កំពង់ឆ្នាំង៖ កម្មករ-កម្មការិនី ២ នាក់របួសធ្ងន់ និង ៤៥ នាក់របួសស្រាល នៅថ្ងៃទី ១៣ ខែឧសភា ក្រោយរថយន្តមួយគ្រឿងបានបើកធ្លាក់ផ្លូវទៅបុកដើមត្នោតមួយដើម ពេលដែលកំពុងបើកបររថយន្តដឹកកម្មករចេញពីភូមិឆ្ពោះទៅកាន់កន្លែងការងារនៅរោងចក្រ។
លោក ឈឹម សារុន ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ប្រាប់នៅថ្ងៃទី ១៣ ឧសភាថា កន្លែងកើតហេតុស្ថិតនៅក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យបុរសម្នាក់សន្លប់ និងនារីម្នាក់បាក់ភ្លៅខាងឆ្វេង។
លោកថ្លែងថា៖ «ពេលកើតហេតុភ្លាមៗនោះ សំខាន់គឺយើងដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យសិន។ ចំណែកឈ្មោះយើងស្រង់យកពេលក្រោយបានទេ»។
លោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យបានថ្លែងដោយយោងតាមសម្តីអ្នករងរបួសថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយដឹកកម្មករ-កម្មការិនីទាំងអស់ ៤៧ នាក់។ មុនកើតហេតុអ្នកបើករថយន្តឈ្មោះ ឈឿន ឆុន បានបើករថយន្តដើរប្រមូលកម្មករ-កម្មការិនីនៅតាមភូមិ ដើម្បីដឹកយកទៅធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យដូចសព្វដង។
លុះពេលប្រមូលកម្មករ-កម្មការិនីអស់ហើយ តៃកុងក៏បើករថយន្តចេញពីផ្លូវគ្រួសក្រហមក្នុងភូមិឡើងមកផ្លូវកៅស៊ូក្នុងខេត្ត។ ពេលនោះរថយន្តមានល្បឿនលឿន និងដោយស្ថានភាពផ្លូវកោងបន្តិចផងក៏រេចង្កូតធ្លាក់ផ្លូវហើយក៏ជ្រុលទៅបុកដើមត្នោតពេញទំហឹងតែម្តង។
តាមសាក្សីនៅកន្លែងកើតហេតុថា បន្ទាប់ពីរថយន្តបុកដើមត្នោត ១ ដើមនោះមក គេបានឮសូរសំឡេងស្រែកចេញពីក្នុងរថយន្តហើយប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនោះបាននាំគ្នាទៅជួយ និងរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ឃុំស្វាយ ដើម្បីសុំអន្តរាគមន៍។
ក្រោយពីទទួលបានការសុំអន្តរាគមន៍ពីប្រជាពលរដ្ឋមក លោកបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ និងចាត់ចែងដឹកអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យបង្អែកស្រុកសាមគ្គីមានជ័យ ដើម្បីសង្គ្រោះបន្ទាន់។
លោកថ្លែងថា៖ «ចំណែកអ្នកនៅសល់ ៤៥ នាក់ គឺគ្រាន់តែរលាត់ដៃរលាត់ជើង និងគ្រេចដៃជើងតិចតួចខ្លះក៏ទៅពេទ្យខ្លះក៏ទៅផ្ទះរៀងៗខ្លួនទៅ»។
លោក ចិន្តា បញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តបង្កនោះបានរត់គេចខ្លួន ក្រោយកើតហេតុ។ ប៉ុន្តែលោកកំពុងតាមរកមកវិញ ដើម្បីឱ្យចូលខ្លួនឱ្យទទួលខុសត្រូវដល់ជនរងគ្រោះតាមច្បាប់៕