ភ្នំពេញៈ បុរស​ ២ ​នាក់ ​បាន​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្ដុក​ទំនិញ​មួយកន្លែង​របស់​ក្រុមហ៊ុន ឡុង ភឿង ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ទួលស្វាយព្រៃ ​១ ខណ្ឌ​បឹងកេងកង​កាលពី​ព្រឹក​ថ្ងៃទី​ ២៩ ខែ មករា ឆ្នាំ​ ២០២១​។ នេះ​បើតាម​សម្ដី​មន្ត្រី​កង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។

លោក ព្រំ យ៉ត ប្រធាន​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមមន្ត្រី​ជំនាញ​បាន​ប្រទះឃើញ​បុរស​ជា​កម្មករ​ ២ ​នាក់​ ដែល​ម្នាក់​ឈ្មោះ​ សយ ដារ៉ា អាយុ​ ២៧ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ វ័ន្ត អាយុ​ ៣២ ​ឆ្នាំ បាន​ស្លាប់នៅក្រោម​គំនរ​ភ្នក់ភ្លើង​។

លោក យ៉ន ថ្លែងថា​៖ «​តាម​ការសន្និដ្ឋាន​ក្នុង​ជំហាន​បឋម ការស្លាប់​របស់​ជនរងគ្រោះ​ទាំង​ ២ អាច​បណ្ដាល​មកពី​ដេក​លង់លក់​ក្នុង​ដំណេក ហើយ​ពុល​ ឬ​ឈ្លក់​ផ្សែងភ្លើង​ក្រោយពេល​មាន​អគ្គិភ័យ​កើតឡើង​នា​យប់នោះ ព្រោះ​ទំនិញ​ទាំងអស់​ផលិត​ចេញពី​ជ័រ​ប្លាស្ទិក​»​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ​បាន​អះអាងថា មុនពេល​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញ​មកក្រៅ ពួកគេ​បាន​ធំក្លិន​ឈ្ងៀម​ខ្លាំង បន្ទាប់មក​ក៏មាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ​នោះ ហើយ​ក៏មាន​សំឡេង​ផ្ទុះ​កើតឡើង​។ ទោះជា​យ៉ាងណា​ក៏ដោយ រហូត​មក​ទល់​ពេលនេះ ក្រុមមន្ត្រី​ជំនាញ​នៅ​ពុំទាន់​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​ដែលនាំឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ​។

លោក យ៉ន ថ្លែងថា​៖ «​នៅពេល​នេះ មន្ត្រី​ជំនាញ​យើង​កំពុង​ពិនិត្យ អង្កេត​បន្ថែមទៀត​លើ​ករណីនេះ​»​។ យោងតាម​របាយការណ៍​ពី​មន្ត្រីនគរបាល​អគ្គិភ័យ​បាន​ឱ្យ​ដឹងថា ទំនិញ​ប្រមាណ​ ៩០ ​ភាគរយ​នៅក្នុង​ឃ្លាំង​បាន​ខូចខាត និង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​ចំនួន​ ៣ ​ល្វែង​។ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ៤៥ ​គ្រឿងក្នុង​ការជួយ​សង្គ្រោះ​៕