

កម្មករ​ ២ ​នាក់​បងប្អូន​បាន​ស្លាប់​ក្នុង​អណ្តូងរ៉ែ​មាស​ ក្រុមហ៊ុន​ឥណ្ឌា

រតនគិរីៈ កម្មករ​អណ្តូងរ៉ែ​មាស​ ២ ​នាក់​បងប្អូន​បាន​ស្លាប់​ក្នុង​អណ្តូងរ៉ែ​មាស​របស់​ក្រុមហ៊ុន​ឥណ្ឌា​ក្នុង​ខេត្ត​រតនគិរី​ដោយសារ​ដាច់​ប្រដាប់​យោង​ពេល​ជិះ​ឡើង​មក​លើ​ពេល​ជិត​ដល់​ម៉ោង​សម្រាក​ថ្ងៃត្រង់​កាលពី​ថ្ងៃ​សុក្រ​។

លោក សេន វឿន នាយប៉ុស្តិ៍​យ៉ាទុង ស្រុក​អូរយ៉ាដាវ បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទឹកដី​ភូមិ​ពាក់​ដែល​មាន​អណ្តូងរ៉ែ​មាស​មួយ​របស់​ក្រុមហ៊ុន​ឥណ្ឌា​ឈ្មោះ នេស្តូហ្គោល (Nesco Gold) កាលពី​ថ្ងៃ​សុក្រ​នៅ​ពេល​ដែល​កម្មករ​សម្រាក​ហូបបាយ​ថ្ងៃត្រង់​។

លោក​ថ្លែង​ថា​ កម្មករ​ដែល​ស្លាប់​គឺជា​បងប្អូន​​បង្កើត​មាន​ឈ្មោះ ឆក សារុំ អាយុ​ ២០ ​ឆ្នាំ និង​ឈ្មោះ ឆក សារិទ្ធ អាយុ​ ១៧ ​ឆ្នាំ​ជា​អ្នក​ភូមិ​កប្បា ឃុំ​មេមង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ហើយ​ពួកគេ​ទើប​តែ​មក​ធ្វើការ​បាន​ប្រហែល​មួយ​សប្តាហ៍​។

លោក​ថ្លែង​ថា​៖ «​ជិត​ដល់​ម៉ោង​សម្រាក​ហ្នឹង​គាត់​ឡើង​មក​លើ​។ អារ៉ត​ហ្នឹង​ខា​ឡើង​គាត់​នៅ​ក្នុង​កន្ត្រក​រ៉ត​ហើយ​ពេល​នោះ​វា​ដាច់​ធ្លាក់​ចុះ​ប្រហែល​ជាង​ ១០ ​ម៉ែត្រ​។ គាត់​ជិះ​លើ​រ៉ត​ហ្នឹង​តែ​ ២ ​នាក់​ទេ​។ វា​ដាច់​កាប​ដាច់​កន្លែង​ទឹកបន្សារ​។ បន្ទាប់​មក​ខាង​ក្រុមហ៊ុន​បាន​តេ​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​ជាមួយ​មេឃុំ​។ មាន​កម្មករ​នៅក្នុង​ហ្នឹង​ផង និង​ឥណ្ឌា​ ២ ​នាក់​។ យើង​ចាប់​ចង​អាកាប​ហ្នឹង​ឡើង​វិញ ហើយ​យោង​សាកសព​ឡើង​មក​»​។

លោក​បញ្ជាក់​ថា ​ក្រុមហ៊ុន​របស់​ឥណ្ឌា​នេះ​មាន​កម្មករ​ឥណ្ឌា ២ ​នាក់ និង​ខ្មែរ​ ៤ ​នាក់​បូករួម​ទាំង​អ្នក​ស្លាប់​ ២ ​នាក់​។ ចំពោះ​ជនរងគ្រោះ ឆក សារិទ្ធ អាយុ​ ១៧ ​ឆ្នាំ​លោក សេន វឿន ថ្លែង​ថា​តាម​ច្បាប់​ការ​ជួល​កម្មករ​ក្រោម​អាយុ​មក​ធ្វើការ​បែប​នេះ​ជា​រឿង​ខុស​ច្បាប់​។

លោក ហ៊ុន ប៊ុនថាន ប្រធាន​មន្ទីររ៉ែ និង​ថាមពល​ខេត្ត​រតនគិរី​បាន​ថ្លែង​ថា ក្រុមហ៊ុន​ឥណ្ឌា Nesco Gold នេះ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ហើយ​បាន​ដំណើរការ​រុករក​រ៉ែ​ក្នុង​ទីតាំង​ខាង​លើ​ក្នុង​ឆ្នាំ ២០១៧ ​នេះ​។

លោក​ថ្លែង​ថា​៖ «​ហើយ​បន្ត​ទៅ​ទៀត​យើង​តាមដាន​នឹង​ស៊ើបអង្កេត​ពី​សុវត្ថិភាព​ការងារ​តែ​ប៉ុណ្ណឹង​ទេ​»​។

លោក​បន្ត​ថា​ មាន​ការ​ទទួល​ខុសត្រូវ ២ ​ផ្នែក​គឺ​ទី​មួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប.ស.ស​) ទទួល​ខុស​ត្រូវ​ធ្វើ​បុណ្យ និង​ចិញ្ចឹម​ម្តាយ​ជនរងគ្រោះ​អស់​មួយ​ជីវិត​ដោយ​ជំហាន​ដំបូង​ខាង ប.ស.ស បាន​ចំណាយ ១ ​ពាន់​ដុល្លារ​ដើម្បី​ដឹក​ជញ្ជូន​សព​។ «​ជា​គោលការណ៍​របស់​ក្រុមហ៊ុន​ឯកភាព​ឧត្ថម្ភ​សព​មួយ​ប្រាំ​ពាន់​ដុល្លារ ដូច្នេះ​សព​ពីរ​គឺ​មួយ​ម៉ឺន​ដុល្លារ​។ តែ​យើង​អត់​ទាន់​ចាប់​ការងារ​ទេ ថ្ងៃ​ចន្ទ​យើង​ធ្វើ​ការងារ​បន្ត​»​។

លោក ម៉េង សក្តិធារ៉ា រដ្ឋ​លេខាធិការ​​ក្រសួង​រ៉ែ​និង​​ថាមពល​​បាន​​ថ្លែង​​ថា តាម​​របាយការណ៍​​ដែល​​លោក​​ទទួល​​បាន ឧប្បត្តិហេតុ​​​នេះ​​កើត​ឡើង​​ដោយសារ​​តែ​​កម្មករ​​ជិះ​​លើ​​កន្ត្រក​​សម្រាប់​​ដាក់​​ថ្ម។ លោក​​ថ្លែង​​ថា បើ​សិន​​​ជា​​ព័ត៌មាន​​នេះ​​ជា​​ការ​​ពិត ការ​​ធ្វើ​​ដូច្នេះ ​គឺ​​ខុស​​ពី​គោល​ការណ៍​​សុវត្ថិភាព​​របស់​​ក្រុមហ៊ុន។

តំណាង​ក្រុមហ៊ុន Nesco Gold លោក Rajeev Moudgil បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​លោក​មាន​គោលការណ៍​សុវត្ថិភាព​ត្រឹមត្រូវ ប៉ុន្តែ​កម្មករ​ទាំង​ពីរ​មិន​បាន​គោរព​តាម​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​។ ចំពោះ​អាយុ ១៧ ឆ្នាំ​របស់​កម្មករ​វិញ​លោក​បាន​ថ្លែង​ថា​ជនរងគ្រោះ​បាន​ប្រាប់​ក្រុមហ៊ុន​ថា​គេ​មាន​អាយុ​ ១៩ ​ឆ្នាំ​៕

អត្ថបទគួរចាប់អារម្មណ៍